សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសភូមានៅឆ្នាំ១៩៩៧ដោយសារការជិះជាន់សង្កត់សង្កិនរបស់ក្រុមប្រឹក្សាយោធាទៅលើគណបក្សប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយការដាក់ទណ្ឌកម្មជាច្រើនបន្ទាប់ពីការធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យមក។
ដោយការបន្ធូរបន្ថយការដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុបន្ថែមទៀត ដែលត្រូវប្រកាសកាលពីខែឧសភា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មើលឃើញសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងអ្វីដែលជាប្រទេសដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលសម្បូរដោយធនធានធម្មជាតិ និងដីដែលអាចដាំដំណាំបាន ក៏ប៉ុន្តែធនាគារពិភពលោក បានប្រាប់ឲ្យដឹងថា ពលរដ្ឋតែ១ភាគ៣ មានភ្លើងអគ្គិសនីប្រើប្រាស់។
លោក Charles Rivkin ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មបានប្រាប់ VOA នៅក្នុងកិច្ចសម្ភាសន៍មួយថា «ការជាប់ឆ្នោតចូលកាន់អំណាចរបស់លោកស្រី អង់ សានស៊ូជី និងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងនោះជិត៨០ភាគរយ បានផ្តល់ឱកាសថ្មីនាំឲ្យមានការចាប់ផ្តើមសករាជថ្មីមួយជាមួយពាណិជ្ជករអាមេរិកាំងហើយនិងការភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក»។
លោក Rivkin នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅកាន់ប្រទេសភូមាដើម្បីសម្របសម្រួលចំណងទាក់ទងខាងសេដ្ឋកិច្ចរវាងប្រទេសទាំង២នៅសប្តាហ៍ក្រោយ។
ក្នុងចំណោមក្រុមហ៊ុនល្បីៗដែលចូលរួមមាន ក្រុមហ៊ុន IBM ក្រុមហ៊ុន GE ក្រុម៊ហុន GM ក្រុមហ៊ុន Chevrolet ក្រុមហ៊ុន Deloitte និងក្រុមហ៊ុនភេសជ្ជៈកូកា កូឡា។ ទស្សនកិច្ចផ្សព្វផ្សាយអំពីការច្នៃប្រឌិត «Innovation Roadshow» ជាកិច្ចផ្តួចផ្តើមដោយរដ្ឋបាលរបស់លោកអូបាម៉ាដើម្បីទាក់ទងជាមួយសហគ្រិនអាស៊ីដើម្បីពង្រឹងចំណងទាក់ទងជាមួយក្រុមហ៊ុនឆ្នៃប្រឌិតសហរដ្ឋអាមេរិក ហើយនិងលើកទឹកចិត្តរដ្ឋាភិបាលនានានៅក្នុងទ្វីបអាស៊ីឲ្យអភិវឌ្ឍបទបញ្ញត្តិដែលធ្វើឲ្យប្រសើរឡើងនូវការឆ្នៃប្រឌិត ទាក់ទាញពួកវិនិយោគទុន ហើយនឹងបង្កើតការងារ។
គណៈប្រតិភូពាណិជ្ជកម្មដែលដឹកនាំដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកើតមានឡើងបន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកកាលពីខែកក្កដាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងសន្យាផ្តល់ជំនួយជាប្រាក់២១លានដុល្លារដើម្បីសម្រួលការកសាងសមត្ថភាពរយៈពេលយូរសម្រាប់ប្រទេសភូមា។
លោក Ben Rhodes ទីប្រឹក្សាសន្តិសុខរងរបស់សេតវិមានដែលបានទៅបំពេញទស្សនកិច្ចប្រទេសភូមាកាលពីខែកក្កដា បានមានប្រសាសន៍ថា ជំនួយថ្មីនេះ នឹងជួយធ្វើឲ្យមានការរីកលូតលាស់សេដ្ឋកិច្ចរបស់ភូមា ដោយមានគោលបំណងបង្កើនការនាំចេញទំនិញកើនឡើង៣ដងនៅក្នុងរយៈពេល៥ឆ្នាំ ហើយនិងជួយធ្វើឲ្យជឿនលឿនផ្នែកកសិកម្មដែលនឹងក្លាយជាកម្លាំងមួយដើម្បីបង្កើតការងារនៅក្នុងរយៈពេល១០ឆ្នាំបន្ទាប់ទៀត។
ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចត្រូវគេរំពឹងនឹងជួយភូមាក្នុងការធ្វើកំណែទម្រង់ខាងនយោបាយនិងការរីកលូតលាស់សេដ្ឋកិច្ចរបស់ខ្លួនហើយនិងសម្របសម្រួលពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសនោះ។
លោកRivkinបានមានប្រសាសន៍ថា «គោលនយោបាយសេដ្ឋកិច្ចជាគោលនយោបាយការបរទេស។ បច្ចុប្បន្ននេះ ភូមាមានសេដ្ឋកិច្ចដែលមានទឹកប្រាក់៦៣ពាន់លានដុល្លារ ក៏ប៉ុន្តែ អស់លោក អ្នក អាចនឹងស្រមៃពីសក្តានុពលរបស់ប្រទេសនោះប្រសិនបើ ភូមាចាប់ផ្តើមក្លាយជាមជ្ឈមណ្ឌលមួយនៅក្នុងតំបន់ដែលមានការរីកលូតលាស់ជឿនលឿនបំផុតនៅលើផែនដី»។
កាលពីខែមិថុនា សាជីវកម្មវិនិយោគទុនឯកជនឯនាយសមុទ្រ ឬ (OPIC)ដែលជាវិទ្យាស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានចាប់ផ្តើមកិច្ចប្រតិបត្តិការនៅក្នុងប្រទេសភូមាដោយផ្តល់ប្រាក់កម្ចី២៥០លានដុល្លារដល់ក្រុមហ៊ុនទូរគមនាគមន៍មួយដែលមានទីតាំងនៅក្នុងទីក្រុងរ៉ង់ហ្គូន។
ខណៈនោះដែរ ក្រុមហ៊ុន Microsoft នាពេលថ្មីៗនេះ បានចាប់ដៃគូជាមួយក្រុមហ៊ុនកុំព្យូទ័រមីយ៉ាន់ម៉ា ឬ Myanmar Computer Company (MCC) ដើម្បីបណ្តុះបណ្តាលមនុស្ស១សែននាក់នៅភូមាដោយប្រើជំនាញ IT។
នៅពេលមានការវិនិយោគទុនរបស់អាមេរិកនៅក្នុងភូមាក្រោយពីការបន្ធូរបន្ថយការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចមក ពួកអ្នករិះគន់ យល់ថា បក្សពួកជិតស្និទ្ធដែលដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងពួកយោធាដែលស្ថិតក្នុងចំណោមអ្នកដែលបានទទួលអត្ថប្រយោជន៍យ៉ាងច្រើន។
សហរដ្ឋអាមេរិក បាននិយាយថា គន្លឹះដើម្បីលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលនៅសេសសល់ នឹងអាស្រ័យលើភូមាធ្វើឲ្យជឿនលឿនដល់ដំណើរការឆ្ពោះទៅកាន់ការធ្វើកំណែទម្រង់កាន់តែច្រើនឡើងថែមទៀត ហើយនិងការជឿនលឿននៅក្នុងការកាត់បន្ថយឥទ្ធិពលរបស់ពួកយោធានៅក្នុងប្រព័ន្ធនយោបាយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន