ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​​​ពេល​លោកស្រី Pelosi ចាកចេញ​​​ពី​​តៃវ៉ាន់ ចិន​បាន​បាញ់​មីស៊ីល​​ធ្លាក់​ជិត​ឆ្នេរ​សមុទ្រ​​របស់​កោះ​នេះ


រូបភាព​ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​វីដេអូ​នេះ បង្ហាញ​ពី​គ្រាប់​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​ទីតាំង​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​នៅ​ក្នុង​ប្រទេស​ចិន ថ្ងៃទី ៤​ ខែសីហា ឆ្នាំ២០២២។
រូបភាព​ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​វីដេអូ​នេះ បង្ហាញ​ពី​គ្រាប់​មីស៊ីល​ដែល​ត្រូវ​បាន​បាញ់​ចេញ​ពី​ទីតាំង​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​នៅ​ក្នុង​ប្រទេស​ចិន ថ្ងៃទី ៤​ ខែសីហា ឆ្នាំ២០២២។

ពួក​មន្ត្រី​តៃវ៉ាន់និយាយ​ថាចិន​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីលចំនួន ១១ គ្រាប់​ធ្លាក់​នៅ​ជិតឆ្នេរសមុទ្រ​កោះ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ៤ ខែសីហា ​ដែល​នេះ​គឺ​ជាសមយុទ្ធ​យោធាធំបំផុត​និង​បង្ក​រឿងខ្លាំង​បំផុតដែល​មិន​ធ្លាប់​មាន​ពីមុនក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេសចិន​ម្នាក់​បាន​បន្ទោសសហរដ្ឋ​អាមេរិក​ចំពោះ​ភាព​តានតឹង​នេះ។

ថា​តើស្ថានភាពនេះ​នឹង​ក្លាយ​ជាភាព​ធម្មតា​ថ្មី​ឬបែប​ណា អ្នក​ស្រី​និយាយ​ថា​ការណ៍​នេះ«អាស្រ័យ​លើ​សកម្មភាព​របស់​ភាគីសហរដ្ឋ​អាមេរិក​និង​កម្លាំងទាមទារ​បំបែក​រដ្ឋ​នៃ​ឯករាជ្យ​ភាព​តៃវ៉ាន់»។

រដ្ឋាភិបាលចិនខឹង​សម្បា​ខ្លាំងនឹងទស្សនកិច្ច​នៅ​តៃវ៉ាន់​របស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភា​សហរដ្ឋ​អាមេរិក​ ដែល​ទស្សនកិច្ច​នោះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃពុធ​ ទី៣ ខែ​សីហា។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំងយល់​ឃើញ​ថាដំណើរ​ទស្សនកិច្ច​នេះ​ជាឧបសគ្គមួយ​ដល់ការ​អះអាង​ទាមទារ​របស់​ខ្លួនលើ​កោះ​តៃវ៉ាន់។​

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក លោក​ Antony Blinken ​មានប្រសាសន៍​ថាប្រទេស​ចិនបង្កើន​ភាព​តានតឹង​ដោយ​ចេតនា។ លោក​ថ្លែង​ថា៖ ​

«​ខ្ញុំ​ចង់​គូស​បញ្ជាក់​ថាគោលជំហរ​របស់​យើង​មិនប្រែប្រួល​ទេ ហើយ​ខ្ញុំសង្ឃឹមយ៉ាង​មុតមាំ​ថារដ្ឋាភិបាល​ក្រុង​ប៉េកាំងនឹង​មិន​បង្កើត​វិបត្តិ​ឬ​រក​លេសដើម្បី​បង្កើនសកម្មភាពយោធា​ដ៏​គឃ្លើន​របស់​ខ្លួន​នោះ​ទេ»។

នៅក្នុង​ទីក្រុង​តៃប៉ិ​ ​ការរស់នៅ​មានស្ថានភាព​ដូច​ធម្មតា។ ពលរដ្ឋ​រស់​នៅ​ក្នុងក្រុងនេះ​និយាយថា ​ពួក​គេរស់​នៅ​ជា​មួយ​ការ​គំរាម​កំហែងរបស់​ប្រទេស​ចិន​រាប់​ទសវត្សរ៍​មក​ហើយ។ លោក​ Chen Kuan-Ting ជា​ប្រធាន​ក្រុម​ស្រាវជ្រាវមួយមាន​មូលដ្ឋាន​នៅ​ទីក្រុង​តៃប៉ិ។ លោក​ថ្លែង​ថា៖

«យើង​នឹងបន្ត​ជីវភាពរស់នៅ​របស់​យើង​តាម​ធម្មតា។ ប្រជាជន​តៃវ៉ាន់​ភាគ​ច្រើន​នឹង​បន្តជីវភាព​រស់នៅ​តាម​ធម្មតា​របស់​ពួក​គេ​ត​ទៅ​ទៀត។ នេះគឺ​ជា​វិធី​ដ៏​ល្អបំផុតដើម្បី​ធ្វើ​ឱ្យចិន​អាក់អន់​ចិត្ត​ឬ​ប្រឆាំង​នឹង​ចិន»។

ទោះជា​ចិនអះអាង​ទាមទារ​ថា​កោះតៃវ៉ាន់​ជាផ្នែក​មួយ​របស់ដែនដី​ខ្លួន​ក៏​ដោយ ក៏​ប្រជាជន​ច្រើន​លើសលប់​នៅ​លើ​កោះ​នេះគាំទ្រ​ស្ថាន​ភាព​នៅ​ដដែលលើ​កោះ​នេះ។​ ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​ទៅ​បង្ហាញថា​មាន​ប្រជាជន​តៃវ៉ាន់​តែ ១,៦ ភាគរយ​ប៉ុណ្ណោះ​ដែល​គាំទ្រការបង្រួប​បង្រួម​ជា​មួយ​ប្រទេស​ចិន​ដីគោក៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG