រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដែលជាប្រទេសទីមួយនៃដំណើរទស្សនកិច្ចរបស់លោកចំនួន៥ថ្ងៃ នៅទ្វីបអាស៊ី ដើម្បីពង្រឹងនូវចំណងទាក់ទងជាយុទ្ធសាស្រ្ត ខណៈប្រទេសចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងក្នុងតំបន់នោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Pompeo ត្រូវបានស្វាគមន៍ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌា លោក Kenneth Juster នៅឯព្រលានយន្តហោះក្រុងញូវដែលី។ លោក Pompeo គ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar នៅយប់ថ្ងៃចន្ទ មុនពេលដែលលោក Pompeo និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper នឹងចូលរួមជំនួបកំពូលរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពាជាតិរបស់ឥណ្ឌានៅថ្ងៃអង្គារ។
បន្ទាប់មកនៅថ្ងៃអង្គារនោះដែរ លោក Pompeo និង Esper គ្រោងជួបប្រជុំជាមួយនាយរដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ផងដែរ នេះបើតាមគម្រោងកម្មវិធីនៃដំណើរទស្សនកិច្ច។
អ្នកវិភាគថា ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកនេះ ជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតមួយ ក្នុងការជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យប្រឆាំងនឹងឥទ្ធិពលនយោបាយ និងយោធារបស់ចិន ដែលកំពុងតែមានការកើនឡើងក្នុងទ្វីបអាស៊ី។
ប្រទេសឥណ្ឌា កំពុងប្រឈមជាមួយប្រទេសចិនក្នុងរឿងជម្លោះព្រំដែន ក្នុងតំបន់ភ្នំហិមាល័យ។
លោក Pompeo ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា និងម៉ាល់ឌីវ ដែលជាប្រទេសស្ថិតក្នុងតំបន់មហាសមុទ្រឥណ្ឌាពីរ ដែលប្រទេសចិន បានផ្តល់ថវិកានិងជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទីនោះ ដោយធ្វើឲ្យប្រទេសឥណ្ឌា និងអាមេរិកបារម្ភខ្លាំង។
លោក Pompeo នឹងបញ្ចប់ទស្សនកិច្ចរបស់លោកក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយដែលបារម្ភចំពោះសកម្មភាពចិនកាន់តែខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ៕