ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្រុង​តូក្យូ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​កោត​សរសើរ​វេទិកា Quad ជាមធ្យោបាយ​​មួយ​«ទប់ទល់»​​នឹង​​ចិន


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo (កណ្ដាល) រិះគន់​ខ្លាំងៗ​មក​លើ​ប្រទេស​ចិន អំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​អង្គារ ទី០៦ ខែ​តុលា​កន្លង​ទៅ​នេះ។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo (កណ្ដាល) រិះគន់​ខ្លាំងៗ​មក​លើ​ប្រទេស​ចិន អំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​អង្គារ ទី០៦ ខែ​តុលា​កន្លង​ទៅ​នេះ។

អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​សហរដ្ឋអាមេរិក​បាន​ព្យាយាម ដោយ​ទទួល​បាន​ទាំងលទ្ធផល​វិជ្ជមាន និង​អវិជ្ជមាន​ ដើម្បី​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ឲ្យ​រុញច្រាន​ខ្លាំង​ត្រឡប់​ទៅ​វិញ និង​ដោយ​សាមគ្គីភាព​ប្រឆាំង​នឹង​ចិន។ ​

នា​ពេល​ថ្មីៗ​នេះ សហរដ្ឋ​អាមេរិក​ហាក់ដូចជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រមែរប្រមូល​ក្រុម​ប្រទេស​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ហើយ​សហរដ្ឋអាមេរិក​កំពុង​ប្រើប្រាស់​ក្រុម​ប្រទេស​មួយ​ឈ្មោះ​ថា «Quad» ដើម្បី​សម្រេច​នូវ​ភាព​ជោគជ័យ​នេះ។

​ប្រហែល​មិនមែន​ជា​រឿងគួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo រិះគន់​ខ្លាំងៗ​មក​លើ​ប្រទេស​ចិន អំឡុងពេល​ដំណើរ​ទស្សនកិច្ច

​រយៈពេល​មួយ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​អង្គារ ទី០៦ ខែ​តុលា​កន្លង​ទៅ​នេះ។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ កិច្ចប្រជុំ​ចុងក្រោយ​បង្អស់​នៃ​ក្រុម​ប្រទេស​ក្នុង​តំបន់​ក្រោម​ឈ្មោះ​ថា «Quad»។

​ដោយ​មាន​សហរដ្ឋអាមេរិក​ ឥណ្ឌា អូស្រា្តលី និង​ជប៉ុន​ជា​សមាជិក ក្រុម​ប្រទេស Quad មិនមែន​ជា​សម្ព័ន្ធភាព​ជាក់លាក់​ណា​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុមប្រទស​នេះ​ផ្តោត​ច្រើន​ទៅ​លើ​កិច្ចពិភាក្សា​ផ្នែក​ការពារ​ជាតិ។ ​

លោក Mike Pompeo (ទី​មួយ​ពី​ស្ដាំ) ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចូលរួម​ក្នុង​កិច្ចប្រជុំ Quad នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ​២០២០។
លោក Mike Pompeo (ទី​មួយ​ពី​ស្ដាំ) ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចូលរួម​ក្នុង​កិច្ចប្រជុំ Quad នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ​២០២០។

នា​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​បាន​ពង្រឹង​ក្រុម​ប្រទេស​ Quad ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​រុញច្រាន​កាន់​តែ​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​ចិន។

នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​លោក​កាល​ពី​ថ្ងៃ​អង្គារ​ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Pompeo បាន​ថ្លែង​សំដៅ​ចំៗ​មក​លើ​បក្ស​កុម្មុយនីស្ត​ចិនឬហៅកាត់ថា CCP ។

លោក Pompeo ​បាន​មាន​ប្រសាសន៍ថា៖ «ជា​ដៃ​គូ​ក្នុង​ក្រុម​ប្រទេស​ Quad ជា​ការ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់​ដែល​យើង​ត្រូវ​សហការ​គ្នា​ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​ដៃគូ​របស់​យើង​ពី​ការ​កេង​ប្រវ័ញ្ច អំពើ​ពុករលួយ និង​ការ​បង្ខិតបង្ខំ​ពី​សំណាក់​បក្ស​កុម្មុយនីស្ត»។ ​

​ទោះ​បី​ជា​រដ្ឋបាល​លោក​ប្រធានាធិបតីត្រាំ​ជា​ទូទៅ​តែង​ប្រើ​ភាសាខ្លាំងៗ​ក៏​ដោយ ក៏​ការ​លើកឡើង​ដូច​នេះ​ពី​សំណាក់​លោក​រដ្ឋមន្រ្តី Pompeo ជា​ភាសា​ត្រង់ៗ​ខ្លាំង​ខុស​ពី​ធម្មតាផងដែរ។

​នេះ​ជា​ភាសា​ធ្ងន់​ជាង​ភាសា​ដែល​សមាជិក​ក្រុម​ប្រទេស Quad ដទៃ​ទៀត​ប្រើប្រាស់​ដើម្បី​ពណ៌នា​បក្សកុម្មុយនីស្ត​ចិន​។

ប្រទេស​ជប៉ុន អូស្រ្តាលី និង​ឥណ្ឌា មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​សំខាន់​ជាមួយ​ចិន ហើយ​ជា​ញឹកញយ​តែងតែ​និយាយ​សម្រាល​ពី​គំនិត​ដែល​ថា ក្រុម​ប្រទេស​ Quad ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

​ផ្ទុយ​ទៅ​វិញ បណ្តា​ប្រទេស​ទាំង​បី​នេះ​ផ្តោត​ទៅ​លើ​ទស្សនវិស័យ​វិជ្ជមាន​ ដូចជា ការ​រក្សា​ការពារ​របៀបរៀបរយ​លើ​សាកលលោក​ដោយ​មាន​ច្បាប់​ជា​មូលដ្ឋាន​។

​ប៉ុន្តែ​តួនាទី​របស់​បណ្តា​ប្រទេស​ទាំង​នេះ​ក្នុង​ក្រុម​ប្រទេស​ Quad ចាប់​ផ្តើម​ផ្លាស់ប្តូរ ខណៈ​ពេល​មាន​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ ដែល​មាន​ប្រភពដើម​ចេញ​ពី​ប្រទេស​ចិន។ បណ្តា​ប្រទេសជិត​ខាង​នឹង​ប្រទេស​ចិន​មួយចំនួន​និយាយ​ថា ចិន​មិន​បាន​និយាយ​ដោយ​ស្មោះត្រង់ពី​វិបត្តិ​វីរុស​នេះទេ។​ បន្ថែម​ពី​លើ​នេះ​ ពួកគេ​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​ភាព​គឃ្លើន​កាន់​តែ​ខ្លាំង​របស់​ចិន​ផង​ដែរ។ ​

លោក Jagannath Panda អ្នក​វិភាគ​មួយរូប​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវដេលី និយាយ​ថា ​ជា​ឧទាហរណ៍ នៅ​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា ការ​ប៉ះទង្គិច​គ្នា​នា​ពេល​ថ្មីៗ​នេះ​បាន​សម្លាប់​ទាហាន​ឥណ្ឌា​យ៉ាង​ហោចណាស់ ២០​នាក់។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​គិតគូរ​វែកញែក​ឡើង​វិញ​នៅ​ឥណ្ឌា​ដែលពី​មុន​មក​ធ្លាប់​តែ​បដិសេធ​មិន​ជ្រើស​យក​ភាគី​ណា​មួយ​រវាង​សហរដ្ឋអាមេរិក និង​ចិន។

លោក Panda បាន​និយាយ​ថា៖ «ឥណ្ឌា​គោរព​តាម​គោលនយោបាយ​ការ​បរទេស​មិន​រណប​នឹង​ប្រទេស​ ឬ​សម្ព័ន្ធភាព​ណា​មួយ។ ឥណ្ឌា​មិនដែល​ចង់​ឲ្យ​ក្រុមប្រទេស Quad ក្លាយ​ជា​ស្ថាប័ន​មួយ​ផ្តោត​ទៅ​លើ​យោធា ឬ​តំបន់​ផ្លូវ​ទឹក​នោះ​ទេ។ ប៉ុន្តែ​ជាមួយ​នឹង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ព្រំដែន​ជាមួយ​ចិន ឥណ្ឌា​ពិតជា​កំពុង​តែ​ផ្លាស់ប្តូរ​ផែនការ​របស់​ខ្លួន​ហើយ។ ឥណ្ឌា​មាន​ទំនោរ​នឹង​ជំរុញ​ឲ្យ​ក្រុម​ប្រទេស Quad ស្ថិត​ក្នុងដំណើរការ​ផ្លូវការ​ជា​ស្ថាប័ន​មួយ»។ ​

អ្នកវិភាគ​លោក Andrew O'Neil និយាយ​ថា ប្រទេស​អូស្តា្រលី​ក៏​ជាប់​ក្នុង​ជម្លោះ​ធំ​មួយ​ជាមួយ​នឹង​ចិន​ផង​ដែរ។ បន្ទាប់​ពី​អូស្រា្តលី​បាន​កោះហៅ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ប្រភព​វីរុស​កូរ៉ូណា ប្រទេស​ចិន​បាន​ប្រតិកម្ម​តបត​ទៅ​វិញ​ជាមួយ​នឹង​វិធានការ​ផ្នែក​សេដ្ឋកិច្ច។ ហើយ​ក៏​មាន​ការ​ចោទប្រកាន់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​លូកដៃរបស់ប្រទេស​ចិន​ចូល​រឿង​ផ្ទៃ​ក្នុង​របស់​អូស្រ្តាលី​ផង​ដែរ។

លោក​ O'Neil បាន​និយាយ​ថា៖ «តាម​ទស្សនៈ​របស់​អូស្រា្តលី ខ្ញុំ​គិត​ថា មាន​ទំនោរ​ច្រើន​ក្នុង​ចំណោម​អ្នក​ធ្វើ​គោលនយោបាយ​ដើម្បី​រុញច្រាន​ប្រឆាំង​នឹង​ចិន​ ភាគច្រើន​គឺ​ដោយសារ​តែ​ការយល់​ឃើញ​ថា ចិន​កាន់​តែ​មាន​ភាព​គឃ្លើន​ក្នុង​ការ​ចាត់​គោលដៅ​លើ​ប្រទេស​អូស្រ្តាលី​តាមរយៈ​ចារកម្ម»។

​ប៉ុន្តែ​ទោះ​បី​ជា មន្រ្តី​សហរដ្ឋអាមេរិក​និយាយ​ថា ពួកគេ​ចង់​ពង្រីក​ទំហំ និង​សមាជិកភាព​ក្រុម​ប្រទេស​ Quad ក៏​ដោយ ក៏ក្រុម​អ្នក​វិភាគ​មិន​រំពឹង​ថា នឹង​មាន​ជា​សម្ព័ន្ធភាព​យោធា​ចង​ដោយ​ច្បាប់​ដូចជា អង្គការ​ណាតូ​នោះ​ទេ នា​ពេល​ឆាប់ៗ​នេះ។

នេះ​គឺ​ដោយសារ​តែ​ភាព​ស្មុគស្មាញ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការប្រជែង​គ្នា​នៅ​ទ្វីប​អាស៊ី ដែល​បង្ក​ជា​ការ​លំបាក​សម្រាប់​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ការ​ជ្រើសរើស​រវាង​សហរដ្ឋអាមេរិក និង​ចិន៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG