ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ជំហរ​របស់​ប្រធានា​ធិបតី​ត្រាំ​អំពី​ប្រទេស​កាតា​ប៉ះពាល់​ដល់​ការ​ប្រយុទ្ធ​ក្រុមរដ្ឋ​ឥស្លាម​ដែរឬទេ?


រូបភាព​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បាន​ថ្លែង​នៅ​ក្នុងបន្ទប់​ការទូត​នៃ​សេតវិមាន​រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៤ មិថុនា ២០១៧។
រូបភាព​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump បាន​ថ្លែង​នៅ​ក្នុងបន្ទប់​ការទូត​នៃ​សេតវិមាន​រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៤ មិថុនា ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ហក់​ចូលក្នុង​ជម្លោះ​ខាង​ការទូត​រវាង​ប្រ ទេស​កាតា​និងក្រុម​ប្រទេស​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត​និង​​អេហ្ស៊ីប។ ប្រទេស​យ៉ាង​ហោច​ណាស់​ក៏​ពាក់​កណ្តាល​នៃ​ក្រុម​នោះ​បាន​កាត់​ផ្តាច់​ចំណងទាក់​ទង​ជា​មួយ​ប្រទេស​កាតា​ដែល​ជា​ប្រទេស​ដ៏​តូច​មួយ​នៅ​ក្នុង​តំបន់ឈូង​សមុទ្រ​បណ្តាល​មក​ពីការ​ផ្តល់​ថវិកា​របស់​ខ្លួន​ដល់​ក្រុម​ភេរវកម្ម។

សហរដ្ឋ​អាមេរិក ​ប្រហែល​មានការ​បាត់​បង់​យ៉ាង​ច្រើន ​ប្រសិនបើខ្លួនចូលរួម​ខ្លាំងពេក​ទៅ​ក្នុងរឿង​ចម្រូង​ចម្រាស់​នេះ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ថ្លែងថា៖ «យើង​ចង់​ឲ្យប្រទេស​កាតា​វិល​ត្រឡប់មកចូលរួម​ក្នុង​ចំណោម​ប្រ​ទេស​ដែល​មានការ​សាមគ្គីភាព​និង​ការទទួល​ខុស​ត្រូវ‍»។

លោក​ប្រធានា​ធិបតី​អាមេរិក​ដូណាល់ ​ត្រាំ ​ជាថ្មី​ម្តងទៀត​បាន​រិះគន់​ប្រទេស​កាតា​ដែល​ជា​ប្រទេស​ដ៏តូច​និង​សម្បូរ​ប្រេងថា​ជា​អ្នក​ផ្តល់​ថវិកា​ដ៏​សំខាន់​មួយ​ដល់ក្រុម​ភេរវជន។ ក៏ប៉ុន្តែ ​ប្រទេស​កាតា​ជាសម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក ​ហើយមូលដ្ឋាន​ទ័ព​អាកាស al Udeid របស់​ប្រទេស​នោះ​ជា​បន្ទាយ​ទទួល​បុគ្គលិក​យោធា​ដ៏​ធំ​បំផុត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា។ លោក Michael O’Hanlon នៃ​វិទ្យាស្ថាន Brookings ​បាន​និយាយ​ថា៖ «​យើង​និយាយ​អំពី​យន្តហោះ​ចំបាំង​ដែល​កំពុង​ហោះ​ពី​លើ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរីដើម្បី​ទម្លាក់​គ្រាប់​បែក។ យើង​និយាយ​ពី​យន្តហោះ​ស៊ើបការណ៍​ទាំងអស់​ដែលកំពុងវាយ​តម្លៃទីដៅ​ហើយ​នឹងការ​វាយ​ប្រហារ​កាល​ពី​ពេល​មុន។ ​យើង​កំពុង​ពិភាក្សា​អំពី​ទីបញ្ជាការ​ទ័ពអាកាសនិង​ការត្រួតពិនិត្យ​យន្តហោះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ​យើង​មិនប៉ះទង្គិច​ជាមួយ​យន្តហោះ​របស់ប្រទេស​រុស្ស៊ី​និង​ស៊ីរីដោយ​ចៃដន្យ​ហើយ​នឹង​តាម​មើលប្រទេសអ៊ីរ៉ង់​និង​ប្រទេស​ផ្សេង​ទៀត‍»។

លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​ជំរុញ​ឲ្យ​ប្រទេស​កាតា​ដោះ​ស្រាយ​ការជាប់​ទាក់​ទិន​ក្នុងការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ភេរវជន ​ហើយ​បាន​និយាយ​ទៀត​ថា ​ប្រទេសដែល​បិទ​ខ្ទប់​ប្រទេស​កាតា ចាំបាច់​បញ្ឈប់។ លោករដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Tillerson ​ថ្លែងថា៖ «ការបិទ​ខ្ទប់​កំពុង​រារាំង​សកម្មភាព​យោ​ធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​និង​ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ISIS‍»។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ហាក់ដូច​ជាបាន​បង្ហាញ​នូវ​ភាពផ្ទុយ​គ្នា​ពី​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការ​ពារ​ប្រទេស​អាមេរិក​ដែល​អះអាងថា ​កិច្ចប្រតិបត្តិ ការ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​មិន​រង​ផលប៉ះ​ពាល់​ដោយសារ​ជម្លោះ​នៅ​ក្នុង​តំបន់​ទេ។

ក្រោយពី​សុន្ទរកថា​របស់​លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Tillerson ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មីមួយ​ដោយ​និយាយ​ថា ​ខណៈដែល​កិច្ច​ប្រតិបត្តិការ​មិន​បាន​ត្រូវ​បង្អាក់ឬ​កាត់​បន្ថយ ​ស្ថានភាព​នេះ​កំពុង​រារាំង​សមត្ថ ភាព​យោ​ធា​សម្រាប់ការ​រៀប​ចំ​ផែនការ​រយៈពេល​យូរ។

ក្រសួង​ការពារ​ប្រទេស​អាមេរិកបាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​មាន​ផែនការ​បម្រុង​ទុក​មួយ​ចំនួន បើសិន​ជា​កងទ័ព​និង​យន្ត ហោះ​របស់​ខ្លួនចាំបាច់​ចាក​ចេញ​ពី​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​នេះ។ លោកឧត្តម​សេនីយ​ឯកចូល​និវត្តន៍ Thomas Spoehe នៃ​មូលនិធិ Heritage Foundation បាន​និយាយថា៖ «យើង​មិន​ស្ថិត​ក្នុង​ស្ថានការណ៍​ដូច​កាលពី​ឆ្នាំ២០០៣ទេ។ មាន​ជម្រើស​ផ្សេង​ៗ​ទៀត​នៅ​ពេល​ឥឡូវនេះដែល​មិនស្ថិត​នៅ​ទីនោះ​កាល​ពី​១០​ឆ្នាំ​មុន​ទេ‍»។

ក៏ប៉ុន្តែ ពួក​អ្នកវិភាគ​យល់ស្រប​ថា ទោះបី​ជា​មាន​ផែនការ​បម្រុង​ទុក​ដ៏ល្អបំផុត ក៏​កិច្ច ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្មក្នុង​តំបន់​ទំនង​និង​អាច​ជួប​និង​ការបង្អាក់​ដំណើរ​ដែរ​ពីព្រោះ​ការផ្លាស់ប្តូរ​និង​សម្ភារ​ទាំងអស់​នោះ ​អាច​ចំណាយ​ពេល​រាប់​សិប​ខែដែរ៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

XS
SM
MD
LG