ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ជំនួយ​ការ​លោក​ Trump ​ពីរ​នាក់​នឹង​ផ្តល់​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​សភា​ឆ្នាំ​២០២១​


រូបឯកសារ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​របស់​អតីត​ប្រធានាធិបតី​និង​អ្នកស្រី​ Sarah Matthews​ អ្នក​នាំពាក្យ​រង​នៅសេតវិមាន​កាល​ណោះ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សភា​។
រូបឯកសារ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​របស់​អតីត​ប្រធានាធិបតី​និង​អ្នកស្រី​ Sarah Matthews​ អ្នក​នាំពាក្យ​រង​នៅសេតវិមាន​កាល​ណោះ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សភា​។

បណ្តាញ​ព័ត៌មាន​អាមេរិក​និយាយ​ថា ​ជំនួយ​ការ​ពីរ​នាក់​របស់​អតីត​ប្រធានាធិបតី​លោក​ Donald Trump​ នឹង​ផ្តល់​សក្ខីកម្ម​នៅ​សប្តាហ៍​នេះ​នៅ​គណៈ​កម្មាធិការ​សភា​ពិសេស​ស៊ើប​អង្កេត​អំពី​ប្រតិកម្ម​ភ្លាមៗ​របស់​លោក ​Trump ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃទី​៦​ ខែ​មករា​ ឆ្នាំ ​២០២១​ លើ​វិមាន​សភា ​Capitol​ សហ​រដ្ឋ​អាមេរិក។ ​

លោក ​Matthew Pottinger​ ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ​របស់​អតីត​ប្រធានាធិបតី​និង​អ្នកស្រី​ Sarah Matthews​ អ្នក​នាំពាក្យ​រង​នៅសេតវិមាន​កាល​ណោះ​នឹង​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈ​កម្មាធិការ​សភា​ក្នុង​អំឡុង​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដែល​នឹង​ផ្តោត​លើ​ទិដ្ឋភាព​នៅ​ក្នុង​សេតវិមាន​ ខណៈ​អ្នក​គាំទ្រ​លោក ​Trump ​បាន​សម្រុក​ចូល​វិមានសភា​Capitol ​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​បញ្ឈប់​ ការ​បញ្ជាក់​ជាផ្លូវ​ការ​ពី​ជ័យជម្នះ​របស់​លោក ​Joe Biden ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា​ឆ្នាំ​២០២០។​

លោក​ Pottinger ​និង​អ្នកស្រី​ Matthews ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តល់​សក្ខីកម្ម​អំពី​ការ​ព្យាយាម​ទាំង​ភ័យ​ខ្លាច​និង​មិន​បាន​សម្រេច​របស់​បុគ្គលិក​សេតវិមាន​និង​ក្រុម​គ្រួសារ​របស់​លោក ​Trump​ សុំ​ឱ្យ​លោក​ចេញ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ការ​វាយ​ប្រហារ​នោះបញ្ជា​ឱ្យ​អ្នក​គាំទ្រ​របស់​លោក​ដកថយ។​ នៅ​ទីបំផុត​ជាង​បីម៉ោង​បាន​កន្លង​ផុត​ទៅ​ ទើប​ លោក ​Trump​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវនាវ​ឱ្យ​អ្នក​បះបោរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

លោក​ Pottinger ​និង​អ្នកស្រី​ Matthews ​បាន​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​នោះ។ ​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នឹង​ធ្វើ​នៅ​ពេល​យប់​ដើម្បី​មាន​ទស្សនិកជន​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស​ច្រើន។ ​សមាជិក​គណៈ​កម្មាធិការ​គណបក្ស​សាធារណ​រដ្ឋ​ លោក ​Adam Kinzinger ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​ថា គណៈ​កម្មាធិការ​បាន​ «បំពេញ​ចន្លោះ​ប្រហោង»​អំពី​អ្វី​ដែល​លោក ​Trump ​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​ ដោយ​និយាយ​ថា​ លោក​អតីត​ប្រធានាធិបតី​បាន​អើពើ​តិច​តួច​ ​ប៉ុន្តែ​«មើល​ទូរទស្សន៍​ដោយ​រីករាយ​ក្នុង​អំឡុង​ពេល​នេះ»។​

ទន្ទឹម​នឹង​នេះ​ នៅ​ថ្ងៃអង្គារ​នេះ​ទីភ្នាក់ងារ​ការពារ​សន្តិសុខ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ត្រូវគេ​រំពឹង​ថា​ នឹង​ប្រគល់​ឱ្យ​គណៈ​កម្មាធិការ​នេះ​នូវ​កំណត់​ត្រា​ទំនាក់​ទំនង​អេឡិចត្រូនិច​ទាំងអស់​របស់​ភ្នាក់ងារ​នេះ​អំឡុង​ពេល​នៃ​ការ​វាយ​ប្រហារ​នោះ។​ ក្រុម​ប្រឹក្សា​បាន​កោះហៅ​ទីភ្នាក់ងារ​នេះ ​បន្ទាប់ពី​អធិការកិច្ច​ផ្ទៃ​ក្នុង​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ ​ដែល​គ្រប់គ្រង​ទីភ្នាក់ងារ​នេះបាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​និយាយ​ថា ​ទីភ្នាក់ងារ​ការពារ​សន្តិសុខ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បាន​លុបសារ​អត្ថបទ​របស់​ភ្នាក់ងារ​នេះ​កាលពី​ថ្ងៃ​ទី ​៦​ខែ​មករា ​និង​មួយ​ថ្ងៃ​មុន​នោះ៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press)

XS
SM
MD
LG