អ្នកប្រាជ្ញ Einstein បន្ទាប់នឹងជាមនុស្សមកពីប្រទេសអាហ្វ្រិក។ នេះជាការសន្និដ្ឋាននៅក្នុងការជួបជុំជាសកលមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រ តំណាងរដ្ឋាភិបាល និងអ្នកច្នៃប្រឌិតបង្កើតថ្មីនានានៅក្នុងប្រទេសសេណេហ្គាល់ (Senegal)។
អ្នករៀបចំនៃវេទិកា «អ្នកប្រាជ្ញ Einstein បន្ទាប់» ឬ Next Einstein Forum និយាយថា អនុតំបន់ Saharan អាហ្រ្វិកបានរួមចំណែកតែ១ភាគរយប៉ុណ្ណោះក្នុងលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្រ្តរបស់ពិភពលោក។ នេះមិនមែនដោយសារតែកង្វះខាងភាពប៉ិនប្រសប់នោះទេ ប៉ុន្តែជាការខ្វះខាតឱកាស។
លោក Macky Sall ប្រធានាធិបតីប្រទេសសេណេហ្គាល់ (Senegal) និងសមភាគីរបស់លោកគឺ លោក Paul Kagame ប្រធានាធិតបតីរវ៉ាន់ដា (Rwanda) បានប្រកាសបើកវេទិកានេះនៅក្នុងក្រុងដាកា ដោយបានសន្យាថានឹងវិនិយោគបន្ថែមលើការស្រាវជ្រាវ និងការអប់រំវិទ្យាសាស្រ្ត។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានបើកដំណើរការស្ថាប័នជំនាញសម្រាប់វិទ្យាសាស្រ្ត គណិតវិទ្យា និងបច្ចេកវិទ្យា។
លោកស្រី Flavia Schiegel គឺជាអគ្គលេខាធិការរងរបស់អង្គការយូណេស្កូ (UNESCO) ទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តធម្មជាតិ។ លោកស្រីនិយាយថា ការបាត់បង់អ្នកមានគំនិតច្នៃប្រឌិតគឺបញ្ហាមួយ។
«ខ្ញុំគិតថា ប្រសិនបើអាហ្វ្រិក និងបណ្តាប្រទេសអាហ្វ្រិក ដូចជាប្រទេសសេណេហ្គាល់ ឬប្រទេសរវ៉ាន់ដា អាចស្វែងរកអនាគតសម្រាប់មនុស្សវ័យក្មេង និងឱកាសសម្រាប់អ្នកមានវិជ្ជាជីវៈចាប់យកអាជីពល្អៗនោះ ខ្ញុំអាចនិយាយបានថា យុវជនទាំងនោះនឹងមិនចាកចេញពីប្រទេស ឬក៏ពួកគេអាចនឹងត្រឡប់មកវិញដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិរបស់ពួកគេ»។
អ្នកវិទ្យាសាស្រ្តដែលរស់នៅក្នុងប្រទេសអាហ្រ្វិកជួបប្រទះនូវបញ្ហាប្រឈមប្រចាំថ្ងៃមួយចំនួន។ អ្នកស្រាវជ្រាវជនជាតិហ្គាណា (Ghana) ឈ្មោះ Victor Osei បានចូលរួមវេទិកានេះនិយាយថា៖
«ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្រ្ត ហើយកំពុងអនុវត្តគម្រោងវិទ្យាសាស្រ្តណាមួយនោះ អ្នកច្បាស់ជាត្រូវការរបស់មួយចំនួន ដែលក្នុងនោះ យ៉ាងហោចណាស់ក៏អ្នកត្រូវមានអគ្គិសនីដែរ។ ខ្ញុំមិនដែលគិតថា គម្រោងស្រាវជ្រាវវិទ្យាសាស្រ្តមួយត្រូវបានបញ្ឈប់ដោយសារមិនមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នោះទេ។ ទាំងនេះជារឿងរ៉ាវដែលយើងត្រូវគិតដល់ នៅពេលយើងនិយាយពីបរិយាកាសដែលអាចឲ្យយើងធ្វើការស្រាវជ្រាវបាន»។
អ្នករៀបចំវេទិកានេះនិយាយថា សព្វថ្ងៃទ្វីបមួយនេះបាត់បង់ទឹកប្រាក់ប្រមាណជា៤ពាន់លាន (ប៊ីលាន) ដុល្លារជារៀងរាល់ឆ្នាំ នៅពេលដែលជនជាតិអាហ្វ្រិកទៅរកការងារធ្វើនៅបរទេសក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
ក៏ប៉ុន្តែ លោក Arun Sharma ដែលជានាយកគ្រប់គ្រងវេទិកា «អ្នកប្រាជ្ញ Einstein បន្ទាប់» និយាយថា អាហ្រ្វិកបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការរីកចម្រើនផ្នែកវិទ្យាសាស្រ្តនេះ។
«ខ្ញុំគិតថា ឆន្ទៈនយោបាយក៏មានច្រើន ដែលឥឡូវនេះកំពុងតែពុះកញ្ជ្រោលឡើង។ វាច្បាស់ណាស់ថា អ្នកនយោបាយជាច្រើន មិនទាំងអស់ទេ ប៉ុន្តែភាគច្រើននៃអ្នកមានអំណាចក្នុងការធ្វើសេចក្តីសម្រេច កំពុងទទួលស្គាល់ភាពចាំបាច់នៃវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាជាកត្តាជួយអភិវឌ្ឍទ្វីបអាហ្រ្វិក»។
អ្នកគ្រប់គ្រងរូបនេះនិយាយថា គោលបំណងនៃវេទិកានេះគឺដើម្បីបង្ហាញពីសមិទ្ធិផលរបស់អ្នកវិទ្យាសាស្រ្តអាហ្វ្រិកវ័យក្មេង និងជួយឲ្យពួកគេស្វែងរកឱកាសសម្រាប់ទទួលបានការអប់រំ និងមូលនិធិគាំទ្រ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ