ការទាមទារទាំងឡាយដែលកំពុងតែកើនឡើងឲ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេស កំពុងធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មីទៅលើលោកសាស្រ្តាចារ្យ ជីន សាប (Gene Sharp) ដែលជាអ្នកសិក្សាស្រាវជ្រាវមួយរូបដែលរស់នៅក្នុងទីក្រុងបូស្តុន(Boston) រដ្ឋម៉ាស្សាឈូស្សេត (Massachusetts) សហរដ្ឋអាមេរិក។ លោកបានចំណាយពេលវេលាមួយជីវិតរបស់លោកដើម្បីធ្វើការស្រាវជ្រាវអំពីការប្រឆាំងតវ៉ាអហិង្សា និងធ្វើការបោះពុម្ពផ្សាយសៀវភៅណែនាំសម្រាប់ប្រជាពលរដ្ឋណាដែលប្រាថ្នាចង់ធ្វើការផ្លាស់ប្តូររដ្ឋាភិបាលរបស់ខ្លួនឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ កិច្ចការរបស់អ្នកសិក្សាស្រាវជ្រាវវ័យ៨៣ឆ្នាំរូបនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាកម្លាំងលើកទឹកចិត្តសម្រាប់ក្រុមអ្នកប្រឆាំងតវ៉ានៅក្នុងប្រទេសជាច្រើន។
លោកសាស្រ្តាចារ្យ ជីន សាប បាននិពន្ធសៀវភៅជាច្រើន ដែលសៀវភៅមួយចំនួនត្រូវបានធ្វើការផ្សព្វផ្សាយនៅលើគេហទំព័រនៃស្ថាប័នរបស់លោក មានរួមទាំងសៀវភៅដែលមានចំណងជើងថា «ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ» ដែលមានផ្សាយជា២៤ភាសា។ លោកសាស្រ្តាចារ្យសាបជឿជាក់ថា មានកត្តាសំខាន់ពីរយ៉ាងដែលនាំទៅដល់ការបញ្ចប់របបគ្រប់គ្រងរបស់ប្រធានាធិបតីអេហ្ស៊ីប លោក ហូសនី មូបារ៉ាក់។ លោកមានប្រសាសន៍ថា កត្តាទីមួយគឺប្រជាពលរដ្ឋលែងមានការភ័យខ្លាច។ បន្ទាប់មកទៀត លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋយល់ឃើញអំពី ភាពចាំបាច់នៃការប្រមូលផ្តុំគ្នាប្រកបដោយអហិង្សា។
«ភ្លាមៗនោះពួកគេបានក្រោកឈរឡើង ហើយដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសផ្សេងៗទៀត ហើយមិនដឹងជាមកពីអ្វី ពួកគេក៏លែងមានការភ័យខ្លាច។ ខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ ប៉ុន្តែមនុស្សយ៉ាងច្រើនសម្បើមបានអស់ការភ័យខ្លាចរបស់ខ្លួន។ ហើយបន្ទាប់មក ពួកគេក៏មានការយល់ដឹងផងដែរ ដោយខ្ញុំមិនយល់ទេថាតើរឿងនេះបានកើតឡើងដោយរបៀបណានោះ ប៉ុន្តែពួកគេមានការយល់ដឹងថា ពួកគេមិនត្រូវប្រើអំពើហិង្សាទេ ពួកគេត្រូវតែរក្សាវាឲ្យនៅអហិង្សា ហើយបើទោះបីជាវាមិនបានល្អឥតខ្ចោះក្តី ពួកគេយ៉ាងណាក៏ដោយបានដឹងថា ពួកគេត្រូវតែរក្សាវាឲ្យនៅអហិង្សា»។
លោកសាស្រ្តាចារ្យសាបជឿជាក់ថា នៅក្រោមរបបគ្រប់គ្រងជិះជាន់សង្កត់សង្កិន ប្រជាពលរដ្ឋអាចបាត់បង់ជំនឿលើខ្លួនឯង និងក្លាយជាមនុស្សអសកម្មនិងប្រកបដោយការភ័យខ្លាច។
«ប្រសិនបើពួកគេមានករណីតូចៗមួយចំនួន ដែលពួកគេបានធ្វើការប្រឆាំងតវ៉ាអំពីបញ្ហាតូចៗមួយចំនួនទាំងនោះ ហើយពួកគេសម្រេចបានអ្វីមួយ និងឈ្នះក្នុងបញ្ហានោះ នោះពួកគេនឹងចាប់ផ្តើមស្តារឡើងវិញបាននូវជំនឿលើខ្លួនឯងរបស់ពួកគេ។ ពួកគេនឹងឃើញថា តាមពិតទៅ ពួកគេអាចធ្វើអ្វីមួយឲ្យសម្រេចបាន ពួកគេអាចមានឥទ្ធិពលជាងពួកគេធ្លាប់បានគិតទៅទៀត។ ពួកគេអាចអានអំពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសផ្សេងទៀត ដូចគ្នានឹងពេលដែលប្រជាពលរដ្ឋអេហ្ស៊ីបបានអានអំពីអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសទុយនីស៊ី។ ឥឡូវនេះ មនុស្សនៅផ្នែកផ្សេងៗទៀតនៃពិភពលោក កំពុងអានអំពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីប និងអ្វីដែលបានកើតឡើងនៅក្នុងប្រទេសទុយនីស៊ី ហើយឥឡូវនេះ ពួកគេបានដឹងខ្លួនថា ពួកគេក៏អាចធ្វើរឿងនោះបានដែរ»។
លោកសាស្រ្តាចារ្យសាប បានចាប់ផ្តើមកិច្ចការស្រាវជ្រាវរបស់លោក តាំងពីលោកនៅជាបុរសវ័យក្មេងម្នាក់ នៅពេលលោកបានដឹងថាពិភពលោកមានបញ្ហាជាច្រើន ហើយថាដំណោះស្រាយដែលគេប្រើជាទូទៅចំពោះបញ្ហាទាំងនោះ ហាក់ដូចជាលែងល្អគ្រប់គ្រាន់ទៀតហើយ។ លោកបានធ្វើការស្វែងរកដំណោះស្រាយដែលល្អជាងនេះ ហើយបានចាប់ផ្តើមសិក្សាអំពីទស្សនៈនៃការតស៊ូអហិង្សា។
លោកសាស្រ្តាចារ្យសាប ដែលកើតនៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) ភាគកណ្តាលសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩២៨ បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យអុកហ្វ៊ដ (Oxford) នៃចក្រភពអង់គ្លេស។ សារណាបញ្ចប់ការសិក្សារបស់លោកមានចំណងជើងថា «នយោបាយនៃសកម្មភាពអហឹង្សា៖ ការសិក្សាអំពីការគ្រប់គ្រងនៃអំណាចនយោបាយ»។ លោកគឺជាអ្នកស្រាវជ្រាវមួយរូបនៅឯសាកលវិទ្យាល័យ ហារ៍វ័ដ (Harvard) សហរដ្ឋអាមេរិក ហើយធ្លាប់បានបង្រៀននៅឯសាកលវិទ្យាល័យជាច្រើននៅក្នុងតំបន់ទីក្រុងបូស្តុន។ ឥឡូវនេះ លោកគឺជាអ្នកប្រាជ្ញជាន់ខ្ពស់នៃវិទ្យាស្ថាន អាល់បឺត អែនស្តែន (Albert Einstein) ដែលជាអង្គការស្រាវជ្រាវមួយ ដែលមានទីស្នាក់ការនៅក្នុងផ្ទះរបស់លោកក្នុងក្រុងបូស្តុន។
លោកជឿជាក់ថា ការតស៊ូអហិង្សាគឺជាអាវុធដ៏មានប្រសិទ្ធិភាពមួយប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការ ហើយថាលទ្ធិប្រជាធិបតេយ្យគឺតែងតែជាគោលដៅនៅក្នុងការតស៊ូនោះ។
«ខ្ញុំមិនដឹងថាជំនឿរបស់ខ្ញុំនេះចេញមកពីកន្លែងណាទេ ប៉ុន្តែខ្ញុំមានការជឿជាក់យ៉ាងជ្រៅទៅលើសេរីភាពនិងយុត្តិធម៌ ហើយថាប្រជាពលរដ្ឋគួរតែមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯង ហើយធ្វើការសម្រេចចិត្តរបៀបនេះជាបុគ្គលម្នាក់ៗផង ជាមួយប្រជាពលរដ្ឋផ្សេងៗទៀតផង និងធ្វើការសម្រេចចិត្តសម្រាប់ប្រទេសទាំងអស់ផង។ ការគ្រប់គ្រងបែបផ្តាច់ការគឺជាអ្វីដែលខ្ញុំស្អប់ខ្ពើម ហើយខ្ញុំគិតថា យើងគួរតែស្វែងរកវិធីទាំងឡាយដែលមានប្រសិទ្ធិភាព ដើម្បីទប់ស្កាត់ការដឹកនាំបែបនេះ ប្រឆាំងទៅនឹងការដឹកនាំបែបនេះ និងទម្លាក់ការដឹកនាំបែបនេះ ប្រសិនបើវាបានកើតមានឡើងរួចទៅហើយ»។
លោកសាស្រ្តាចារ្យសាប មានប្រសាសន៍ថា ការរំលំការដឹកនាំបែបផ្តាច់ការមួយមានសារៈសំខាន់ណាស់ ប៉ុន្តែលោកបានបន្ថែមថា វានឹងមិនអាចដោះស្រាយបញ្ហានានាជារហូតនោះទេ។
ហើយតាមពិតទៅ ការតស៊ូអហិង្សាបែបនេះ វាគឺតែងតែជារយៈកាលដ៏គ្រោះថ្នាក់មួយ ដែលមានការយល់ច្រឡំផ្នែកនយោបាយជាច្រើន ពីព្រោះបើនិយាយមែនទែនទៅ វាគឺជាដំណាក់កាលដែលមិនមានអ្នកណាគ្រប់គ្រងពិតប្រាកដ ហើយមនុស្សមួយចំនួនគិតថាវាផ្តល់ឱកាសឲ្យពួកគេអាចក្លាយទៅជាអ្នកដឹកនាំផ្តាច់ការថ្មីជំនួសវិញ។ ហើយពួកគេនឹងប្រើភាសាសេរីភាពនិងប្រជាធិបតេយ្យនៅពេលពួកគេកំពុងដឹកនាំចលនាតស៊ូនេះ»។
លោកសាស្រ្តាចារ្យសាប មានការជឿជាក់អស់រយៈពេល៣០ឆ្នាំមកហើយថា នៅថ្ងៃណាមួយនឹងមានអ្វីដែលលោកហៅថា ជាចំណុចរបត់នៃការយល់ដឹងនិងការចាប់អារម្មណ៍ជាសាកលទៅលើសក្តានុពលនៃការតស៊ូអហឹង្សា។ លោកមានប្រសាសន៍ថា លោកបានដឹងថាចំណុចរបត់នេះ វានឹងអាចកើតមានឡើង ប៉ុន្តែបានសារភាពថា លោកមានការភ្ញាក់ផ្អើលដែលវាបានកើតឡើងពិតប្រាកដ ហើយកើតឡើងប្រកបដោយឥទ្ធិពលយ៉ាងខ្លាំងក្លាបែបនេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី