នៅដើមឆ្នាំនេះ មជ្ឈមណ្ឌលសា្រវជ្រាវ Pew ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានស្ទង់មតិមនុស្សនៅក្នុងប្រទេសជាង៣០អំពីការគិតរបស់ពួកគេលើមេដឹកនាំពិភពលោកជាច្រើន។ លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានស្ថិតនៅលើគេនៅក្នុងការស្ទង់មតិដោយមានអ្នកឆ្លើយតបកាន់តែច្រើនឡើងបានសម្តែងនូវទំនុកចិត្តលើលោកស្រីជាងមេដឹកនាំផ្សេងទៀត។
ដោយសហរដ្ឋអាមេរិកងាកទៅរកឯកកោនិយមខ្លាំងឡើង ចក្រភពអង់គ្លេសបានជាប់ផុងនៅក្នុងជម្លោះនៃការចាកចេញពីសហភាពអឺរ៉ុបដែលហៅថា Brexit ហើយប្រទេសបារាំងដែលដឹកនាំដោយប្រធានាធិបតីក្មេងដែលមិនមានបទពិសោធន៍ ហើយដែល ប្រជាប្រិយភាពរបស់លោកកំពុងដាំក្បាលចុះរួចទៅហើយនោះ មនុស្សជាច្រើនមើល ឃើញលោកស្រី Merkel ថាជាមេដឹកនាំដែលទុកចិត្តបំផុតរបស់ប្រទេសលោកខាងលិច។ លោកស្រី បានជាប់ឆ្នោតអាណត្តិទី៤ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃអាទិត្យហើយបើទោះជាគណបក្ស Christian Democratic Union របស់លោកស្រី ឈ្នះបានអាសនៈតិចជាងមុនក៏ដោយ។
កាសែតរបស់អាមេរិកកាំងនិងអឺរ៉ុបបានចាត់ទុកលោកស្រីជា«មេដឹកនាំពិភពលោក សេរី» ស្ទើរពេញឆ្នាំ២០១៧នេះ»។
ក៏ប៉ុន្តែ សំណួរនៅតែមានអំពីថា លោកស្រី Merkel នឹងក្លៀវក្លាយ៉ាងណា នៅពេលដែលនិយាយដល់គោលនយោបាយការបរទេសនៅក្នុងអាណត្តិទី៤របស់លោកស្រីនោះ គឺថាតើលោកស្រីអាចដោះស្រាយបញ្ហាសំខាន់ៗយ៉ាងច្រើនដូចម្តេចនៅពេល ដែលអាល្លឺម៉ង់និងអឺរ៉ុបកំពុងប្រឈមរឿងជាច្រើននោះ រួមទាំងវិបត្តិភេរវកម្ម សង្គ្រាមនិងវិបត្តិហិរញ្ញវត្ថុ ហើយនិងការចលាចលខាងនយោបាយនោះ។ ឥរិយាបទរបស់លោកស្រីដែលជាអ្នកវិទ្យាសាស្រ្តក្លាយជាអ្នកនយោបាយនោះ គឺតែងស្វែងរកការមូលមតិ ក៏ប៉ុន្តែ ការណ៍នេះជាបញ្ហាលំបាកដែលត្រូវធ្វើនៅពេលដែលប្រឈមជាមួយមេដឹកនាំបុរសខ្លាំងៗដូចជាប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី Recep Tayyip Erdoganនៃប្រទេសតួកគីដែលចាត់ទុកវិស័យការទូតថាជាជាយុទ្ធសាស្ត្រចាញ់ឈ្នះ។
នៅដើមឆ្នាំនេះ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីត្រាំថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងផ្លាស់ប្តូរអាកាសធាតុក្រុងប៉ារីស លោកស្រី Merkel បានពិគ្រោះជាមួយសហការីនៅអឺរ៉ុបថា ពួកគេត្រូវតែគិតគូជោគវាសនាដោយខ្លួនឯង។លោកស្រី Merkel បាននិយាយថា៖ «ពេលវេលាដែលយើងអាចពឹងផ្អែកទាំងស្រុងទៅលើប្រទេសដទៃគឺទំនងចប់ហើយ»។
ក្នុងកិច្ចសម្ភាសន៍មួយនៅមុនថ្ងៃបោះឆ្នោតកាលពីនៅថ្ងៃអាទិត្យ លោកស្រី Merkel បានបង្ហាញពីសញ្ញាថា លោកស្រីមានគោលបំណងជំរុញឲ្យមានឯកភាពខ្លាំងឡើងក្នុងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបដោយបានប្រាប់កាសែតអាល្លឺម៉ង់ Frankfurter Allgemeine Sonntagszeitung ថា ប្លុកនោះត្រូវតែព្រមព្រៀងគ្នាឲ្យបានឆាប់រហ័សដល់ជំហររួមចំពោះការកើនឥទ្ធិពលរបស់ចិននិងការនយោបាយសើរើរបស់រុស្ស៊ី។
លោកស្រី Merkelបាននិយាយថា៖ «ពិភពលោកត្រូវតែមើលឃើញថា រដ្ឋជាសមាជិកនឹងមិនងាកចេញពីការមូលមតិអឺរ៉ុបលើបញ្ហាទាំងអស់នេះទេ»។ លោកស្រីនិយាយបន្ថែមទៀតថា ការណ៍នេះមានសារៈសំខាន់ដែលរដ្ឋាភិបាលប្រទេសនិមួយៗត្រូវប្រុងប្រៀបខ្លួនព្រមតាមអ្វីដែលជាការដ៏ល្អបំផុតសម្រាប់សហភាពអឺរ៉ុបទាំងមូល។
ដូច្នេះ តើលោកស្រី Merkel ចាប់ផ្តើមបង្ហាញកេរដំណែលគោលនយោបាយការបរទេសដើម្បីដឹកនាំនិងត្រួតត្រាមេដឹកនាំអឺរ៉ុបផ្សេងទៀតឲ្យសមនឹងអ្វីដែលបណ្តាញព័ត៌មានហៅលោកស្រីថាជាមេដឹកនាំពិភពលោកសេរីឬ?
ការដឹកនាំអឺរ៉ុប
ប្រទេសអាល្លឺម៉ង់នៅក្រោមការដឹកនាំរបស់លោកស្រីមានលក្ខណៈបង្ហាញអំណាចខ្លាំងឡើងរួចហើយ ដែលជាការឆ្លុះបញ្ចាំងអំពីឧត្តមភាពសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប ហើយខ្លួនចាប់ផ្តើមទទួលយកនិងដោះស្រាយរឿងសង្គ្រាមលោកលើកទី២កាលពីអតីតកាលរបស់ខ្លួន។ លោកស្រី Merkel បានដាក់ពង្រាយកងទ័ពអាល្លឺម៉ង់នៅបរទេសដូចជា ប្រទេសអាហ្វហ្គានីស្ថាន ម៉ាលី និង លីទុយអានី។
លោកស្រីជាមេដឹកនាំដែលបានធ្វើឲ្យសម្រេចជោគជ័យនូវការមូលមតិអឺរ៉ុបដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីចំពោះការត្រួតត្រាតំបន់ Crimea ហើយរួមជាមួយប្រទេសបារាំង លោកស្រីបានដឹកនាំការខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដើម្បីចរចារកដំណោះស្រាយដល់ជម្លោះដែលបង្កើតឡើងដោយរុស្ស៊ីនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។
ក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក រដ្ឋាភិបាលរបស់លោកស្រីបានអនុវត្តផែនការអភិវឌ្ឍ Marshall សម្រាប់ទ្វីបអាហ្វ្រិក ដោយបញ្ជូនជំនួយនិងលើកទឹកចិត្តការវិនិយោគទុនឯកជនក្នុងការស្វះស្វែងកាត់បន្ថយពួកជីហាដហើយនឹងផ្តល់មូលហេតុដល់មនុស្សដែលនឹងក្លាយជាជនចំណាកស្រុកឲ្យស្ថិតនៅក្នុងប្រទេស។
ហើយមានការពិភាក្សាខ្លះថា ក្រោយការបោះឆ្នោត លោកស្រីនឹងរួបរួមជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងចាប់ផ្តើមឡើងវិញនូវតំបន់អឺរ៉ុបដែលមានសមាហរណកម្មនិងការធ្វើមជ្ឈការកាន់តែខ្លាំងឡើងជាងកាលពីពេលមុនក្រោយចាកចេញរបស់ចក្រភពអង់គ្លេស។
ក៏ប៉ុន្តែ អ្នកវិភាគខ្លះបានព្យាករណ៍ថា អតីតកាលដឹកនាំរបស់លោកស្រី Merkel បង្ហាញថា ក្រោយការបោះឆ្នោត លោកស្រីនឹងមានការប្រយ័ត្នប្រយែងខ្លាំងជាងមុនក្នុងការអនុវត្តនូវអ្វីដែលជាពាក្យសម្តីរបស់លោកស្រី។ហើយលោកស្រី នឹងចាត់វិធានការយឺតៗ។
ន័យដូចនឹងការយឺតយ៉ាវ
ជាឧទាហរណ៍មួយនៃអ្នកនយោបាយប្រាកដប្រជាដែលមានការអត់ធ្មត់ លោកស្រី មានប្រតិកម្មលឿនជាងការត្រៀមទប់ទល់។ នៅឆ្នាំ២០១៥ កិរិយាស័ព្ទ Merkel ដែលមានន័យថា «រារែក» ត្រូវបានគេបោះឆ្នោតឲ្យក្លាយទៅជាពាក្យថ្មីប្រចាំឆ្នាំនៅប្រទេសអាល្លឺម៉ង់។ លោកស្រីប្រហែលមានការផ្លាស់ប្តូរបន្តិចម្តងៗដែលនឹងមិនធ្វើឲ្យរកាំចិត្តដល់បទបញ្ជាសាកលដែលផ្អែកលើច្បាប់ពហុភាគី។
អ្នកវិទ្យាសាស្រ្តនយោបាយ Matthew Qvortrupជាសាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Coventry នៃចក្រភពអង់គ្លេសនិងជាអ្នកនិពន្ធប្រវត្តិរបស់លោកស្រី Merkel បានកត់សម្គាល់កាលពីពេលថ្មីៗនេះថា លោកស្រីជាអ្នកចាត់ចែង ដែលព្យាយាមរក្សាឲ្យអ្វីៗនៅស្ថិតស្ថេរ។ អ្នកវិភាគរូបនេះគិតថា លោកស្រី Merkel នឹងមិនផ្តល់នូវការយល់ព្រមដើម្បីសើរើសហភាពអឺរ៉ុបដូចដែលបានស្នើរឡើងដោយលោក Macron ដែលជាប្រធានាធិបតីបារាំងចូលចិត្តលេងពាក្យធំៗនោះទេ។
ប្រធានាធិបតីបារាំងចង់បានសន្និបាតប្រជាធិបតេយ្យដែលមានរយៈពេល៦ខែក្នុងប្រទេសនិមួយៗ ដែលក្នុងអំឡុងនោះពលរដ្ឋសហភាពអឺរ៉ុបនឹងជជែកដេញដោលពីគោលបំណងរួមនិងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ ដោយមានរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងសភាដាច់ដោយឡែក និងថវិកាខ្លួនឯងដើម្បីបង្កាទុកនៅពេលវិបត្តិហិរញ្ញវត្ថុកើតឡើងនៅថ្ងៃអនាគត។
នៅដើមឆ្នាំនេះ លោកស្រី Merkel បានផ្តល់ការយល់ព្រមប្រកបដោយគុណភាពនៃគំនិតធ្វើកំណែទម្រង់ដល់ប្រធានាធិបតី Macron ក៏ប៉ុន្តែ ពួកអ្នកវិភាគនិយាយថា ទស្សនៈនៅក្នុងក្រុងប៉ារីសនិងប៊ែឡាំងអំពីសមាហរណកម្មតំបន់ប្រើប្រាក់អឺរ៉ូមានភាពខុសគ្នាយ៉ាងខ្លាំង។ លោក Qvortrup បង្ហាញពីភាពខុសគ្នារវាងលោកស្រី Merkel និងលោកHelmut Kohl អធិការបតីអាល្លឺម៉ង់ដែលកាន់តំណែងមុនរបស់លោកស្រី ដែលបានមើលខុសត្រូវចំពោះការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់និងមានទស្សនៈសម្រាប់សហភាពអឺរ៉ុបធំជាងលោកស្រី Merkel។
លោកបាននិយាយនៅក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះជាមួយអង្គការ Chatham Houseដែលជាក្រុមស្រាវជ្រាវគោលនយោបាយរបស់ចក្រភពអង់គ្លេសថា«លោកស្រី Merkel យកចិត្តទុកដាក់សហភាពអឺរ៉ុបជាគម្រោងអន្តររដ្ឋាភិបាល»។
អ្នកវិភាគផ្សេងទៀតចោទសួរថា តើហេតុអ្វីបានជាលោកស្រី Merkel យល់ព្រមដល់កំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយដែលអាល្លឺម៉ង់បានទទួលប្រយោជន៍យ៉ាងខ្លាំងនោះ។
បញ្ហាតូចៗក្លាយជាធំ
សេចក្តីប្រកាសគោលនយោបាយរបស់គណបក្សលោកស្រីសម្រាប់ការបោះឆ្នោតថ្ងៃអាទិត្យនិយាយពីមហាគម្រោងតិចតួចនិងសម្បូរវិធានការតូចៗវិញ ថ្វីបើគណបក្សនោះបានប្តេជ្ញាចិត្តបង្កើនការចំណាយខាងវិស័យការពារប្រទេសពី1,2 %នៃផលិត ផលក្នុងស្រុកសរុប (GDP) ទៅដល់ទីដៅ២ភាគរយរបស់អង្គការអូតង់។ក៏ប៉ុន្តែ ការបង្កើនចំណាយខាងវិស័យយោធានិងការប្រើប្រាស់យោធាមិនដូចគ្នាទេ ព្រោះ ការស្ទង់មតិកាលពីពេលថ្មីៗនេះបង្ហាញថា ពលរដ្ឋអាល្លឺម៉ង់ភាគច្រើនមិនសប្បាយចិត្តពីគំនិតនៃការប្រើប្រាស់កម្លាំង ទោះបីក្នុងវិស័យការពារប្រទេសរបស់អង្គការអូតង់ក៏ដោយ។
ក៏ប៉ុន្តែ លោBernd Ulrich ជាអ្នកកាសែតអាល្លឺម៉ង់និងជាបណ្ណាធិការខាងនយោបាយនៃកាសែតប្រចាំសប្តាហ៍ Die Zeit ជជែកឲ្យហេតុផលថា លក្ខណៈនៃការដឹកនាំរបស់លោកស្រីMerkel មានលក្ខណៈខុសប្លែកពីសមភាគីក្រអឺតក្រទមរបស់លោកស្រី។ លោកអះអាងឲ្យហេតុផលទៀតថា ការណ៍ដែលលោកស្រីមិនមានមហាផែនការ មិនមែនមានន័យថា លោកស្រីមិនមានភាពមេដឹកនាំនោះទេ។
លោក Bernd Ulrich បានសរសេរកាលពីពេលថ្មីៗនេះថា «ការណ៍នេះជាការយល់ច្រឡំដែលជនជាតិអាមេរិកាំងហៅលោកស្រីអធិការបរតីអាល្លឺម៉ង់ថាជាមេដឹកនាំថ្មីរបស់ពិភពលោកខាងលិចនោះ។ លោកស្រី Merkel អាចចាត់ទុកជាមេដឹកនាំម្នាក់គត់ ប្រសិន បើភាពជាមេដឹកនាំនោះជាអ្វីដែលមានន័យផ្សេងវិញ គឺជាអ្វីដែលផ្អែកលើបណ្តាញការងារ ភាពជាស្រ្តីនិងកិច្ចសហការណ៍នោះ»។
ឥរិយាបថសហប្រតិបត្តិការរបស់លោកស្រីនឹងក្លាយជាការប្រឈមមួយក្នុងអាណត្តិទី៤របស់លោកស្រីនេះ។សហភាពអឺរ៉ុបប្រឈមចលាចលនៅក្នុងតំបន់អឺរ៉ុបខាងកើត ដោយរដ្ឋាភិបាលប្រជានិយមក្នុងប្រទេសប៉ូឡូញនិងហុងហ្គ្រីដែលមិនធ្វើតាមគោលនយោបាយអន្តោប្រវេសន៍និងសេរីភាពស៊ីវិលក្រុង Brussels ។បញ្ហាមួយទៀតគឺការរក្សាសណ្តាប់ធ្នាប់ក្រោយការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសហៅថា Brexit ហើយបញ្ហានេះដែលលោកស្រីអាចប្រើគោលនយោបាយតឹងរ៉ឹងលើរដ្ឋាភិបាលអង់គ្លេសដែលចង់យកចំណេញនៅពេលដែលនិយាយពីទំនាក់ទំនងនៅពេលអនាគតរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប។
ក៏ប៉ុន្តែ បញ្ហាប្រឈមដ៏ធំបំផុតរបស់លោកស្រីគឺជាមួយសហរដ្ឋអាមេរិក ដែលគំនិត ផ្តល់អាទិភាពដល់ប្រទេសអាមេរិកឬ America First របស់ប្រធានាធិបតីត្រាំនិងមន្ទិលចំពោះកិច្ចព្រមព្រៀងពហុភាគី គឺផ្ទុយទាំងស្រុងទៅនឹងការតាំងចិត្តរបស់លោកស្រីដើម្បីការពាររចនាសម្ព័ន្ធនយោបាយមួយដែលផ្អែកលើច្បាប់៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន