ភរិយារបស់លោក នី ណាក់ ដែលជាសកម្មជនសង្គមមួយរូប ស្នើឱ្យមានការដោះលែងស្វាមីរបស់អ្នកស្រី ដោយអះអាងថា ស្វាមីបានសុំទោសចំពោះកំហុសឆ្គងដែលតែងតែរិះគន់រដ្ឋាភិបាល និងបានសុំចុះចូលជាមួយរដ្ឋាភិបាល។ នេះបើតាមអ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់ ថ្លែងក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ។
អ្នកស្រី សុខ ស៊ីណែត ថ្លែងថា អ្នកស្រីបានជួបស្វាមីនៅពន្ធនាគារព្រៃស ហើយស្វាមីបានផ្តាំផ្ញើថា ខ្លួនបានសុំទោស និងសោកស្ដាយចំពោះកំហុសដែលបានយកព័ត៌មានពីក្រៅស្រុកគ្មានដែលមូលដ្ឋានច្បាស់លាស់មកបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក។
អ្នកស្រីថ្លែងថា៖ «នាងខ្ញុំសូមឱ្យសម្ដេចពុក និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយឱ្យប្តីនាងខ្ញុំបានចេញសារសុំទោស ហើយនឹងជួយឱ្យប្តីនាងខ្ញុំមានសេរីភាពឡើងវិញ ដើម្បីចូលរួម ជីវភាពនយោបាយជាមួយរាជរដ្ឋាភិបាល»។
លោក នី ណាក់ ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីសប្តាហ៍មុន ក្រោមបទចោទប្រកាន់ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង» ដែលប្តឹងដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
គួរបញ្ជាក់ថា លោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្មតែងតែរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ លោកក៏ធ្លាប់ជួបជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ ១៨ ខែ ពីបទ«ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីចុងឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩៕
វេទិកាបញ្ចេញមតិ