ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​សង្គម លោក នី ណាក់ ពី​បទ«បរិហាកេរ្តិ៍ និង​ញុះ​ញង់»ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ


រូបឯកសារ៖ លោក នី ណាក់ សហគ្រិនកសិកម្ម ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ២០២០ ក្រោយ​បង្ហោះសារ​ត្រាប់​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ Facebook/Nak Ny)
រូបឯកសារ៖ លោក នី ណាក់ សហគ្រិនកសិកម្ម ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ២០២០ ក្រោយ​បង្ហោះសារ​ត្រាប់​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ Facebook/Nak Ny)

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​សង្គម លោក នី ណាក់ ពី​បទ​«បរិហាកេរ្តិ៍ និង​ញុះញង់» ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក។ នេះ​បើ​តាម​ភរិយា​របស់​លោក នី ណាក់ និង​ដីកា​របស់​តុលាការ។

លោក នី ណាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​ហើយ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ហើយ​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​រាជធានី​ភ្នំពេញ។

អ្នកស្រី សុខ ស៊ីណែត ភរិយា​របស់​លោក នី ណាក់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​ថា​នា​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៤ ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​នគរបាល​បញ្ជូន​តាម​រថយន្ត​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ អ្នកស្រី​ថា​ស្វាមី​របស់​អ្នកស្រី​បាន​ផ្តាំ​ផ្ញើ​អ្នកស្រី​តាម​ទូរស័ព្ទ​កុំ​ឲ្យ​បារម្ភ​ពី​រូប​លោក។

អ្នកស្រី​ចាត់​ទុក​ការ​ឃុំខ្លួន​ស្វាមី​ជា​រឿង​អយុត្តិធម៌ និង​ប៉ះ​ពាល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

អ្នកស្រីថ្លែង​ថា៖ «គាត់​និយាយ​ហ្នឹង​ក្នុង​ន័យ​ស្ថាបនា​រាជរដ្ឋាភិបាល។ បើ​ជា​យើង​មិន​បាន​ធ្វើ​ទេ ហេតុ​អ្វី​ក៏​ចាប់​អារម្មណ៍​នឹង​សម្តី​គាត់​និយាយ?»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ភ្លាមៗ​ពី​លោក ប្លង់ សុផល អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

បើ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ដែល​ផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មាន​ស្និទ្ធនឹង​រដ្ឋាភិបាល​Frehnews ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ញឹម ពិសាល បាន​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក នី ណាក់ នៅ​ព​ន្ធនាគារ​ព្រៃស ក្រោម​បទ«ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១២ និង​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣ តាម​មាត្រា​៨៨ មាត្រា​៣០៧ មាត្រា​៤៩៥ និងមាត្រា​៤៩៦នៃ​ក្រមព្រហ្មទណ្ឌ។

បើ​តាម​មាត្រា​៨៨​នៃ​ក្រម​ព្រហ្មទណ្ឌ កាល​បើ​បុគ្គល​ណាមួយ​ត្រូវ​បាន​ផ្តន្ទាទោស​ជា​ស្ថាពរ​រួច​ហើយ ពីបទ​មជ្ឈិម​ណាមួយ បុគ្គល​នេះ​បាន​ប្រព្រឹត្ត​បទ​មជ្ឈិម​ដដែល​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ អតិបរមា​នៃ​ទោស​ដាក់​ពន្ធនាគារ​ចំពោះ​បទ​មជ្ឈិម​ថ្មី​ត្រូវ​ទ្វេ​ឡើង។

លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក នី ណាក់ បាន​ផ្សព្វផ្សាយ«ព័ត៌មាន​មិន​ពិត មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ញុះញង់» និង​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ ហើយ​វា​ប៉ះពាល់​កិត្តិយស​សេចក្តី​ថ្លៃ​ថ្នូរ​របស់​លោក ហេង សួរ។ លោក​បញ្ជាក់​បន្ថែម​ថា​ព័ត៌មាន​នោះ​ទាក់​ទង​នឹង​ការ​លើក​ឡើង​ថា​«កាត់​ដី​ឲ្យ​លោក ហេង សួរ ទុក​សង់​រោងចក្រ​ចំនួន​២ពាន់​និង​ធ្វើ​ការិយាល័យ​សម្រាប់​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ»។

លោក កត្តា អ៊ន បញ្ជាក់​ថា​លោក​បាន​បំភ្លឺ​ទៅ​កាន់​សាធារណ​ជន​ថា​ការ​កាត់ដី​ចំនួន​១០០​ហិកតា​នៅ​ខេត្ត​កំពត ផ្តល់​ទៅ​ឈ្មោះ​ហេង សួរ មិន​មែន​ជា​រដ្ឋមន្រ្តី​ក្រសួង​ការងារ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​លោក នី ណាក់ និង​បក្ខពួក​របស់​ខ្លួន​នៅ​តែ​បន្ត​ចែក​ចាយ​នូវ​ព័ត៌មាន​មិន​ពិត​ទាំង​នេះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរដល់កិត្តិយស​សេចក្តីថ្លៃ​ថ្នូរ​របស់​ឯក​ឧត្តម​ហេង សួរ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ហើយ​នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ»។

កាល​ពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៣ លោក នី ណាក់ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖ «តើ​លោក ហេង សួរ បាន​សាង​ស្នាដៃ​ធំធេង​អ្វី​ដល់​ជាតិ​ខ្មែរ បាន​ជា​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​ផ្តល់​ឱ្យ​ធ្វើ​ជា​កម្ម​សិទ្ធិ? RIP ព្រៃឈើ​ខ្មែរ»។ ចំណែក​កាល​ពីថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​លើ​ហ្វេសប៊ុក​របស់​លោក នី ណាក់ មាន​ការ​បង្ហោះ​សារ​ក្នុង​ន័យ​ដើម​ថា៖ «កាត់ដីឱ្យ​លោក ហេង សួ ប្រហែល​ជា​ទុក​សង់​រោងចក្រ ២០០០ និង​ធ្វើការិយាល័យ ឱ្យ​មន្ត្រី​ក្រសួង​ការងារ ព្រោះ​ឃើញ​គាត់​ប្រាប់​ថា​ធ្វើ​ការ​រហូតគ្មានថ្ងៃ​សៅរ៍ ឬ អាទិត្យ​ឡើយ»។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គ​ស្នងការ​នគរបាល​ជាតិ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​ថា​សមត្ថកិច្ច​នាំ​ខ្លួន​លោក​ នី ណាក់​ ទៅ​សាក​សួរតាម​ដីកា​កោះ​ហៅ​របស់​តុលាការ ដែល​លោកថា​មាន​លោក ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ ជា​ដើម​បណ្តឹង ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់។

លោក នី ណាក់ គឺជា​សកម្ម​ជន​សង្គម​មួយ​រូប​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ និង​តែង​តែ​រិះ​គន់​អំពី​ភាព​អវិជ្ជ​មាន​ក្នុងសង្គម។ កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​ធាក់​ម៉ូតូ​ផ្តួល​ និង​បាន​វាយ​ដំ​លើ​រាង​កាយ ​និង​ក្បាល​យ៉ាង​ដំណំ នៅ​ពេល​ដែល​លោក​ និង​ភរិយា​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ​នៅ​ជិត​វត្ត​ព្រែក​ប្រា ​ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ។

លោក នី ណាក់ ធ្លាប់​ជាប់​ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ​«ជេរ​ប្រមាថ​ជា​សាធា​រណៈ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» កាល​ពី​ថ្ងៃទី​៧ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ ក្នុង​លក្ខណៈ​កំប្លែង រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

គួរ​បញ្ជាក់​ថា​លោក នី ណាក់ ​ម្ចាស់​គណនី​សង្គម​ហ្វេស​ប៊ុក​ឈ្មោះ​ IMan-KH ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​តែង​តែ​រិះគន់​ចំណុច​អវិជ្ជ​មាន​នានា​ក្នុង​សង្គម ជា​ពិសេស​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​។ លោក នី ណាក់ ក៏​ធ្លាប់​ជួប​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ផង​ដែរ កាល​ពី​កន្លង​ទៅ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG