អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចាត់ទុកថា ការចាប់ខ្លួនសកម្មជនសង្គម លោក នី ណាក់ ជាឧទាហរណ៍មួយទៀតនៃការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធលើអ្នករិះគន់រដ្ឋាភិបាលដែលកំពុងអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួនដោយសន្តិវិធី។ អង្គការអន្តរជាតិមួយនេះជំរុញឱ្យដោះលែងសកម្មជនរូបនេះជាបន្ទាន់។
បើតាមសេចក្តីថ្លែងការណ៍របស់លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចេញផ្សាយកាលពីថ្ងៃទី ៧ ខែមករា ការចាប់ខ្លួនលោក នី ណាក់ បង្ហាញថា មានការផ្លាស់ប្តូរបន្តិចបន្តួចក្រោមរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពេលនិយាយអំពីសិទ្ធិពលរដ្ឋនិងនយោបាយជាមូលដ្ឋាន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «លោក ហ៊ុន ម៉ាណែត កំពុងដើរតាមគន្លងឪពុករបស់លោកក្នុងការរឹតបន្តឹងសិទ្ធិបញ្ចេញមតិ សិទ្ធិចូលរួមជាមួយអង្គការឯករាជ្យ និង សិទ្ធិធ្វើបាតុកម្មជាសាធារណៈដោយសន្តិវិធី ហើយលោកកំពុងគាបសង្កត់ព័ត៌មាននៃសកម្មភាពទាំងនេះ ដោយវាយប្រហារបណ្តាញសារព័ត៌មានឯករាជ្យមួយចំនួនដែលនៅសេសសល់ហើយដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់ ប្រាប់វីអូអេថា ចំណាត់ការមកលើស្វាមីរបស់អ្នកស្រីមានលក្ខណៈប្រញាប់ប្រញាល់ជ្រុល និងបានរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិយ៉ាងខ្លាំង។
អ្នកស្រីថ្លែងថា៖ «បងមិនចង់ចោទថាអីទេ ប៉ុន្តែចង់និយាយថា វាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋធម្មតា មានការចោទប្រកាន់យល់ថា វាជាអំពើអយុត្តិធម៌»។
អ្នកស្រីក៏បានអំពាវនាវដល់តុលាការឱ្យទម្លាក់បទចោទប្រកាន់ និងដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាពវិញ។
លោក នី ណាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែមករា ក្រោយមានការប្តឹងផ្តល់ពីរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ លោក នី ណាក់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖ «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ»។ ចំណែកកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅលើហ្វេសប៊ុករបស់លោក នី ណាក់ មានការបង្ហោះសារក្នុងន័យដើមថា៖ «កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ ២០០០ និងធ្វើការិយាល័យ ឱ្យមន្ត្រីក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថា ធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬ អាទិត្យឡើយ»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេថា លោក នី ណាក់ បានផ្សព្វផ្សាយ«ព័ត៌មានមិនពិត មានចេតនាទុច្ចរិតក្នុងការញុះញង់» និងធ្វើឱ្យសាធារណជនយល់ច្រឡំ ហើយវាប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក ហេង សួរ។ លោកបន្ថែមថា ព័ត៌មាននោះទាក់ទងនឹងការលើកឡើងថា «កាត់ដីឱ្យលោក ហេង សួរ ទុកសង់រោងចក្រចំនួន ២ពាន់ និងធ្វើការិយាល័យសម្រាប់មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
លោក កត្តា អ៊ន បញ្ជាក់ថា លោកបានបំភ្លឺទៅកាន់សាធារណជនថា ការកាត់ដីចំនួន ១០០ ហិកតានៅខេត្តកំពត ផ្តល់ទៅឈ្មោះ ហេង សួរ មិនមែនជារដ្ឋមន្រ្តីក្រសួងការងារនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤ បញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល បានបង្គាប់ឱ្យឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារព្រៃស ក្រោមបទចោទ «ការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមបរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យមានការរើសអើង» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ និងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ ដោយយោងតាមមាត្រា ៨៨ មាត្រា ៣០៧ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
តុលាការបញ្ជាក់ថាសាររបស់លោក នី ណាក់ ជា «បទល្មើស» ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌកម្ពុជា។
បើតាមមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ កាលបើបុគ្គលណាមួយត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយ ពីបទមជ្ឈិមណាមួយ ប៉ុន្តែបុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមដដែលក្នុងរយៈពេល ៥ ឆ្នាំ អតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទមជ្ឈិមថ្មីត្រូវទ្វេឡើង។
លោក នី ណាក់ គឺជាសកម្មជនសង្គមមួយរូបដែលធ្លាប់ជាប់ពន្ធនាគារ និងតែងតែរិះគន់អំពីភាពអវិជ្ជមានក្នុងសង្គម។ កាលពីខែកញ្ញា ឆ្នាំមុន លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមធាក់ម៉ូតូផ្តួល និងបានវាយដំលើរាងកាយ និងក្បាលយ៉ាងដំណំ នៅពេលដែលលោក និងភរិយាធ្វើដំណើរតាមដងផ្លូវ នៅជិតវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក នី ណាក់ ធ្លាប់ជាប់ពន្ធនាគារ ១៨ ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ«ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក្នុងលក្ខណៈកំប្លែង រឿងទិញម៉ាស់ពាក់ឱ្យមាន់ អំឡុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
គួរបញ្ជាក់ថា លោក នី ណាក់ ម្ចាស់គណនីសង្គមហ្វេសប៊ុកឈ្មោះ IMan-KH ដែលមានជំនាញក្នុងវិស័យកសិកម្មតែងតែរិះគន់ចំណុចអវិជ្ជមាននានាក្នុងសង្គម ជាពិសេសពាក់ព័ន្ធវិស័យកសិកម្ម តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ លោក នី ណាក់ ក៏ធ្លាប់ជួបជាមួយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ កាលពីកន្លងទៅ៕
វេទិកាបញ្ចេញមតិ