សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកយន្ដហោះចម្បាំងទីពីររបស់ខ្លួនទៅកាន់វៀតណាមក្នុងពេលថ្មីៗនេះ។ ការណ៍នេះកើតឡើងបន្តិចក្រោយពីសហរដ្ឋអាមេរិកពង្រឹងចំណងសេដ្ឋកិច្ចជាមួយនឹងប្រទេសវៀតណាម ដោយសារព្រួយបារម្ភអំពីអតុល្យភាពពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
វៀតណាមយល់ព្រមធ្វើតាមចំណាត់ការទាំងពីរនេះរបស់សហរដ្ឋអាមេរិក ប៉ុន្តែវៀតណាមមិនសង្កត់ធ្ងន់ថា រឿងទាំងនេះសំខាន់នោះទេ។
ចំណងទាក់ទងរវាងវៀតណាមនិងសហរដ្ឋអាមេរិកកាន់តែជិតស្និទ្ធ បើទោះជាប្រទេសទាំងពីរមានសង្គ្រាមដ៏ជូរចត់នឹងគ្នាកាលពី៥០ឆ្នាំមុនក៏ដោយ។ ក្រុមអ្នកវិភាគនិយាយថា នេះក៏ដោយសារតែប្រទេសទាំងពីរសង្ឃឹមថា នឹងតាមដានមើលការពង្រីកដែនដីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែប្រព័ន្ធនយោបាយកុម្មុយនិស្តរបស់វៀតណាមនិងការណ៍ដែលវៀតណាមចង់ផ្សាភ្ជាប់គោលនយោបាយការបរទេសជាមួយនឹងប្រទេសចម្រុះជាជាងការគាំទ្របស្ចិមប្រទេសតែមួយទំនងជានឹងធ្វើឲ្យវៀតណាមមិនទៅជិតស្និទ្ធនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពេកនោះទេ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកព្រួយបារម្ភអំពីពាណិជ្ជកម្មលើសលប់របស់សហរដ្ឋអាមេរិកជាមួយវៀតណាម។
លោក Sean King អនុប្រធានក្រុមហ៊ុនប្រឹក្សានយោបាយ Park Strategies ក្នុងទីក្រុង New York បានថ្លែងថា៖ «ស្ថាប័នការិយាធិបតេយ្យរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រាកដជាមើលឃើញរដ្ឋាភិបាលក្រុងហាណូយថាជាដៃគូមួយនៅក្នុងការរុញច្រានការទាមទារនិងការដាក់បញ្ឈរជើងកងកម្លាំងយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែវៀតណាមមិនមែនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឬជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនោះទេ ដូច្នេះធ្វើឲ្យភាពជាដៃគូនេះមានកម្រិត»។
លោក King បានថ្លែងទៀតថា៖ «ខ្ញុំមានអារម្មណ៍ថា វៀតណាមចង់យកសហរដ្ឋ អាមេរិកប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់ ប៉ុន្តែមិនចង់ស្ថិតក្រោមយុទ្ធសាស្ត្រគ្រប់គ្រងដែលទូលំទូលាយជាងនេះរវាងសហរដ្ឋអាមេរិកនិងចិនដីគោកនោះទេ»។
នាវាដឹកយន្ដហោះចម្បាំងមកដល់វៀតណាម
កាលពីថ្ងៃទី៥ ខែមីនា នាវាដឹកយន្ដហោះចម្បាំងឈ្មោះ USS Theodore Roosevelt របស់សហរដ្ឋអាមេរិកបានចុះចតនៅកំពង់ផែក្នុងទីក្រុងដាណាង ដែលស្ថិតនៅចំកណ្ដាលប្រទេសវៀតណាម។ នេះបើតាមសេចក្ដីរាយការណ៍របស់គេហទំព័រព័ត៌មានយោធាដែលមានឈ្មោះថា Stars and Stripes។ នាវាសម្រាប់បាញ់គ្រាប់មីស៊ីលមួយគ្រឿងក៏បានអមដំណើរនាវាដឹកយន្ដហោះចម្បាំងនេះក្នុងពិធីស្វាគមន៍មួយផងដែរ។ នាវាដឹកយន្ដហោះចម្បាំងឈ្មោះ USS Carl Vinson គឺជានាវារបស់សហរដ្ឋអាមេរិកទីមួយដែលបានទៅចុះចតនៅវៀតណាមកាលពីពីរឆ្នាំមុន ចាប់តាំងពីសង្គ្រាមវៀតណាមមក។
ដំណើរទស្សនកិច្ចនេះបង្ហាញថា ភាគីទាំងសងខាងមានគោលបំណងនឹងពង្រឹងទំនាក់ទំនងផ្នែកការពារប្រទេសរបស់ខ្លួន។ វៀតណាមស្វែងរកការគាំទ្រពីខាងក្រៅដើម្បីឲ្យនាវាចិននៅឆ្ងាយពីខ្សែទឹកសមុទ្រចិនខាងត្បូង ដោយសារតែវៀតណាមនិងចិនទាមទារដូចគ្នានូវដែនសមុទ្រចិនខាងត្បូង ប៉ុន្តែចិនមានកម្លាំងយោធាខ្លាំងជាង។
ក្រុមមន្ត្រីវៀតណាម «កំពុងតែកសាងយុទ្ធសាស្ត្រជឿទុកចិត្តគ្នាមួយរវាងសហរដ្ឋ អាមេរិកនិងវៀតណាម ហើយក្រុមមន្ត្រីទាំងនោះចង់ឲ្យសហរដ្ឋអាមេរិកពាក់ព័ន្ធកាន់តែច្រើននៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការលើកឡើងរបស់លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សជាតិនៅក្នុងទីក្រុងហូជីមិញ។
លោកបានលើកឡើងបន្ថែមទៀតថា៖ «ខ្ញុំគិតថា នៅពេលអនាគត វៀតណាមនឹងស្វាគមន៍នាវាទាហានជើងទឹករបស់សហរដ្ឋអាមរិកកាន់តែខ្លាំងជាងនេះ»។
នាវាវៀតណាមនិងចិនបានប្រយុទ្ធគ្នាកាលពី២០១៤ ដោយសារការជីកអណ្ដូងប្រេងរបស់ចិន។ កាលពីឆ្នាំមុន ភាគីទាំងពីរបានឈានដល់ការប្រឈមមុខដាក់គ្នានៅក្បែរ Vanguard Bank ដែលជាដែនសមុទ្រមួយនៅសមុទ្រចិនខាងត្បូង ដែលវៀតណាមស្វែងរកថាមពលនៅទីនោះ។
ចិនបានយកឯកសារប្រវត្តិសាស្ត្រជាសំអាងក្នុងការទាមទារយកដែនសមុទ្រចិនខាងត្បូងប្រមាណ៩០% ដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ ហើយសម្បូរទៅដោយអាងស្ដុកប្រេងឥន្ធនៈផូស៊ីលនិងមច្ឆា។ ចិនបានបន្លាចវៀតណាមនិងរដ្ឋាភិបាលអាស៊ីចំនួន៥ផ្សេងទៀត ដោយបញ្ជូននាវានានានិងដោយចាក់ដីបំពេញកូនកោះនានាសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា។
ការប្រឆាំងរបស់វៀតណាមចំពោះចិនធ្វើឲ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama ចាប់អារម្មណ៍។ កាលពីឆ្នាំ២០១៦ លោក Obama បានដកទណ្ឌកម្មក្រោយសង្គ្រាមចេញពីវៀតណាម ដោយអាចឲ្យសហរដ្ឋអាមេរិកលក់សព្វាវុធឲ្យរដ្ឋាភិបាលក្រុងហាណូយបាន។
ក្រៅពីពង្រឹងទំនាក់ទំនងជាមួយវៀតណាម សហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំងជាទៀងទាត់ទៅកាន់សមុទ្រចិនខាងត្បូងផ្អែកលើគោលការណ៍«ប្រតិបត្តិការដោយសេរី»ដើម្បីព្រមានប្រទេសចិន ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថាជាគូប្រជែងដ៏មានអំណាចរបស់ខ្លួន។
វៀតណាមមិនចង់ជិតស្និទ្ធនឹងសហរដ្ឋអាមេរិកលើផ្នែកយោធាខ្លាំងពេកនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Carl Thayer សាស្ត្រាចារ្យកិត្តិយសនៃសាកល វិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី។
វៀតណាមធ្វើពាណិជ្ជកម្មយ៉ាងគគ្រឹកគគ្រេងជាមួយចិន ហើយនៅតែរក្សាទំនាក់ទំនងដ៏ទូលំទូលាយនេះឲ្យនៅស្ថិតស្ថេរដដែល បើទោះជាមានជម្លោះដែនសមុទ្រក៏ដោយ ដោយសារតែនេះគឺជាគោលនយោបាយការបរទេសជាមួយប្រទេសចម្រុះរបស់វៀតណាម។ រដ្ឋាភិបាលវៀតណាមក៏មានយុទ្ធសាស្ត្រភាពជាដៃគូទូលំទូលាយជាមួយឥណ្ឌា និងសម្ព័ន្ធមិត្តចាស់របស់ខ្លួនគឺរុស្ស៊ីផងដែរ។
អ្នកអភិរក្សនិយមមួយចំនួននៅក្នុងរដ្ឋាភិបាលវៀតណាមមិនចង់ឲ្យទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិកកើនឡើងឆាប់រហ័សពេកនោះទេ។ នេះបើតាមការលើកឡើងរបស់លោក Nguyen។
តឹងរ៉ឹងជាងមុនលើពាណិជ្ជកម្ម
កាលពីថ្ងៃទី១០ ខែកុម្ភៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកលែងចាត់ទុកវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ទៀតហើយ។ ការណ៍នេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលកាន់តែជិតស្និទ្ធជាងមុន ហើយចំណាត់ការនេះក៏អនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនអង្កេតមើលថាតើការជួយដល់ការនាំចេញរបស់វៀតណាមអាចប៉ះពាល់ដល់ឧស្សាហកម្មសហរដ្ឋអាមេរិកដែរឬទេ។
វៀតណាមឥឡូវនេះត្រូវតែអនុវត្តទៅតាមគោលការណ៍ណែនាំស្ដីពីការនាំចេញដែកថែបនិងស្បែកជើង។ នេះបើតាមការលើកឡើងនៅក្នុងកំណត់ហេតុក្នុងការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ជំនួញឈ្មោះ Dezan Shira & Associates។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកដែលភ្ញាក់ផ្អើលរួចទៅហើយចំពោះឱនភាពពាណិជ្ជកម្មទ្វេភាគីដែលមានទឹកប្រាក់៤ម៉ឺន៧ពាន់លានដុល្លារ កាលពីឆ្នាំមុនមានការព្រួយបារម្ភអំពីថាតើទំនិញចិនអាចត្រូវបានដឹកជញ្ជូនតាមវៀតណាមដើម្បីចៀសវាងការបង់ពន្ធគយនៅសហរដ្ឋអាមេរិកឬយ៉ាងណា។
ដើម្បីសម្រួលដល់ការខ្នក់ចិត្តនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន វៀតណាមកាលពីសប្ដាហ៍មុនបានព្រមព្រៀងគ្នាទិញទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកចំនួនបីពាន់លានដុល្លារ។
កម្លាំងពលកម្មដែលមានតម្លៃទាបរបស់វៀតណាមបានបង្កើនផលិតផលនាំចេញក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ។ ប្រទេសវៀតណាមមិនត្រូវការលក្ខខណ្ឌពិសេសអ្វីទៀតទេ។ នេះបើតាមសម្ដីរបស់លោក Frederick Burke ដែលជាដៃគូជាមួយក្រុមហ៊ុនច្បាប់ឈ្មោះ Baker McKenzie ក្នុងទីក្រុងហូជីមិញ។
ទោះជាយ៉ាងណា លោក King ថ្លែងថា វៀតណាមសង្ឃឹមថា ខ្លួននឹងមិនទន់ខ្សោយរហូតមិនអាចដាក់សម្ពាធឲ្យសហរដ្ឋអាមេរិកបើកចំហខាងវិស័យនយោបាយនោះទេ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា