កាលពីថ្ងៃទី១២ ខែធ្នូ ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានដាក់ឯកសារជូនគណៈកម្មការអង្គការសហប្រជាជាតិស្តីពីការកំណត់ដែនឆ្នេរជាប់សមុទ្រ អំពីផែនការពង្រីកសិទ្ធិរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងហួសចម្ងាយ៣៧០គីឡូម៉ែត្រចេញពីខ្សែបន្ទាត់គោលរបស់ខ្លួន។ ឯកសារនោះមានជាប់ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំដែលម៉ាឡេស៊ីនិងវៀតណាមបានធ្វើឡើងកាលពី១០ឆ្នាំមុន និងធ្វើឱ្យមានការប្រឆាំងពីស្ថានបេសកកម្មចិនប្រចាំនៅអង្គការសហប្រជាជាតិ។ ចិនទាមទារចំណែកប្រមាណ៩០%នៃដែនសមុទ្រចិនខាងត្បូង។
អ្នកវិភាគនិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីរបស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad កំពុងពិនិត្យមើលសិទ្ធិចូលក្នុងដែនសមុទ្ររបស់ប្រទេសនេះ ដោយធ្វើការតាមដានចំពោះការអះអាងណាមួយដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារតែប្រទេសផ្សេងៗកំពុងតែធ្វើការប្រឆាំងនឹងការបង្កើនការកាន់កាប់របស់ចិនទៅលើដែនសមុទ្រដែរនៅពេលនេះ។ ជាក់ស្តែង សហរដ្ឋអាមេរិកបានប្រឆាំងនឹងការពង្រីកដែនសមុទ្ររបស់ចិន ហើយដោយសារមូលហេតុនេះហើយបានជាសហរដ្ឋអាមេរិកផ្តល់ការគាំទ្រផ្នែកយោធាទៅឱ្យប្រទេសដែលប្រជែងនឹងចិននៅអាស៊ី។
ទោះជាម៉ាឡេស៊ីមិនលើកឡើងចំៗពីឈ្មោះរបស់ចិនក៏ដោយ ក៏ការប្រឆាំងរបស់ម៉ាឡេស៊ីអាចធ្វើឱ្យមានការទទួលជំនួយកាន់តែច្រើនពីរដ្ឋាភិបាលក្រុងប៉េកាំង ខណៈដែលម៉ាឡេស៊ីកំពុងពង្រីកអធិបតេយ្យភាពរបស់ខ្លួននៅក្នុងដែនសមុទ្រមានជម្លោះ។ កាលពីអតីតកាល ប្រទេសផ្សេងៗទទួលបានផលប្រយោជន៍ដោយសារតែការធ្វើដូច្នេះ។
លោក Stephen Nagy ដែលសាស្ត្រាចារ្យជំនាញការសិក្សាអន្តរជាតិនិងនយោបាយ នៅសាកលវិទ្យាល័យ International Christian University ក្នុងក្រុងតូក្យូ ប្រទេសជប៉ុននិយាយថា៖ «ពួកគេមើលឃើញរឿងនេះថាជាសម្ពាធដ៏ខ្លាំងមួយប្រឆាំងនឹងរដ្ឋាភិបាលចិន ហើយក៏ឃើញថាវាគឺជាច្រកយុទ្ធសាស្ត្រដែលមានសក្តានុពលមួយ ក្នុងការទទួលបានជំនួយហិរញ្ញវត្ថុ និងជំនួយសម្រាប់ការអភិវឌ្ឍកាន់តែច្រើនពីប្រទេសចិនផងដែរ»។
លោកបានបន្ថែមថា៖ «ពួកគេកំពុងដាក់សម្ពាធចំពេលវេលាដ៏សក្ដិសម ដោយដឹងថា វាស៊ីមេត្រីជាមួយនឹងរដ្ឋផ្សេងទៀតនៅក្នុងតំបន់ជាជាងធ្វើសកម្មភាពនេះតែម្នាក់ឯង»។
មិត្តចាស់
លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលគណបក្សចម្រុះរបស់លោកបានចាញ់លោក Mahathir នៅក្នុងការបោះឆ្នោតសភាឆ្នាំ២០១៨ ជារឿយៗបានរិះគន់ប្រទេសចិន ប៉ុន្តែបែរទទួលយកប្រាក់ជំនួយរបស់ចិនសម្រាប់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធក្នុងស្រុកទៅវិញ ទោះបីជាពលរដ្ឋម៉ាឡេស៊ីមានក្តីបារម្ភអំពីឥទ្ធិពលសេដ្ឋកិច្ចខ្លាំងហួសហេតុរបស់ចិនក៏ដោយ។
នៅពាក់កណ្តាលឆ្នាំ២០១៨ ប្រទេសម៉ាឡេស៊ីទទួលយកប្រាក់កម្ចីចំនួនប្រមាណ៣៤ពាន់លានដុល្លារសម្រាប់គម្រោងនានា នៅក្នុងគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ឬ BRI។ BRI ជាគម្រោងមួយរបស់ចិនដែលមានទឹកប្រាក់ចំនួនមួយទ្រីលានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្ម នៅក្នុងប្រទេសជិត៧០ប្រទេស ដែលលាតសន្ធឹងទៅដល់អឺរ៉ុប។ នៅក្នុងឆ្នាំ២០១៧ ប្រទេសចិនបានរួមចំណែក៧%នៃទឹកប្រាក់សរុបចំនួន១៣ពាន់៦រយលានដុល្លារ ដែលម៉ាឡេស៊ីទទួលបានពីប្រទេសដទៃទៀត។
លោក Mahathir កាន់តែធ្វើការរិះគន់ខ្លាំងជាងមុន ប៉ុន្តែលោកមានការប្រុងប្រយ័ត្នដើម្បីការពារមិត្តភាពនេះ ទោះណាមានជម្លោះលើអធិបតេយ្យភាពសមុទ្រដ៏យូរលង់មកហើយក្តី។ ជម្លោះដែនសមុទ្រនេះបានធ្វើឱ្យកប៉ាល់ឆ្មាំសមុទ្ររបស់ចិនធ្វើដំណើរទៅក្នុងដែនសមុទ្រមានជម្លោះ។ នៅក្នុងខែមេសា លោក Mahathir បានអំពាវនាវឱ្យថ្នាក់ដឹកនាំគណបក្សកុំម្មុយនីស្តផ្តល់និយមន័យនៃពាក្យ «កម្មសិទ្ធិ» លើដែនសមុទ្រដែលថ្នាក់ដឹកនាំកុម្មុយនីស្តទាំងនោះបានប្រើប្រាស់។
ការពិនិត្យមើលទំនាក់ទំនងឡើងវិញ
រដ្ឋាភិបាលរបស់លោក Mahathir កាលពីឆ្នាំមុន បានផ្អាកគម្រោងរថភ្លើងដែលមានទឹកប្រាក់២០ពាន់លានដុល្លារ និងគម្រោងបំពង់ឧស្ម័ន ដែលគម្រោងទាំងពីរនេះទទួលបានការគាំទ្រពីចិន។ លោក Oh Ei Sun ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិង្ហបុរីសម្រាប់កិច្ចការអន្តរជាតិនិយាយថា ឥឡូវនេះ រដ្ឋាភិបាលនេះកំពុងពិនិត្យមើលសិទ្ធិ និងកាតព្វកិច្ចនៅក្នុងដែនសមុទ្រទាំងអស់របស់ប្រទេសម៉ាឡេស៊ី។
លោក Oh បាននិយាយថា ម៉ាឡេស៊ីមិនអាចចេញចូលដែនសមុទ្រនោះបានទៀតទេ ហើយមានតែប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរីប៉ុណ្ណោះដែលអាចចេញចូលបាន ដោយសារតែការឆ្លើយតបយឺតពេលកាលពីមុន។
លោកបាននិយាយថា៖ «ខ្ញុំគិតថា បន្ទាប់ពីបានរៀនសូត្រពីបទពិសោធន៍នោះ រដ្ឋបាលនេះព្យាយាមប្រើប្រាស់មធ្យោបាយមានសុវត្ថិភាពផ្នែកច្បាប់។ ខ្ញុំគិតថា រដ្ឋបាលលោក Mahathir កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យមើលសិទ្ធិ និងកាតព្វកិច្ចទាំងអស់របស់ខ្លួន។ នៅពេលចាំបាច់ ប្រទេសនេះនឹងប្តឹងទាមទារឱ្យបានទាន់ពេលជាងមុន»។
លោក Alan Chong ដែលជាសាស្ត្រាចារ្យនៅសាលាសិក្សាអន្តរជាតិ S. Rajaratnam ក្នុងប្រទេសសិង្ហបុរីនិយាយថា លោកនាយករដ្ឋមន្ត្រីមើលឃើញឱកាសក្នុងការបង្កើនការគ្រប់ដណ្តប់ទៅលើចិន នៅក្នុងកិច្ចចរចានាពេលអនាគត ទាក់ទងនឹងប្រាក់ជំនួយអភិវឌ្ឍន៍។ ប្រទេសម៉ាឡេស៊ីសង្ឃឹមថា នឹងទទួលបានប្រាក់កម្ចីសម្បទាន និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកសម្រាប់គម្រោងដែលគាំទ្រដោយចិន។
លោក Chong បាននិយាយថា «ខ្ញុំគិតថា ពលរដ្ឋម៉ាឡេស៊ីកំពុងព្យាយាមបង្កើតឥទ្ធិពលសម្រាប់ការចរចានៅពេលអនាគតជាមួយនឹងចិន ដោយសារតែលោក Mahathir ជាបុគ្គលមានគំនិតឯករាជ្យជាងមេដឹកនាំមុនរបស់លោក ដូច្នេះលោកត្រូវលេងល្បែងដែលប្រើប្រាជ្ញា។
ចិនចង់គេចពីសេចក្តីសម្រេចរបស់តុលាការ
ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ វៀតណាម និងកោះតៃវ៉ាន់ធ្វើការទាមទារលើផ្នែកខ្លះ ឬទាំងអស់នៃការទាមទាររបស់ចិនទៅលើសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងពីក្រុងហុងកុង ដល់កោះ Borneo។ ម៉ាឡេស៊ីគឺជាអ្នករុករកឧស្ម័នធម្មជាតិនៅក្រោមបាតសមុទ្រដ៏ធំបំផុត។
មិនមែនមានតែម៉ាឡេស៊ីនោះទេដែលធ្វើការប្រឆាំង។ វៀតណាមក៏ត្រូវបានគេរំពឹងថា នឹងពង្រឹងគោលជំហររបស់ខ្លួនចំពោះចិននៅឆ្នាំក្រោយ ក្នុងនាមជាប្រធាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ ខណៈដែលពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីនចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេលូកដៃប្រឆាំងនឹងចិនចំពោះជម្លោះដែនសមុទ្ររបស់ពួកគេ។ ក្នុងចំណោមប្រទេសផ្សេងៗទៀត រដ្ឋាភិបាលអាមេរិកជួយផ្នែកយោធាដល់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលទាមទារចំណែកនៃដែនសមុទ្រមួយនេះ។
ប្រទេសចិនបានចាញ់ក្តីហ្វីលីពីននៅក្នុងតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅក្នុងឆ្នាំ២០១៦ ទាក់ទងនឹងមូលដ្ឋានផ្លូវច្បាប់របស់ខ្លួនទៅលើការទាមទារដែលគេហៅថា ខ្សែបន្ទាត់ព្រំដែនសមុទ្រដាច់ៗជា៩ចំណុចរបស់ចិន។ ប្រទេសចិនបានប្រើប្រាស់ខ្សែបន្ទាត់រាងអក្សរ U ដើម្បីកំណត់ការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលក្រុងប៉េកាំងបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីគាំទ្រការទាមទាររបស់ខ្លួន និងបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលនេះ។ លោក Oh បាននិយាយថា ចិនចង់គេចចេញពីបទពិសោធន៍ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីនេះជាមួយនឹងប្រទេសម៉ាឡេស៊ី។
លោក Wu Haitao ឯកអគ្គរដ្ឋទូតចិនបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី១២ ខែធ្នូថា៖ «គណៈកម្មការកំណត់ដែនឆ្នេរជាប់សមុទ្រគួរបន្តអនុវត្តអំណាចរបស់ខ្លួន ខណៈពេលដែលទទួលពាក្យបណ្តឹងទាំងនោះអំពីការកំណត់ដែនឆ្នេរសមុទ្រខាងក្រៅនៃដែនឆ្នេរពង្រីកបន្ថែម ពាក់ព័ន្ធជាមួយនឹងជម្លោះដែនទឹក ឬដែនដីគោក និងអនុវត្តតួនាទីរបស់ខ្លួន ទៅតាមវិធានជាក់លាក់មួយ។ វិធាននោះលើកឡើងថា គណៈកម្មាការនេះមិនត្រូវពិចារណាលើពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងជម្លោះដែលមិនអាចដោះស្រាយបាននោះទេ»៕