កាលពីខែតុលាកន្លងទៅនេះ កងទ័ពរំដោះប្រជាជនចិនបានដាក់បង្ហាញ «ប្រភេទដ្រូនអេឡិចត្រូនិកដែលប្រើប្រាស់សម្រាប់ធ្វើសង្គ្រាម» ដែលទើបតែបញ្ចប់បេសកកម្មឈ្លបយកព័ត៌មាននៅមុនការតាំងបង្ហាញនេះ។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រដែលជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ការតាំងពិព័រណ៍នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការគ្រប់គ្រងព័ត៌មាននៅពេលមានចលនាយោធាណាមួយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រសួងអេកូឡូស៊ី និងបរិស្ថានចិនបាននិយាយថា នៅក្នុងខែកញ្ញា បណ្តាញដ្រូនមួយដែលបញ្ជាដោយក្រសួងធនធានធម្មជាតិរបស់ចិនត្រូវបានបញ្ជូនទៅស្រាវជ្រាវនៅដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង និងកោះដាច់ស្រយាលដែលមិនមានមនុស្សរស់នៅ។ នៅក្នុងឆ្នាំ២០១៧ អ្នកស្រាវជ្រាវចិនបានបង្ហាញជាសាធារណៈនូវដ្រូនដែលច្នៃឡើងដើម្បីឈ្លបយកការណ៍ និងការធ្វើចរាចរណ៍នៅលើដែនទឹក។
ក្រុមអ្នកជំនាញនិយាយថា ដ្រូនទាំងនោះអាចយកការណ៍បានយ៉ាងស្រួល ហើយប្រសិនបើដ្រូននោះត្រូវបានគេចាប់បាន អ្នកបញ្ជាដ្រូននឹងអះអាងថា ពួកគេប្រើប្រាស់ដ្រូនទាំងនោះដើម្បីរុករកធនធានធម្មជាតិ។ ក្រុមអ្នកជំនាញបន្ថែមថា ដ្រូនមានតម្លៃធូរថ្លៃជាងប្រព័ន្ធរ៉ាដា និងឧបករណ៍ស៊ើបការណ៍ផ្សេងទៀត ហើយវាមានការខាតបង់តិចតួច ប្រសិនបើត្រូវបានគេចាប់បាន។
លោក Alan Chong សាស្ត្រាចារ្យនៅសាលា S. Rajaratnam សម្រាប់ការសិក្សាអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរិនិយាយថា៖
«ច្បាស់ណាស់ ដ្រូនជាឧបករណ៍យកការណ៍ដ៏ល្អមួយ។ ដ្រូនមិនសូវមានតម្លៃដូចយន្តហោះចម្បាំងទេ។ ប្រសិនបើវាត្រូវបានគេបាញ់ទម្លាក់ ចិននឹងធ្វើការតវ៉ា ប៉ុន្តែចិនខាតត្រឹមតែបាត់បង់ដ្រូនតែប៉ុណ្ណោះ»។
ជំហរកាន់តែរឹងមាំនៅក្នុងសមុទ្រចិនខាងត្បូង
ប្រទេសចិនត្រូវបានប្រទេសទាមទារចំណែកផ្សេងទៀតឃ្លាំមើល និងប្រទេសមហាអំណាចលោកខាងលិចតាមដាន។ ប្រទេសទាំងនោះមិនចង់ឲ្យចិនកាន់កាប់កោះបន្ថែមនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េ និងសម្បូរទៅដោយធនធានជលផល និងអណ្តូងប្រេងនោះទេ។
ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវនិយាយថា ដ្រូន រួមជាមួយនឹងបច្ចេកវិទ្យាដែលប្រើសម្រាប់ទាំងផ្នែកយោធានិងស៊ីវិលផ្សេងទៀត នឹងជួយចិនឲ្យរុករកប្រេងឥន្ធនៈនៅបាតសមុទ្រ និងយកការណ៍បានលឿនប្រសិនបើប្រទេសណាពង្រីកការកាន់កាប់ដែនទឹក ជាពិសេសដែនទឹកនៅក្បែរប្រទេសចិន។
លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់បាននិយាយថា៖
«សមុទ្រចិនខាងត្បូងមានទំហំធំ ដូច្នេះប្រសិនបើពួកគេចង់ឈ្លបយកការណ៍ក្នុងទ្រង់ទ្រាយមធ្យម ខ្ញុំគិតថា ដ្រូនមានតម្លៃធូរថ្លៃជាង និងមានប្រសិទ្ធភាពជាង។ នៅក្នុងពេលមិនមានភាពចម្រូងចម្រាស ដូចជាប្រតិបត្តិការប្រចាំថ្ងៃ ដ្រូនមានការចំណាយតិច និងមានប្រសិទ្ធភាព»។
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមមានជម្លោះលើផ្នែកខ្លះ ឬផ្នែកទាំងស្រុងនៃការទាមទាររបស់ចិនទៅលើសមុទ្រនេះ ដែលលាតសន្ធឹងពីហុងកុង ទៅភាគខាងត្បូងរហូតដល់កោះ Borneo។ រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលជួនកាលគាំទ្រដោយប្រទេសជប៉ុន និងអូស្ត្រាលី ប្រើនាវាចម្បាំងរបស់ខ្លួនធ្វើនាវាចរណ៍នៅលើសមុទ្រនេះម្តងម្កាល ដើម្បីត្រួតពិនិត្យមើលសកម្មភាពរបស់ចិន។ ការណ៍នេះធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមានការខឹងសំបារ។
ប្រទេសចិនបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីគាំទ្រដល់ការទាមទាររបស់ខ្លួនដែលមានចំនួនប្រមាណជា៩០%នៃសមុទ្រចិនខាងត្បូង។
ដ្រូន៖ មានតម្លៃធូរថ្លៃ និងធន់នឹងការប្រើប្រាស់
លោក Chong និយាយថា ពីមុនដ្រូនត្រូវបានគេប្រើនៅក្នុងសមុទ្រដើម្បីពិនិត្យមើលជម្រៅទឹកសមុទ្រ វាស់ស្ទង់សីតុណ្ហភាព និងពិនិត្យមើលថាតើមានផ្លាតុងច្រើនប៉ុនណានៅក្នុងទឹក។ ទិន្នន័យទាំងនេះនឹងជួយគេឲ្យយល់បានពីជីវិតក្នុងសមុទ្រ និងគន្លឹះសម្រាប់ការរុករកប្រេង ឬឧស្ម័ន។
អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ University of the Philippines Diliman និយាយថា៖
«ប្រសិនបើចិនប្រើប្រាស់ដ្រូន ប្រហែលជាពួកគេចង់ដឹងមុនថាមានសក្តានុពលអ្វីខ្លះនៅក្នុងតំបន់ទាំងនោះ។ ច្បាស់ណាស់ តំបន់នេះសម្បូរទៅដោយធនធានថាមពល និងធនធានសេដ្ឋកិច្ចផ្សេងទៀត»។
លោក Chong និយាយថា រូបភាពដែលថតបានដោយដ្រូនអាចត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់បន្ទាយយោធានៅលើកោះតូចមួយ ដើម្បីព្យាយាមកុំឲ្យបាត់ព័ត៌មាន ប្រសិនបើដ្រូនទាំងនោះត្រូវបានគេចាប់បាន។
លោក Huang និយាយថា ចិនអាចនឹងបញ្ចូលការប្រើប្រាស់ដ្រូនរបស់ខ្លួនទៅក្នុងផែនការមួយដែលបានប្រកាសនៅក្នុងឆ្នាំ២០១៨ ដើម្បីធ្វើសមាហរណកម្មសកម្មភាពយោធា និងស៊ីវិលរបស់ខ្លួន។ លោកបន្តថា មន្ត្រីយោធានឹងបញ្ជាដ្រូនទាំងនោះដើម្បីឈ្លបយកការណ៍សម្ងាត់ អង្កេតជនស៊ីវិល និងឈ្លបយកព័ត៌មាន ឬគេហៅថា «យុទ្ធសាស្ត្រ ISR»។
លោកបាននិយាយថា៖
«ខ្ញុំមិនដឹងថា កម្មវិធីដ្រូននោះមានប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្របានខ្លាំងប៉ុនណានៅក្នុងសមុទ្រដ៏ធំល្វីងល្វើយនេះទេ ប៉ុន្តែខ្ញុំច្បាស់ណាស់ថា កម្មវិធីដ្រូនមានបេសកកម្មបម្រើយុទ្ធសាស្ត្រ ISR»។
ការប្រើប្រាស់ដ្រូនលក្ខណៈការទូត
ប្រទេសទាមទារចំណែកផ្សេងទៀតមានកម្លាំងយោធាខ្សោយជាងប្រទេសចិន ហើយមានការព្រួយបារម្ភនៅពេលដែលចិនបង្កើនបច្ចេកវិទ្យាពាក់ព័ន្ធនឹងដែនទឹករបស់ខ្លួន។
ប្រទេសវៀតណាម និងចិនបានប្រឈមមុខដាក់គ្នានៅដើមឆ្នាំនេះទៅលើការរុករកថាមពលនៅតាមបណ្តាយឆ្នេរសមុទ្រវៀតណាម ហើយប្រទេសហ្វីលីពីនកាន់តែមានការព្រួយបារម្ភអំពីសម្ពាធចិនទៅលើការកាន់កាប់ដែនទឹករបស់ខ្លួន ទោះជាប្រទេសទាំង២ចុះសម្រុងជាមួយនឹងគ្នាក្នុងកម្រិតថ្នាក់រដ្ឋក៏ដោយក្តី។
អ្នកស្រី Atienza បាននិយាយថា៖
«មនុស្សម្នាមានការបារម្ភថា ចិននឹងប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ គឺថែមទាំងប្រើបច្ចេកវិទ្យានោះ ដើម្បីឈ្លបយកការណ៍ទៅលើប្រជាជនហ្វីលីពីនជាទូទៅផងដែរ។ អ្នកស្រីបន្ថែមថា មេដឹកនាំទទួលបន្ទុកការពារជាតិ និងអ្នកតាក់តែងច្បាប់មួយចំនួន បានចាប់ផ្តើមជួបសាធារណជនដើម្បីបង្ហាញក្តីបារម្ភរបស់ពួកគេ។
ប្រទេសចិនមិនបានបង្ហាញព័ត៌មានលម្អិតអំពីការដាក់ពង្រាយដ្រូនរបស់ខ្លួននោះទេ ប៉ុន្តែប្រទេសនេះបានបញ្ជាក់នៅក្នុងខែមិថុនាថា ខ្លួនយល់ថា ដ្រូនជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងជម្លោះដែនសមុទ្រ។
បន្ទាប់ពីមានការបញ្ជាក់នោះមក គេហទំព័ររបស់កងទ័ពរំដោះប្រជាជនចិនឈ្មោះ China.mil បានបង្ហាញការជាប់ទាក់ទងនឹងផែនការរបស់អាមេរិកក្នុងការលក់ដ្រូនមកឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍ដើម្បីប្រឆាំងចិន។ មន្ទីរបញ្ចកោណបាននិយាយនៅពេលនោះថា ខ្លួននឹងលក់ដ្រូន ScanEagle ចំនួន៣៤គ្រឿង ដែលមានតម្លៃ៤៧លានដុល្លារអាមេរិក ទៅឲ្យម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម៕