ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ក្រុងហុង​ដែល​ខ្លាច​ចិន មិន​នាំគ្នា​រត់​ទៅ​កោះតៃវ៉ាន់​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ?


អ្នកស្រី Katharine Chang ប្រធាន​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌​តៃវ៉ាន់ និង​ហុងកុង ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពិធី​បើក​ការិយាល័យ​សេវាកម្ម និង​ទំនាក់​ទំនង​តៃវ៉ាន់​និង​ហុងកុង នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០។
អ្នកស្រី Katharine Chang ប្រធាន​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​វប្បធម៌​តៃវ៉ាន់ និង​ហុងកុង ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពិធី​បើក​ការិយាល័យ​សេវាកម្ម និង​ទំនាក់​ទំនង​តៃវ៉ាន់​និង​ហុងកុង នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០។

ពួក​អ្នកវិភាគ និយាយ​ថា ពួក​អ្នកក្រុង​ហុងកុង​ភាគច្រើន​និយម​ចូលចិត្ត​ទៅ​ប្រទេស​លោកខាងលិច ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាង​នៅ​កោះតៃវ៉ាន់ ហើយ​អ្នកខ្លះ​ព្រួយបារម្ភ​ថា កោះតៃវ៉ាន់ នៅ​ទីបញ្ចប់ នឹង​មាន​ជម្លោះ​ជាមួយ​ចិន។

ក្រោយពី​ប្រទេស​ចិន បាន​ដាក់​ច្បាប់​សន្តិសុខ​សម្រាប់​កោះ​ហុងកុង កាលពី​ពេល​ថ្មីៗ​នេះ​មក តៃ​វ៉ាន់​បាន​យល់ព្រម​ទទួល​ពលរដ្ឋ​ក្រុង​ហុងកុង ដែល​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន។ ក៏​ប៉ុន្តែ អ្នកវិភាគ​និយាយ​ថា អ្នកស្រុក​ហុងកុង ដែល​ចង់​គេច​ចេញ​ពី​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​សម្រាប់​ដែនដី​ក្រុង​ហុងកុង នឹង​ធ្វើការ​ជ្រើសរើស​ទៅ​តាំងទី​លំនៅ​នៅក្នុង​ប្រទេស​លោក​ខាង​លិច ដោយសារ​ប្រាក់ខែ​ច្រើន និង​មាន​សន្តិសុខ​ច្រើន​ជាង​កោះតៃវ៉ាន់ ទោះបី​កោះតៃវ៉ាន់ នៅ​ជិត​ទីក្រុង​ហុងកុង​ក៏ដោយ។

កោះតៃវ៉ាន់ បាន​បើក​ការិយាល័យ​រដ្ឋាភិបាល​នៅ​ខែ​នេះ​ដើម្បី​ជួយ​ពលរដ្ឋ​ក្រុង​ហុងកុង​ដាក់​ពាក្យ​សុំ​ទៅ​រស់នៅ​តៃ​វ៉ាន់ ក្រោយ​ពេលដែល​ចិន បាន​អនុម័ត​ច្បាប់​សន្តិសុខ​ដែល​បាន​នាំ​ឲ្យ​ពលរដ្ឋ​នៅក្នុង​អតីត​អាណានិគម​របស់​ចក្រភព​អង់គ្លេស ដែល​បាន​តវ៉ា​កាលពី​ឆ្នាំ​ទៅ​ប្រឆាំង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មាន​ការ​ព្រួយ​បារម្ភ។តៃវ៉ាន់ នឹង​ផ្តល់​កន្លែង​ជ្រកកោន​តាម​បែប​ប្រជាធិបតេយ្យ​រួច​ផុតពី​ការ​ធ្វើ​ទុកបុកម្នេញ។

ដោយសារ​តៃវ៉ាន់ ទើបតែ​បាន​បើក​ការិយាល័យ​សេវាកម្ម​របស់​ខ្លួន​នៅ​ក្រុងហុងកុង​តែ​៦ថ្ងៃ​មុន​ប៉ុណ្ណោះ គេ​ពិបាក​វាស់​ស្ទង់​ថា តើ​អ្នក​ស្រុក​ហុង​កុង នឹង​ចាប់​អារម្មណ៍​ច្រើន ឬ​តិច​ទេ។ ប៉ុន្តែ​ពួក​អ្នកវិភាគ ដែល​បាន​តាមដាន​ពី​ការទាក់ទង​ទៅ​វិញ​ទៅ​មក​រវាង​ដែនដី​ហុងកុង និង​កោះតៃវ៉ាន់​រំពឹង​ថា មាន​ពលរដ្ឋ​ក្រុងហុងកុង មិន​សូវ​ច្រើន​ទេ​ដែល​ព្យាយាម​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​កោះតៃវ៉ាន់​នោះ។

ចិន បាន​ត្រួតត្រា​ក្រុងហុងកុង​វិញ​នៅ​ឆ្នាំ១៩៩៧។ តៃវ៉ាន់ ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ថ្វីបើ​រដ្ឋាភិបាល​របស់​ក្រុង​ប៉េកាំង​អះ​អាង​ថា កោះ​នោះ​នៅ​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ចិន​ក៏​ដោយ។

ពួក​អ្នកវិភាគ និយាយ​ថា ពួក​អ្នកក្រុង​ហុងកុង​ភាគច្រើន​និយម​ចូលចិត្ត​ទៅ​ប្រទេស​លោកខាងលិច ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាង​នៅ​កោះតៃវ៉ាន់ ហើយ​អ្នកខ្លះ​ព្រួយបារម្ភ​ថា កោះតៃវ៉ាន់ នៅ​ទីបញ្ចប់ នឹង​មាន​ជម្លោះ​ជាមួយ​ចិន។

លោក Shane Lee ជាសាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ចូលនិវត្តន៍​មកពី​សាកល​វិទ្យាល័យ Chang Jung Christian នៅ​កោះតៃវ៉ាន់។ លោក​ថ្លែង​ថា៖

«កោះតៃវ៉ាន់ ចំពោះ​ពួកគេ​ដូចជា​ក្រុងហុងកុង​ក្នុង​ថ្ងៃអនាគត។ ពួកគេ មន្ទិល​សង្ស័យ​អំពី​អនាគត​របស់​កោះ​តៃវ៉ាន់ មិន​ដឹង​ថា តើ​នឹង​មាន​សង្គ្រាម ឬ ក៏អត់»។

អ្នក​ស្រុក​ហុងកុង​ដែល​ភ័យ​ខ្លាចខ្លះ នឹង​ចាប់​អារម្មណ៍​ចំពោះ​កោះ​តៃវ៉ាន់ ពីព្រោះ​តៃ​វ៉ាន់​នៅ​ជិត​ហុងកុង។ គេ​ អាច​ជិះ​យន្ត​ហោះ​តែ​៩០នាទី សោហ៊ុយ​រស់​នៅ​ថោក និង​តៃវ៉ាន់​មាន​វប្បធម៌​ចិន​ស្រដៀងគ្នា​នឹង​ក្រុងហុងកុង​ដែរ។

រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​ហុងកុង នៅ​កោះតៃវ៉ាន់ និង​អ្នកគាំទ្រ​តៃវ៉ាន់ បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ប្រារព្ធ​ពិធី​ខួប​លើក​ទី១ នៃ​ការប្រមូលផ្តុំ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហុងកុង​ប្រឆាំង​នឹងសេចក្តី​ព្រាង​ច្បាប់​ដែល​ត្រូវ​បាន​ដក​រួច​ហើយ​ នោះ​គឺ​ច្បាប់​ធ្វើ​បត្យាប័ន នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់​នៅ​ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ ក្រុម​អ្នកតវ៉ា​ហុងកុង នៅ​កោះតៃវ៉ាន់ និង​អ្នកគាំទ្រ​តៃវ៉ាន់ បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ប្រារព្ធ​ពិធី​ខួប​លើក​ទី១ នៃ​ការប្រមូលផ្តុំ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ហុងកុង​ប្រឆាំង​នឹងសេចក្តី​ព្រាង​ច្បាប់​ដែល​ត្រូវ​បាន​ដក​រួច​ហើយ​ នោះ​គឺ​ច្បាប់​ធ្វើ​បត្យាប័ន នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់​នៅ​ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។ (AP)

គណកម្មការ​វិនិយោគ​តៃវ៉ាន់ ចុះ​បញ្ជី​គំរោង​វិនិយោគ​មក​ពី​ហុង​កុង​ចំនួន ១៧៦០ ចាប់​តាំងពី​ការចាប់ផ្តើម​កត់ត្រា​ទុក នៅ​ឆ្នាំ​១៩៦២ ហើយ​គំរោង​ទាំង​នោះ​សរុប​ទាំង​អស់​មាន​ទឹក​ប្រាក់​ចំនួន ៧៩០០ លាន​ដុល្លារ។

លោក Liu Yih-jiun ជា​សាស្រ្តាចារ្យ​កិច្ចការ​សាធារណៈ​នៅ​ឯ​សាកល​វិទ្យាល័យ Fo Guang កោះតៃវ៉ាន់។ លោក​និយាយ​ថា ពួកអ្នក​មាន​ទ្រព្យ​សម្បត្តិ ដែល​រត់​គេច​ចេញ​ពី​ទីក្រុង​ហុងកុង ទំនងជា​នឹង​ទៅ​កាន់​ប្រទេស​លោកខាងលិច​ច្រើនជាង​ទៅ​កោះ​តៃវ៉ាន់។ ពួកគេ ចាកចេញ​នៅ​ឆ្នាំ១៩៩៧ ទៅ​កាន់​ប្រទេស​អូស្រ្តាលី កាណាដា និង​ប្រទេស​លោក​ខាង​លិច​ផ្សេងៗ​ទៀត។សោហ៊ុយ​រស់នៅ​កាន់តែ​ថ្លៃ​ឡើង​នៅក្នុង​ប្រទេស​លោក​ខាង​លិច ហើយ​ប្រាក់ខែ​ក៏​ខ្ពស់ដែរ។

ពួកអ្នកវិភាគ ព្រមាន​ថា អ្នក​ធ្វើការ​ធម្មតា​នៅ​ក្រុងហុងកុង នឹង​ប្រឈម​នឹង​ការទទួល​បាន​ប្រាក់ខែ​តិច​នៅ​កោះតៃវ៉ាន់ បើ​ប្រៀបធៀប​ទៅនឹង​ក្រុងហុងកុង។ ម្យ៉ាង​ទៀត​ទីផ្សារ​ការងារ​មាន​កម្រិត​សម្រាប់​អ្នក​ទើប​មក​ដល់​ថ្មី ដែល​មិនមាន​ទំនាក់ទំនង និង​អ្នក​ដែល​និយាយ​ភាសាចិន​កន្តាំង​របស់​ក្រុងហុងកុង ជាជាង​ភាសាចិន​កុកងឺ​ផ្លូវការ​ដែល​ជនជាតិ​តៃវ៉ាន់​ប្រើ។

តាម​ទិន្ន័យ Numbeo បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រាក់ខែ​ប្រចាំខែ​ក្នុង​ក្រុងហុងកុង មាន​ចំនួន​២ដង​ច្រើន​ជាង​ប្រាក់ខែ​របស់​អ្នកធ្វើការ​នៅ​កោះតៃវ៉ាន់។ លោក Liu Yih-jun និយាយ​ថា៖ «ភាសាតែ​មួយ​គត់​ដែល​ពួកគេ​អាច​ទាក់ទង​ជាមួយ​មនុស្ស​បាន គឺ​ចិន​កន្តាំង។ហើយ​សង្គម​នេះ​រាក់ទាក់ ក៏ប៉ុន្តែ​មិន​ជា​រាក់ទាក់​ណាស់​ណា​ទេ។ បើ​ពួក​កម្មករ​បរទេស​ទាំងនោះ ចង់​ប្រកួត​ប្រជែង​រកការងារ​នោះ ពួកគេ នឹង​ជួប​ប្រទះ​ការរើសអើង​យ៉ាងខ្លាំង»។

លោក Alex Chiang ជា​សាស្រ្តាចារ្យ​ជំនួយ​ខាងនយោបាយ​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ជាតិ Chengchi ក្នុង​ក្រុងតៃប៉ិ​និយាយ​ថា ពួកអ្នក​ចូលនិវត្តន៍​ហុងកុង អាច​ពិចារណា​អំពី​ការរស់នៅ​តៃវ៉ាន់​ថា ពីព្រោះ​សាហ៊ុយ​ចាយ​វាយ​តិច​ជាង ក៏ប៉ុន្តែ មនុស្ស​ដែល​ត្រូវការ​ប្រាក់ នឹង​ជៀសវាង​កោះតៃវ៉ាន់។

លោក Chiang និយាយ​ទៀត​ថា៖ «សោហ៊ុយ​រស់នៅ​ទាប ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា ប្រាក់ខែ​មិន​អាច​ប្រៀបធៀប​ទៅ​ក្រុងហុងកុង ដែល​មាន​ច្រើន​នោះ​ទេ។ ខ្ញុំ​គិត​ថា ពួកគេ នឹង​ទៅ​ទីកន្លែង​ផ្សេង ដែល​ពួកគេ​អាច​រក​ប្រាក់​បាន​ច្រើន»។

ប្រទេស​អូស្រ្តាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ក៏​បាន​ស្នើ​វិធី​ផ្សេងៗ​ដើម្បី​ទទួល​យក​ពលរដ្ឋ​ក្រុងហុងកុង​ជា​ជនភៀសខ្លួន ក្រោយពី​មាន​ច្បាប់​ថ្មី​របស់​ចិន​នោះ។

ចិន បាន​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​ក្រុងហុងកុង​នៅ​ថ្ងៃទី៣០ ខែមិថុនា ដើម្បី​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ហិង្សា ដែល​បាន​ធ្វើ​ឲ្យ​រង្គើ​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ​ទៅ។ ច្បាប់​នោះ ចាត់​ទុកជា​ទោស​ឧក្រិដ្ឋ​ចំពោះ​ការទាមទារ​បំបែក​រដ្ឋ ការធ្វើ​វិទ្ធង្សនា ភេរវកម្ម និង​ការឃុបឃិត​ជាមួយ​កម្លាំង​បរទេស។

ការិយាល័យ​កិច្ចការ​កោះតៃវ៉ាន់ បាន​ស្នើ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពួកអ្នក​ក្រុងហុងកុង​ទាំងនោះ ដើម្បី​ជួយ​ស្វែងរក​ការងារ និង​ប្រាប់​ពី​របៀប​វិនិយោគទុន ឬ បង្កើត​របរ​រកស៊ី។

ក្រុមប្រឹក្សា​កិច្ចការ​ចិន​ដី​គោក ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​ទទួលខុសត្រូវ​គោលនយោបាយ​ចិន មិន​បាន​ឆ្លើយតប​ទៅនឹង​សំណើ​ថ្ងៃទី៦ ខែកក្កដា ដើម្បី​សុំ​ទិន្ន័យ​ពី​ចំនួន​មនុស្ស ដែល​សុំ​ជំនួយ​ទាំងនោះ។ បណ្តាញ​ព័ត៌មាន​រាយការណ៍​ថា ការិយាល័យ​នេះ បាន​ទទួល​ការស្វែង​រក​ព័ត៌មាន ចំនួន​១៨០ នៅ​ថ្ងៃទី១ របស់​ខ្លួន។

កាលពី​ឆ្នាំ​ទៅ​ពួក​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្រុងហុងកុង បាន​សុំ​ឲ្យ​ពួកអ្នក​តាក់តែង​ច្បាប់​តៃវ៉ាន់ ពិចារណា​អំពី​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន។ដោយ​គិត​ដល់​សន្តិសុខ​ផ្ទាល់​របស់​ខ្លួន តៃវ៉ាន់ បាន​ដោះស្រាយ​ការដាក់​ពាក្យ​សុំ​របស់​អ្នកសុំ​សិទ្ធិ​ជ្រកកោន​មក​ពី​ក្រុងហុងកុង និង​ចិន​ដី​គោក​ម្តង​មួយៗ។ ចិន មិន​បាន​បោះ​បង់ចោល​ការប្រើ​កម្លាំង​ប្រឆាំងនឹង​កោះតៃវ៉ាន់ ប្រសិនបើ​ចាំបាច់ ដើម្បី​បង្រួបបង្រួម​ភាគី​ទាំង២។

លោក Lee និយាយ​ថា តៃវ៉ាន់ នៅតែ​សង្ឃឹម​ថា នឹង​បញ្ចៀស​«ការទទួលបន្ទុកសង្គម»​ដោយ​ការកំណត់​ការដាក់​ពាក្យ​សុំ​ការស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រុងហុងកុង។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​នៅក្នុង​ទីក្រុង​តៃប៉ិ បាន​រាយការណ៍​ថា មនុស្ស​ជាង​៥ពាន់​នាក់ មក​ពី​ទីក្រុង​ហុងកុង បាន​ទទួល​ប័ណ្ណ​អនុញ្ញាតិ​ឲ្យ​រស់នៅ​លើ​កោះតៃវ៉ាន់​កាលពី​ឆ្នាំ​ទៅ ដែល​ជា​ការកើនឡើង​ចំនួន​៤០ភាគរយ​ច្រើន​ជាង​ឆ្នាំ២០១៨៕

ប្រែសម្រួលដោយលោក ជឹង ប៉ូជីន

XS
SM
MD
LG