ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បានជា​កប៉ាល់​ចិន ធ្វើ​ដំណើរ​ទៅ​តំបន់​ថ្ម​ប៉ប្រះទឹក​មួយ​នៅ​ក្បែរ​ច្រាំង​សមុទ្រ​ម៉ាឡេស៊ី​ដោយ​គ្មាន​ការអញ្ជើញ


ផែន​ទី​សមុទ្រ​ចិន​ខាងត្បូង
ផែន​ទី​សមុទ្រ​ចិន​ខាងត្បូង

កប៉ាល់​ដឹកជញ្ជូន​ដែល​មាន​ប្រវែង​១២៨ម៉ែត្រ​នេះ បាន​ធ្វើដំណើរ​ទៅ​តំបន់​ថ្ម​ប៉ប្រះទឹក​នោះ ប៉ុន្មាន​ថ្ងៃ​ក្រោយពី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Michael Pompeo បាន​និយាយ​ថា តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​មិន​មែន​ជា​របស់​ទីក្រុង​ប៉េកាំង​ទេ។

ការ​ធ្វើដំណើរ​របស់​កប៉ាល់​ស៊ីវិល​ចិន​មួយ តាម​តំបន់​ខ្ពង់រាប​បាត​សមុទ្រ​របស់​ម៉ាឡេស៊ី​កាលពី​ខែកក្កដា​កន្លង​ទៅ​នេះ បង្ហាញ​ពី​គោល​បំណង​របស់​ចិន ក្នុង​ការពង្រឹង​ការទាមទារ​របស់​ខ្លួន ទៅ​លើ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ ទោះបី​ជា​មាន​ការជំទាស់​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ។ នេះ​បើ​យោង​តាម​អ្នក​អង្កេត​ទៅ​លើ​ជម្លោះ​ដែន​សមុទ្រ​នេះ។

កប៉ាល់​ដឹកជញ្ជូន​ដែល​មាន​៤០០​កៅអី​ឈ្មោះ​ថា Sansha II បាន​ចូល​ចត​រយៈពេល​ខ្លី នៅ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក James Shoal នៅ​អំឡុង​ថ្ងៃ​ទី១៦ ខែកក្កដា ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​មូលដ្ឋាន​របស់​ខ្លួន​វិញ​នៅ​ជិត​ប្រទេស​ចិន នេះបើ​យោង​តាម​ផែន​ទី​សកម្មភាព​របស់​កប៉ាល់​នៃ​មណ្ឌល​ស្រាវជ្រាវ​សហរដ្ឋ​អាមេរិក និង​អ្នកស្រាវជ្រាវ​នៅ​មហា​វិទ្យាល័យ​សិក្សា​អំពី​សង្រ្គាម​ដែន​ទឹក​អាមេរិក។

តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា James Shoal ស្ថិត​នៅ​ភាគខាងត្បូង​ព្រំដែន ដែល​ទីក្រុង​ប៉េកាំង​ទាមទារ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​និង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​សមុទ្រ​ផ្តាច់មុខ​ដែល​មាន​ទំហំ​៣៧០​គីឡូម៉ែត្រ​របស់​ម៉ាឡេស៊ី។

ប្រទេស​ចិន​ប្រជែង​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ទាមទារ​អធិបតេយ្យ​ភាព​ដែនសមុទ្រ​ជាមួយ​នឹង​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ​ហ្វីលីពីន តៃវ៉ាន់ និង​វៀត​ណាម ដែល​សុទ្ធ​តែ​មាន​កម្លាំង​យោធា​ខ្សោយ​ជាង​ខ្លួន​និង​ហេដ្ឋារចនា​សម័្ពន្ធ​តិច លើ​កូនកោះ​តូចៗ​ក្នុង​ដែន​សមុទ្រ​នេះ។

លោក Shahriman Lockman អ្នកវិភាគ​ការសិក្សា​សន្តិសុខ​និង​គោលនយោបាយ​បរទេស​ជាន់ខ្ពស់​នៅ​អង្គការ​ស្រាវជ្រាវ​ការសិក្សា​អន្តរជាតិ និង​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ក្នុង​ទីក្រុង​គូឡាឡាំពួរ បាន​និយាយ​ថា បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រឆាំង​នឹង​ការទាមទារ​របស់​ចិន​បារម្ភ​ថា នៅ​ថ្ងៃ​ណា​មួយ កប៉ាល់​ដឹកជញ្ជូន​នោះ អាច​នឹង​ដឹក​សម្ភារៈ​សម្រាប់​ពង្រឹង​កោះ​សិប្បនិម្មិត​កាន់កាប់​ដោយ​ចិន​នៅ​ប្រជុំ​កោះ Spratly ដែល​នៅ​ក្បែរ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក James Shoalនោះ។

លោក Lockman បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ទាមទារដែន​សមុទ្រ​នេះ នឹង​បារម្ភ​អំពី​មុខងារ​ពីរ​បែប​របស់​កប៉ាល់ Sansha II។ ការធ្វើ​ដំណើរ​នា​ពេល​ថ្មីៗ​នេះ របស់​កប៉ាល់​នេះ អាច​មានន័យ​ថា ជា​ដំណើរ​ស្វែងយល់​ពី​តំបន់។ ទោះ​បីជា​កប៉ាល់​នេះ​ត្រូវ​បាន​សង់ឡើង​សំរាប់​ដឹក​អ្នក​ដំណើរ​និង​ទំនិញ​ក៏ដោយ វាក៏​អាច​ប្រើ​ដើម្បីដឹក​សម្ភារៈ​ផ្គត់ផ្គង់​កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​ប្រជុំ​កោះ Spratlys បាន​ដែរ»។

បើ​តាម​គេប៉ាន់ស្មាន​នោះ កប៉ាល់​ដឹកជញ្ជូន​ដែល​មាន​ប្រវែង​១២៨ម៉ែត្រ​នេះ បាន​ធ្វើដំណើរ​ទៅ​តំបន់​ថ្ម​ប៉ប្រះទឹក​នោះ ប៉ុន្មាន​ថ្ងៃ​ក្រោយពី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Michael Pompeo បាន​និយាយ​ថា តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​មិន​មែន​ជា​របស់​ទីក្រុង​ប៉េកាំង​ទេ។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក មិនមាន​ការទាមទារ​ដែន​សមុទ្រ​នេះ​ទេ ប៉ុន្តែ​ព្យាយាម​គ្រប់គ្រង​ការពង្រីក​ដែន​សមុទ្រ​របស់គូប្រជែង​ខ្លួន គឺ​មហា​អំណាច​ចិន។

លោក Michael Pompeo បាន​និយាយ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ក្នុង​សម្តី​ដើម​ថា៖

«តំបន់ James Shoal ជារឿយៗ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​ឃោសនា​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ថា ជា​«ដែន​ដី​ភាគខាងត្បូង​បំផុត​របស់​ចិន»។ ច្បាប់​អន្តរជាតិ​បាន​ចែង​ច្បាស់​ហើយ។ តំបន់ក្រោម​ទឹក​ដូច តំបន់ James Shoalនេះ មិន​អាច​ទាមទារ​កាន់កាប់​ដោយ​រដ្ឋ​ណា​មួយ​នោះ​ទេ ហើយ​មិន​អាច​បង្កើត​ជា​តំបន់​ដែន​សមុទ្រ​នោះ​ទេ»។

ចិន​បាន​លើក​ឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​ការពារ​ការអះអាង​របស់​ខ្លួន​ហើយ​ច្រាន​ចោល​សម្តី​របស់​លោក Michael Pompeo។

លោក Gregory Poling នាយក​នៃ​គំនិត​ផ្តួចផ្តើម​តម្លាភាព​ដែន​សមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖

«វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​កប៉ាល់ Sansha II បាន​ធ្វើដំណើរ​ចម្ងាយ​ប្រមាណជា ១.៦០០ គីឡូម៉ែត្រ​ពី​ឆ្នេរ​ទៅ​កាន់​តំបន់ James Shoal នោះ។ ទង្វើ​នេះ មាន​បំណង​ជាក់ច្បាស់​ដើម្បី​ផ្ញើរ​សារ​មួយ​ភ្លាម​បន្ទាប់ពី​សេចក្តី​ថ្លែងការ ដោយសារ​តែ​សេចក្តី​ថ្លែង​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​អំពី​តំបន់ James Shoal»។

កប៉ាល់​របស់​កងទ័ព​ជើងទឹក​ចិន ទៅ​ទស្សនកិច្ច​នៅ​តំបន់​នោះ​ប្រមាណជា​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ពង្រឹង​អធិបតេយ្យភាព​របស់​ខ្លួន​លើ​ផ្លូវ​ទឹក​នោះ នេះ​បើ​យោង​តាម​លោក Poling។ គម្រោង​រុករក​ឧស្ម័ន និង​ប្រេង​របស់​ម៉ាឡេស៊ី ប្រតិបត្តិ​នៅ​ប្រជុំ​កោះ Spratly ដែល​នៅ​ក្បែរ​ផ្លូវ​ទឹក​នោះ។

អ្នក​វិភាគ​ជឿ​ថា ក្រោម​ច្បាប់​អន្តរជាតិ តំបន់​ថ្ម​ប៉ប្រះ​ទឹកJames Shoal ដែល​មាន​ជម្រៅ​២០ម៉ែត្រ​ក្រោម​ទឹក មិន​អាច​ត្រូវបាន​ប្រើ​ប្រាស់​ដោយ​ប្រទេស​ណា​មួយ ដើម្បី​ទាមទារ​យក​តំបន់​ដែល​នៅ​ជុំវិញ​តំបន់​សេដ្ឋកិច្ច​សមុទ្រ​នោះ​ទេ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG