ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ជន​ដែល​ធ្វើការ​បាញ់​ប្រហារ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ជា​នរណា?


ស្ត្រី​ម្នាក់​យំ​នៅ​ពេល​លាក់​ខ្លួន​នៅ​ក្នុង​អគារ​ទុក​យន្តហោះ​របស់​ក្រុមហ៊ុន Sands Corporation បន្ទាប់​ពី​មាន​ការ​បាញ់​រះ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ពិធីបុណ្យ Route 91 Harvest កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ក្នុង​ក្រុង Las Vegas។
ស្ត្រី​ម្នាក់​យំ​នៅ​ពេល​លាក់​ខ្លួន​នៅ​ក្នុង​អគារ​ទុក​យន្តហោះ​របស់​ក្រុមហ៊ុន Sands Corporation បន្ទាប់​ពី​មាន​ការ​បាញ់​រះ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ពិធីបុណ្យ Route 91 Harvest កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ក្នុង​ក្រុង Las Vegas។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​បាន​កំណត់​អត្តសញ្ញាណ​ជនឈ្មោះ Stephen Paddock អាយុ​៦៤​ឆ្នាំ មក​ពី​ក្រុង Mesquite រដ្ឋ Nevada ថា​ជា​ខ្មាន់​កាំភ្លើង​នៅ​ក្នុង​បាញ់​ប្រហារ​រង្គាល​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់​អាមេរិក។

អាជ្ញាធរ​ជឿ​ថា ជន Paddock នេះ បាន​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ចំនួន​២២០០០​នាក់ ដែល​បាន​ចូលរួម​មើល​ការ​ប្រគុំ​តន្ត្រី​កណ្តាល​វាល​មួយ និង​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៥៨​នាក់ និង​ធ្វើ​ឲ្យ​របួស​រាប់រយ​នាក់​ទៀត មុន​ពេល​ដែល​រូប​គេ​បាន​សម្លាប់​ខ្លួន​ឯង​ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ ដែល​អាច​មើល​ឃើញ​កន្លែង​ប្រគុំ​តន្ត្រី​ទាំង​មូល​នោះ​បាន។

កាំភ្លើង​យ៉ាង​ហោច​ណាស់​ចំនួន​១០​គ្រឿង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បន្ទប់​របស់​ជន​នោះ​នៅ​ជាន់​ទី​៣២ នៃ​រមណីយដ្ឋាន Mandalay Bay។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស។ ជន​នេះ​បាន​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​យោង​តាម​អាជ្ញាធរ។

មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​នេះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ប៉ូលិស​និយាយ​ថា ជន Paddock នេះ មិន​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វីនោះ​ទេ។ ប៉ូលិសFBI បាន​បន្ថែម​ថា ជន​នេះ​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវកម្ម​អន្តរជាតិ​ណា​មួយនោះ​ទេ។ ចំណែក​ឯ​ក្រុម​រដ្ឋឥស្លាម​បាន​អះអាង​ថា​ការ​វាយប្រហារ​នេះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​ផ្តល់​ភស្តុតាង​អ្វី​ចំពោះ​ការ​អះអាង​នេះ​នោះ​ទេ។

លោក Eric Paddock ដែល​បងប្អូន​ប្រុស​របស់​ជន​សង្ស័យ​បាន​ប្រាប់​កាសែត Washington Post ថា «យើង​មិន​ដឹង​អ្វី​ទាំងអស់។ វា​ដូចជា​អ្នក​ប្រាប់​ខ្ញុំ​ថា ផ្កាយ​ព្រះ​គោ​នៅ​ចន្លោះ​ផ្កាយ​អង្គារ​និង​ផ្កាយ​ព្រហស្បតិ៍​អញ្ចឹង។ វា​មិន​សម​ទាល់​តែ​សោះ គ្មាន​មូលហេតុ​ណា​មួយ​ដែល​គេ​ធ្វើ​ដូច្នេះ​នោះ​ទេ។ គេ​គ្រាន់​តែ​ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​វីដេអូ​ហ្គេម ជិះ​កប៉ាល់​ដើរលេង និង​ញ៉ាំ burrito នៅ Taco Bell ប៉ុណ្ណោះ។ គេ​គ្មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​អ្វី​នោះ​ទេ តាម​ដែល​ខ្ញុំ​ដឹង។ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹង​សាសនា​អ្វី​ដែរ តាម​ដែល​យើង​ដឹង​មក»។​

អ្នក​ជិតខាង​នៅ​ក្នុង​រដ្ឋ Nevada បាន​ពណ៌នា​ជន Paddock ដែល​បាន​ចូលនិវត្តន៍​ហើយ​នេះ និង​រស់នៅ​ក្នុង​ក្រុង​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​១៣០​គីឡូម៉ែត្រ​ពី​ទីក្រុង Las Vegas ថា​ជា​មនុស្ស​ញៀន​ល្បែង និង​រស់នៅ​ជា​មួយ​នឹង​មិត្តស្រី​របស់​គេ ឈ្មោះ Marilou Danley។

អាជ្ញាធរ​ពី​ដំបូង​ឡើយ​បាន​និយាយ​ថា ពួកគេ​កំពុង​តែ​ស្វែងរក​នាង Danley នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ។ ក្រោយ​មក​ពួកគេ​និយាយ​ថា នាង​ត្រូវ​បាន​រក​ឃើញ​ ហើយ​កំពុង​ស្ថិត​នៅក្នុង​ការ​ឃុំ​ខ្លួន​របស់​ប៉ូលិស ប៉ុន្តែ​ប៉ូលិស​ជឿ​ថា នាង​មិន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​នោះ​ទេ៕

XS
SM
MD
LG