ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​ភេរវកម្ម​នៅ​កាណាដា​សង្ស័យ​ថា ជា​ស្នាដៃ​របស់​មនុស្ស​តែ​ម្នាក់


ប៉ូលិស​ក្រុងEdmonton ធ្វើ​ការ​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ហេតុ​ដែល​បុរស​ម្នាក់​បុក​អ្នក​ថ្មើរ​ជើង​ នៅ​ក្នុង​ក្រុង Edmonton ខេត្ត Alberta ប្រទេស​កាណាដា កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។
ប៉ូលិស​ក្រុងEdmonton ធ្វើ​ការ​ស៊ើបអង្កេត​នៅ​កន្លែង​កើត​ហេតុ​ដែល​បុរស​ម្នាក់​បុក​អ្នក​ថ្មើរ​ជើង​ នៅ​ក្នុង​ក្រុង Edmonton ខេត្ត Alberta ប្រទេស​កាណាដា កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

ប៉ូលិស​កាណាដា​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​បាន​បើក​រថយន្ត​មួយ​គ្រឿង​បុក​មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ខាង​ក្រៅ​ទីលាន​លេង​បាល់ទាត់​នៅ​ក្នុង​ទីក្រុង Edmonton ហើយ​បន្ទាប់​មក​ជន​នោះ​បាន​ចាក់​មន្ត្រី​ប៉ូលិស​រូប​នោះ​ម្តង​ហើយ​ម្តង​ទៀត មុន​ពេល​ចាក​ចេញ​ពី​កន្លែង​កើតហេតុ។ បុរស​ដដែល​នោះ​ក្រោយ​មក​បាន​បើក​រថយន្ត​វ៉ែន​ទៅ​បុក​អ្នក​ថ្មើរជើង​៤​នាក់ ក្នុង​ពេល​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍។

ជនរងគ្រោះ​ទាំង​៥​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​។ ទាំង​ជនរងគ្រោះ​និង​ជនសង្ស័យ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ។

លោក​ស្នងការ​ប៉ូលិស Rod Knecht ក្នុង​ទីក្រុង Edmonton បាន​និយាយ​ថា ជនសង្ស័យ ដែល​ត្រូវ​បាន​ពណ៌នា​ថា​មាន​អាយុ​ត្រឹម​តែ​៣០​ឆ្នាំ​និង​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង Edmonton មាន​ទង់ជាតិ​ក្រុម​រដ្ឋឥស្លាម​នៅ​ខាង​ក្នុង​រថយន្ត​ដែល​បាន​បើក​បុក​មន្ត្រី​ប៉ូលិស​នោះ។ ប៉ុន្តែ​ក្រុម​មន្ត្រី​ន​និយាយ​ថា ហេតុការណ៍​នោះ​ទំនង​ជា​ស្នាដៃ​របស់​ជន​នោះ​តែ​ម្នាក់​គត់។​

លោក Don Iveson អភិបាល​ក្រុង Edmonton បាន​មាន​ប្រសាសន៍​ថា «តាម​តែ​ខ្ញុំ​ដឹង នេះ​គឺ​សកម្មភាព​វាយប្រហារ​ដែល​ធ្វើ​ឡើង​តែ​ម្នាក់​ឯង»។

លោក Knecht បាន​ថ្លែង​ថា ប៉ូលិស Edmonton បាន​ធ្វើ​ការ​ជាមួយនឹង​ក្រុមការងារ​សន្តិសុខ​ជាតិ​របស់​ប៉ូលិស​កាណាដា​និង​ទីភ្នាក់ងារ​សន្តិសុខ​កាណាដា​ដទៃទៀត។ លោក​បាន​ប្រាប់​ដល់​សាធារណជន​ឲ្យ​រក្សា​ការ​ប្រុងប្រយ័ត្ន​និង​អង្កេត​មើល​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន៕

XS
SM
MD
LG