ប្រធានអង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យបណ្តាប្រទេសនានាពន្យារពេលការចាក់វ៉ាក់សាំងដូសជំរុញយ៉ាងតិចពីរខែ ដើម្បីឱ្យប្រទេសដែលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩តិចតួច ទទួលបានថ្នាំបង្ការនេះថែមទៀត។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រីថា គួរតែផ្តល់អាទិភាពដល់ការបង្កើនអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានប្រជាជនតែ ១% ឬ ២% ដែលចាក់វ៉ាក់សាំង។
លោក Tedros ក៏បានសួរពីសារៈប្រយោជន៍នៃការចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយនិយាយថា៖ «មានការជជែកអំពីថា តើវ៉ាក់សាំងជំរុញមានប្រសិទ្ធភាព ឬអត់»។
ហុងគ្រី បានក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលចាក់វ៉ាក់សាំងដូសជំរុញ និងចូលរួមជាមួយប្រទេសកាន់តែច្រើនឡើងដែលរួមមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើម ឬមានផែនការចាក់វ៉ាក់សាំងដូសទី៣ដល់ប្រជាជន។
អង្គការសុខភាពពិភពលោកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមិនជឿថា ទិន្នន័យបច្ចុប្បន្ន គាំទ្រតម្រូវការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញនោះទេ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press AFP និង Reuters