រដ្ឋបាលចំណីអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងផ្តល់ការអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដូសទី៣ដល់ប្រជាពលរដ្ឋខ្លះដែលខ្សោយប្រព័ន្ធស៊ាំនឹងជំងឺ។
បណ្តាញព័ត៌មាននានាឲ្យដឹងថារដ្ឋបាលចំណីអាហារនិងឱសថទំនងជានឹងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងPfizer ឬ Modernaដូសទី៣យ៉ាងឆាប់នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមប្រឹក្សាផ្តល់យោបល់នៃទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ (CDC) នឹងជួបប្រជុំនៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសទីបីសម្រាប់មនុស្សខ្លះដែលខ្សោយប្រព័ន្ធស៊ាំនឹងជំងឺ។
ក្រុមអ្នកវិទ្យាសាស្ត្របានជជែកដេញដោលអំពីការចាក់ដូសបន្ថែមនៃវ៉ាក់សាំងកូវីដ១៩ដល់មនុស្សខ្លះដែលខ្សោយប្រព័ន្ធស៊ាំនឹងជំងឺដូចជាអ្នកជំងឺដែលប្តូរសរីរាង្គឬអ្នកជំងឺមហារីក។ការសិក្សាកាលពីពេលថ្មីៗនេះដោយសាកលវិទ្យាល័យ Johns Hopkins បានរកឃើញថា អ្នកជំងឺជាច្រើនដែលប្តូរសរីរាង្គមានអង្គបដិប្រាណតិចឬមិនមានទាល់តែសោះបន្ទាប់ពីបានចាក់វ៉ាក់សាំង២ដូសក៏ប៉ុន្តែវ៉ាក់សាំងដូសទី៣បានជួយបង្កើនអង្គបដិប្រាណពួកគេ។
ពលរដ្ឋអាមេរិកាំងរវាងពី៣ទៅ៩លាននាក់ខ្សោយប្រព័ន្ធស៊ាំនឹងជំងឺដោយសារជំងឺ ឬថ្នាំដែលពួកគេប្រើ។
ម៉្យាងទៀតរដ្ឋបាលចំណីអាហារនិងឱសថផ្តល់អនុសាសន៍ឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ចាក់វ៉ាក់សាំងកូវីដ១៩។ទីភ្នាក់ងារនោះបានចេញសេចក្តីណែនាំនេះកាលពីថ្ងៃពុធបន្ទាប់ពីចេញទិន្នន័យដែលបង្ហាញថាស្ត្រីមិនបានប្រឈមហានិភ័យនៃការរលូតទារកទេបន្ទាប់ពីបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។
កាលពីថ្ងៃពុធរដ្ឋ California បានក្លាយជារដ្ឋមុនគេនៅក្នុងសហរដ្ឋអាមេរិកតម្រូវឲ្យគ្រូបង្រៀននិងបុគ្គលិកចាក់វ៉ាក់សាំងជំងឺកូវីដ១៩ឬធ្វើតេស្តជារៀងរាល់សប្តាហ៍៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters។