នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអ៊ីស្រាអែលចាស់ៗចំនួន១ភាគ៣គឺប្រហែល៤សែន២ម៉ឺននាក់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងជំរុញបង្ការវីរុសកូរ៉ូណាដូសទី៣។ លោកនិយាយទៀតថា តួលេខនេះអាចឡើងទៅដល់៥សែននាក់នៅយប់ថ្ងៃនោះ។
នៅឯជំនួបគណៈរដ្ឋមន្ត្រី លោក Bennett បានប្រកាសអំពីការជឿនលឿននៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ដែលបានចាប់ផ្តើមកាលពី១០ថ្ងៃមុន និងប្រើវ៉ាក់សាំង Pfizer។
អ៊ីស្រាអែលបានក្លាយជាប្រទេសនាំមុខគេក្នុងការចាក់វ៉ាក់សាំងនៅពេលមានជំងឺរាតត្បាតដំបូងដោយមានប្រជាពលរដ្ឋ៥លាន៤សែននាក់នៃប្រជាពលរដ្ឋទាំងអស់ចំនួន៩លាន៣សែននាក់បានចាក់វ៉ាក់សាំងពេញលេញ។ ទោះជាយ៉ាងណាក៏ ដោយសារការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានកើនឡើង ដែលករណីស្ទើរតែទាំងអស់គឺដោយសារវីរុសបំប្លែងថ្មីប្រភេទដែលតា(delta)នោះរដ្ឋាភិបាលបានឱ្យចាក់វ៉ាក់សាំងដូសទី៣ ហើយនឹងតម្រូវឲ្យពាក់ម៉ាសឡើងវិញនៅក្នុងអាគារ។
ដោយពិភពលោកប្រឈមនឹងជំងឺរាតត្បាតរយៈពេល១ឆ្នាំ៦ខែមកហើយនោះ សហរដ្ឋអាមេរិកប្រទេសឥណ្ឌា និងប្រទេសប្រេស៊ីលមានករណីឆ្លង និងស្លាប់ច្រើនជាងគេដោយសារជំងឺកូវីដរហូតមកដល់ពេលនេះ។ នេះបើតាមសាកលវិទ្យាល័យ Johns Hopkins។
សហរដ្ឋអាមេរិកបានរាយការណ៍ថា មានការឆ្លងជាង ៣៥លាន ៧សែនករណី ហើយមនុស្សស្លាប់ជាង៦១៦.០០០នាក់។ ប្រទេសឥណ្ឌាមានការឆ្លងជិត៣២លានករណី និងមនុស្សស្លាប់ជិត៤២៨.០០០នាក់។ ប្រទេសប្រេស៊ីលមានការឆ្លងចំនួន២០លាន១សែនករណី និងមនុស្សស្លាប់ជាង៥៦៣.០០០នាក់។
ប្រទេសបារាំង រុស្ស៊ី និងចក្រភពអង់គ្លេសបានស្ថិតនៅក្នុងចំណាត់ថ្នាក់៣បន្ទាប់ទៀតដោយប្រទេសនីមួយៗមានការឆ្លងជាង៦លានករណី និងស្លាប់ពី១១២.០០០នាក់ទៅ១៦២.០០០នាក់។
ប្រទេសឥណ្ឌា ដែលបានប្រឈមរលកទី២នៃវីរុសដ៏ប្រល័យនៅដើមឆ្នាំនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ថ្មីជាង៣ម៉ឺន៩ពាន់ករណីកាលពី២៤ម៉ោងមុន។ ប្រទេសប្រេស៊ីលមានការឆ្លងថ្មីជាង៤៣.000ករណីកាលពីថ្ងៃអាទិត្យ។ សហរដ្ឋអាមេរិកមានការឆ្លងថ្មីជាង៤៤.០០០ករណី។ នេះបើតាមតួលេខរបស់សាកលវិទ្យាល័យ Johns Hopkins៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP)