ភ្នំពេញ — មួយថ្ងៃក្រោយរដ្ឋាភិបាលប្រកាសថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅខេត្តព្រះសីហនុចំនួនមួយករណី ប្រជាពលរដ្ឋនៅទីនោះ បារម្ភថា ចំណូលរបស់ពួកគេអាចធ្លាក់ចុះ ដោយសារការធ្លាក់នៃចំនួនប្រជាពលរដ្ឋជាតិនិងអន្តរជាតិដែលធ្វើដំណើរកម្សាន្ត ធ្វើការនិងចរាចរណ៍ទៅមកនៅខេត្តនេះ។
អ្នកស្រី អ៊ូច សុភ័ក្រ្ត វ័យ ៣០ឆ្នាំ ជាម្ចាស់ហាងកាហ្វេមួយនៅលើផ្លូវឯករាជ្យនៅកណ្តាលក្រុងព្រះសីហនុបានប្រាប់ VOA ថ្ងៃអង្គារព្រឹកនេះថា នៅតាមដងផ្លូវក្បែរហាងកាហ្វេអ្នកស្រីមានសភាពស្ងាត់ជាងរាល់ដង។
អ្នកស្រីប្រាប់ VOA នៅម៉ោងបាយថ្ងៃត្រង់ថា៖ «ចា៎ ហាងកាហ្វេស្ងាត់ហ្មង សូម្បីភ្ញៀវម្នាក់ក៏អត់មានមកហាងហ្មងណាអូន អត់ហ៊ានចេញដើរហ្មងមើលទៅ។ ពីរថ្ងៃហើយ តាំងពីម្សិលមិញមក តែថ្ងៃនេះគឺខ្លាំងហ្មង អត់មានអីម្នាក់។
អ្នកស្រីបន្ថែមថា៖ «បើរាល់ដងភ្ញៀវនៅហាងបង យ៉ាងហោចក៏១០ទៅ១៥នាក់ ឬ២០នាក់យ៉ាងតិច»។
អ្នកស្រីបន្តថា «ដឹងតែត្រៀមខាតហើយ» ក្នុងមួយរយៈពេល ដែលការផ្ទុះជំងឺរលាកសួតថ្មីនេះ ដរាបណាគេពុំទាន់មានដំណោះស្រាយ។
អ្នកស្រីនិយាយថា៖ «ហ៊ឹម...មានតែតាមដំណើរអញ្ចឹង គ្រាន់តែថា យើងត្រៀមៗខាតរយៈពេលប៉ុន្មានអញ្ចឹងណាអូន។ និយាយទៅខែហ្នឹងបងគិតថា ប្រហែលជាសូន្យហើយ ត្រៀមខាតហ្មង។ បងការ៉ង់ទី[ធានា]ថាខាតមួយខែ ពីរខែ ហ្នឹងចុះអូន បើបញ្ហាអញ្ចឹង»។
អ្នកស្រីថា អាចរកចំណូលបានប្រមាណ៤.០០០ដុល្លារសហរដ្ឋអាមេរិកពីហាងកាហ្វេនេះ ក៏ប៉ុន្តែអ្នកស្រីត្រូវបង់ថ្លៃជួលផ្ទះពីរល្វែងអស់ ៣.០០០ ដុល្លារក្នុងមួយខែ ទៅម្ចាស់អ្នកជួលដែលជាជាជនជាតិចិន។
ករណីដំបូងនៃការឆ្លងវីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញនៅកម្ពុជា នៅថ្ងៃទី ២៧ខែមករា។ ក្រសួងសុខាភិបាលបញ្ជាក់ថា ជំងឺរលាកសួតបង្កឡើងដោយមេរោគប្រភេទថ្មី កើតឡើងលើជនជាតិចិន ធ្វើដំណើរដោយត្រង់ពីទីក្រុងវូហាន (Wuhan) នៃប្រទេសចិន មកកម្ពុជាតាមជើងហោះហើរ ពីទីក្រុងវូហាន មកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
លោក ខូយ ឃន់ អាយុ២៧ឆ្នាំ ជាគិលានុបដ្ឋាកយិកានៃបន្ទប់ពិគ្រោះព្យាបាលជំងឺសុខសាន្ត បានឲ្យដឹងថាប្រជាជនមួយចំនួនមានការភ័យខ្លាចក្រោយដឹងថា នៅខេត្តរបស់ពួកគេមានករណីឆ្លងវីរុសរលាកសួតថ្មីនេះ។
លោកប្រាប់ VOA ថា អ្នកមករកសេវាសុខភាពនៅបន្ទប់ពិគ្រោះព្យាបាលជំងឺរបស់លោក ដែលមានអាការៈផ្តាសាយ ក្អក រលាកបំពង់ក បានបង្ហាញក្តីបារម្ភផងដែរ។
លោកនិយាយថា៖ «គាត់ភ័យថា អាជំងឺអីហ្នឹងលឿនពេក វាឆ្លងលឿន គាត់ឮអញ្ចឹងគាត់ភ័យ»។
លោកថា លោកនិងមិត្តរួមការងារដែលបើកបន្ទប់ពិគ្រោះព្យាបាលជំងឺជាមួយគ្នា ក៏ត្រៀមខ្លួនទទួលចំណូលទាបក្នុងប៉ុន្មានខែខាងមុខទៀតដែរ។
លោកនិយាយថា៖ «អ្នកនៅហ្នឹង គឺថា ទាំងខ្ញុំក៏ធ្លាក់ ចំណូលធ្លាក់ សឹងថា ៧០ភាគរយ ហើយឥឡូវហ្នឹង ឃើញថា អ្នករកស៊ីអាជីវកម្មផ្សេងៗ អ្នកខ្លះក៏គាត់ឈប់រកទៅ អ្នកខ្លះបានបិទ អ្នកខ្លះបន្តទៀត តិកតក់ៗអញ្ចឹងណា»។
បើទោះបីជាបារម្ភពីប្រាក់ចំណូលក្តី លោកថា លោកចង់ឲ្យរដ្ឋាភិបាលបិទការធ្វើដំណើរចេញចូលពីទីក្រុងវូហានមកកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជាងនេះ។
ខេត្តព្រះសីហនុ មានសភាពស្ងប់ស្ងាត់ក្នុងពេលថ្មីៗនេះ បើតាមប្រជាពលរដ្ឋអ្នកប្រកបរបរអាជីវកម្មនៅទីនោះ។ តែទោះជាយ៉ាងណា អ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋានឈ្មោះឆ្នេរមាស ដែលដំណើរការជាង១២ឆ្នាំនៅទីនោះ គឺលោក អេង គីមហុង វ័យ៣៧ឆ្នាំ បាននិយាយថា មិនមែនតែការភ័យបារម្ភរឿងឆ្លងជំងឺរលាកសួតប្រភេទថ្មីតែមួយមុខនោះទេ ដែលធ្វើឲ្យខេត្តព្រះសីហនុមានស្ងាត់ជាងមុន។
លោកថា ខេត្តនេះស្ងាត់ជាបន្តបន្ទាប់ចាប់តាំងពីការបិទល្បែងតាមប្រព័ន្ធអ៊ីនធឺណែត ដែលនាំឲ្យជនជាតិចិនមួយចំនួនត្រឡប់ទៅស្រុកវិញ ហើយកម្មករខ្មែរដែលបាត់បង់ការងារធ្វើចាកចេញទៅបណ្តាខេត្តផ្សេងៗវិញ។
លោកនិយាយថា៖ «ពីមុនពេលហាងខ្ញុំអត់ទាន់ចូល ហាងខ្ញុំភ្ញៀវពេញៗ។ ដល់ចិនចូលមកហាងខ្ញុំបាត់ខ្មែរអស់ សុទ្ធតែចិន។ ចិនត្រឡប់ទៅវិញ ខ្មែរក៏បាត់ ចិនក៏បាត់ ធ្វើឲ្យកន្លែងខ្ញុំបាត់ភ្ញៀវអស់ សឹង៩០ភាគរយ»។
លោកថា ក្រសួងពាក់ព័ន្ធដូចជាទេសចរណ៍ និងពាណិជ្ជកម្មគួរមានវិធានការបន្ថែមក្នុងការជួយស្តារសេដ្ឋកិច្ចរបស់ពួកគេ ពិសេសនៅពេលដែលមានករណីវីរុសកូរ៉ូណាថ្មីនេះឆ្លងចូលមកដល់ខេត្តព្រះសីហនុ។
មកដល់ពេលល្ងាចថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនទាន់មានករណីថ្មីនៃការឆ្លងជំងឺរលាកសួតថ្មីនេះកើតឡើងនៅកម្ពុជានោះទេ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ជា អូន ប្រាប់ VOA ថា ទោះ ពុំមានតួលេខជាក់ស្តែងបញ្ជាក់ថា មានការធ្លាក់ចុះភ្ញៀវទេសចរណ៍ តែតាមការអង្កេតមានការធ្លាក់ចុះ៖
«ដោយគេមានការព្រួយបារម្ភអញ្ចឹងទៅគេមិនសូវជិះ និយាយទៅគេមិនសូវចង់ដើរ។ Flight របស់យើងធ្លាក់ចុះដែរ ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមយន្តហោះ។ តាមព្រលានមួយៗ នាយកព្រលានមានប្រសាសន៍អញ្ចឹងកត់សម្គាល់វារាងធ្លាក់ខ្លះ តែប៉ុន្មានភាគរយមិនអាចសន្និដ្ឋានបាន»។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៅក្រសួងទេសចរណ៍បានឲ្យដឹងថា នៅថ្ងៃស្អែកនេះក្រសួងនឹងមានការកោះប្រជុំជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) វិស័យឯកជន សមាគម និងដៃគូពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។
លោកបញ្ជាក់ថា៖ «ក្នុងស្ថានភាពអញ្ចឹងប្រហែលលោក [រដ្ឋមន្ត្រីក្រសួងទេសចរណ៍] ឲ្យអ្នកជំនាញយើងត្រូវសិក្សាស្រាវជ្រាវពីផលប៉ះពាល់ ឬមានយន្តការអ្វីខ្លះដើម្បីទាក់ទាញទេសចរណ៍ត្រឡប់មកវិញ»។
ជំងឺរលាកសួតថ្មីនេះបានសម្លាប់មនុស្សជាង ១០៦នាក់នៅប្រទេសចិនគិតត្រឹមថ្ងៃអង្គារនេះ។ មនុស្ស៤.៥០០នាក់ទៀតបានឆ្លងជំងឺនេះ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសដូចជាវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង នេប៉ាល់ ស្រីលង្កា និងអាល្លឺម៉ង់ផងដែរ៕