ពលរដ្ឋខ្មែរមានការព្រួយបារម្ភចំពោះវីរុសកូរ៉ូណាថ្មី (Coronavirus 2019-nCoV) បន្ទាប់ពីពួកគេបានទទួលដំណឹងថា វីរុសកូរ៉ូណាបានរកឃើញក្នុងខេត្តព្រះសីហនុ ហើយពួកគេបារម្ភថា វីរុសនេះអាចបណ្តាលឲ្យស្លាប់រយៈពេលខ្លី។ ទោះយ៉ាងណា ក្រសួងសុខាភិបាលបាននិយាយថា ប្រជាពលរដ្ឋមិនគួរបារម្ភខ្លាំងពេកពីជំងឺនេះទេ ដោយសារពួកគេអាចការពារខ្លួនពីការឆ្លងវីរុសនេះបាន។
អ្នកស្រី ហាក់ មយូរា អាយុ៣៦ឆ្នាំ គឺជាជាងអ៊ុតសក់ម្នាក់ក្នុងរាជធានីភ្នំពេញ។ អ្នកស្រីមិនសូវបានតាមដានព័ត៌មាននៅលើបណ្តាញសង្គមនោះទេ។ អ្នកស្រីប្រាប់ VOA ថា អ្នកស្រីដឹងពីរីរុសកូរ៉ូណាថ្មីនេះបន្តិចបន្តួចតាមរយៈភ្ញៀវរបស់អ្នកស្រី។ ទោះយ៉ាងណា អ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុសរាតត្បាតថ្មីមួយនេះ ដោយសារអ្នកស្រីត្រូវបានគេប្រាប់ថា វីរុសនេះអាចឆ្លងលឿនដូចគ្រុនផ្តាសាយធម្មតា។
អ្នកស្រីបានប្រាប់ VOA កាលពីរសៀលថ្ងៃអង្គារនេះថា៖ «ពីមុនយើងគិតថា ផ្តាសាយហ្នឹងជារឿងធម្មតាទេ ដូចថាទិញថ្នាំតាមហ្វាម៉ាស៊ី ផ្សំថ្នាំលេបធម្មតាអីបាន។ ដល់ពេលអីឡូវយើងមិនអាចផ្សំបានទេ យើងត្រូវពិគ្រោះជាមួយពេទ្យ យើងត្រូវពិនិត្យឲ្យច្បាស់លាស់អីចឹងណា៎។ ព្រោះអី អ្នកណាក៏ភ័យដែរ»។
អ្នកស្រី មយូរា បន្តថា អ្នកស្រីដឹងវិធីការពារខ្លួនដោយការពាក់ម៉ាស់តែមួយប៉ុណ្ណោះ។
ចំណែកអ្នកស្រី ម៉ៅ លីនដា អាយុ ៤០ឆ្នាំ ជាអ្នកលក់ខោអាវម្នាក់នៅក្នុងក្រុងភ្នំពេញ។ អ្នកស្រីបាននិយាយជាមួយ VOA ពេលកំពុងពាក់ម៉ាស់ថា អ្នកស្រីបារម្ភថា បើសិនជាអ្នកស្រីមានអាការៈផ្តាសាយ អ្នកស្រីមិនដឹងថា តើត្រូវទាក់ទងទៅអ្នកណានោះទេ។
អ្នកស្រីពន្យល់ថា៖ «អត់ទេ អត់ដឹងថាត្រូវតេទៅលេខណាទេ កំពុងគិតថា បើសិនឈឺមែន ត្រូវទៅពេទ្យតែកំពុងបារម្ភថា អត់ដឹងទៅពេទ្យណា»។
កញ្ញា ចាន់ ដាលីន បុគ្គលិកក្រុមហ៊ុនម្នាក់ដែលមានអាយុ២០ឆ្នាំ បាននិយាយប្រាប់ VOA ថា កញ្ញាពាក់ម៉ាស់ដើម្បីបង្ការការឆ្លងវីរុសថ្មីនេះ ប៉ុន្តែកញ្ញាក៏មិនបានយល់ច្បាស់ពីការប្រើប្រាស់ម៉ាស់នេះដែរ៖
«ខ្ញុំអត់ច្បាស់ដែរបង ព្រោះដោយសារគេឲ្យយើងការពារ។ ប៉ុន្តែមិនដឹងថាវាអាចការពារបានច្រើនឬ បានតិចអ៊ីចឹងណា»។
មន្ត្រីសុខាភិបាលជំនាញបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា អ្នកដែលមិនមានបញ្ហាសុខភាពមិនគួរពាក់ម៉ាស់នេះនោះទេ។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល លោក លី សូវាន់ បានអំពាវនាវបន្ថែមថា សូមឲ្យប្រជាពលរដ្ឋតាមដានសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាលនិងសារព័ត៌មានដែលជឿទុកចិត្តបាន ជាជាងជឿទៅលើការបំផិតបំភ័យនៅតាមបណ្តាញសង្គម។
លោកបាននិយាយថា៖ «អ៊ីចឹងខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសហ្នឹង សូមកុំស្តាប់តាមការបំភ្លៃព័ត៌មានពីទំនាក់ទំនងសង្គម ដែលមិនមានប្រភពច្បាស់លាស់ ឬក៏អ្នក Voice សំឡេងហ្នឹងដែលមិនមានប្រភពច្បាស់លាស់»។
យោងតាមក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យក្នុងការឆ្លងវីរុសកូរ៉ូណា ប្រជាពលរដ្ឋខ្មែរត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ ខ្ទប់មាត់និងច្រមុះពេលកណ្តាស ឬក្អក ជៀសវាងប៉ះពាល់ជាមួយនឹងអ្នកមានជំងឺគ្រុនក្តៅ និងចម្អិនម្ហូបឲ្យបានឆ្អិនល្អជាដើម។
អ្នកនាំពាក្យសុខាភិបាលដដែលបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរនឹងអាចបង្ការជំងឺនេះបាន បើសិនជាពួកគេអនុវត្តតាមការណែនាំ«សាមញ្ញៗ» ទាំងនេះ។
យោងតាមអ្នកនាំពាក្យដដែល រហូតមកដល់រសៀលថ្ងៃអង្គារនេះ មិនមានករណីអ្នកដែលបានឆ្លងវីរុសកូរ៉ូណានេះបន្ថែមនៅឡើយទេ។
នេះបើយោងតាមអត្ថបទ ក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក The Lancet រោគសញ្ញារបស់ជនរងគ្រោះដែលបានឆ្លងវីរុសកូរ៉ូណានេះ មានដូចជាគ្រុនក្តៅ ក្អក អស់កម្លាំងល្ហិតល្ហៃ និងរោគសញ្ញាកម្រដូចជា ឈឺក្បាល រាគរុស កំហាក និងក្អកមានឈាម។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា មានករណីដំបូងនៃការឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងក្រុងព្រះសីហនុនៅថ្ងៃទី ២៧ ខែមករានេះ។ ជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាវីរុស (coronavirus) ប្រភេទថ្មី ត្រូវបានរកឃើញលើអ្នកដំណើរជាជនជាតិចិន ដែលធ្វើដំណើរដោយត្រង់ពីទីក្រុងវូហាន (Wuhan) នៃប្រទេសចិន មកកម្ពុជាតាមជើងហោះហើរផ្ទាល់ពីទីក្រុងវូហានមកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
អង្គការសុខភាពពិភពលោក និងប្រទេសផ្សេងៗទៀតកំពុងបន្តសិក្សាឲ្យច្បាស់ពីដើមកំណើត របៀបឆ្លង របៀបការពារ និងរបៀបព្យាបាលជំងឺនេះ។ បច្ចុប្បន្ន គេដឹងត្រឹមថា ប្រភពនៃវីរុសនេះចេញពីទីផ្សារលក់សាច់សត្វព្រៃនៅទីក្រុងវូហាន។
មកដល់ពេលនេះមិនទាន់មានថ្នាំព្យាបាលសម្រាប់វីរុសនេះទេ។ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា គេអាចព្យាបាលអ្នកជំងឺដែលមានវីរុសនេះតាមរយៈការផ្តល់ជំនួយអ៊ុកស៊ីហ្ស៊ែនបន្ថែម ដោយប្រើបំពង់ខ្យល់។ហើយអ្នកជំងឺគួរសម្រាកនឹងពិសារទឹកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យអង់ទីគ័រប្រយុទ្ធនឹងវីរុសនេះ។
រហូតមកដល់ថ្ងៃអង្គារនេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនដល់យ៉ាងតិច១០៧នាក់ ហើយអ្នកដែលបានឆ្លងវីរុសនេះបានកើនដល់ជាង៤.៥០០នាក់ហើយ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសដូចជាវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង ស្រីលង្កា អាល្លឺម៉ង់ និងនេប៉ាល់ផងដែរ៕