ការស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក បានរកឃើញថា វីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ អាចចាប់ផ្តើមឆ្លងរាតត្បាតនៅប្រទេសចិនតាំងពីខែសីហាឆ្នាំ២០១៩ម៉្លេះ ប៉ុន្តែរដ្ឋាភិបាលចិនបានបដិសេធការរកឃើញនេះថាជារឿង«មិនអាចទទួលយកបាន»។
ការស្រាវជ្រាវរបស់សាលាពេទ្យនៃសាកលវិទ្យាល័យ Harvard នេះបានផ្អែកលើទិន្នន័យជារូបភាពពីផ្កាយរណបនៃចំណតរថយន្តនៅតាមបណ្តាមន្ទីរពេទ្យក្នុងក្រុងវូហាន ភាគកណ្តាលប្រទេសចិន ដែលជាកន្លែងគេរកឃើញវីរុសនេះដំបូង និងទិន្នន័យនៃការស្វែងរកពាក្យ «ក្អក» និង «រាគរូស» នៅតាមអ៊ីនធឺណិត។
ការស្រាវជ្រាវអះអាងថា បរិមាណចរាចរណ៍ទៅកាន់មន្ទីរពេទ្យនៅក្រុងវូហាន និងការស្វែងរកព័ត៌មានអំពីរោគសញ្ញានៃជំងឺកូវីដ១៩ បានកើនឡើងយ៉ាងគំហុកតាំងពីខែសីហាឆ្នាំ២០១៩ គឺជាច្រើនខែមុនវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានគេរកឃើញជាផ្លូវការនៅផ្សារលក់គ្រឿងសមុទ្រ Huanan របស់ទីក្រុងវូហានកាលពីខែធ្នូ។
អ្នកស្រាវជ្រាវថា ទោះបីពួកគេមិនអាចបញ្ជាក់ថាកំណើនយ៉ាងគំហុកនេះទាក់ទងដោយផ្ទាល់ទៅនឹងការចាប់ឆ្លងរាលដាលនៃវីរុសកូរ៉ូណាក្តី ក៏ការរកឃើញរបស់ពួកគេស្របនឹងការរកឃើញថ្មីៗនិងទ្រឹស្តីថា វីរុសកូរ៉ូណាអាចចាប់ផ្តើមឆ្លងតាមលក្ខណៈធម្មជាតិនៅភាគខាងត្បូងប្រទេសចិនតាំងពីមុនមានការផ្ទុះរាតត្បាតនៅទីក្រុងវូហានម៉្លេះ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារបានបដិសេធការរកឃើញនេះ ដោយនិយាយថា វាជារឿងឆ្កួតខ្លាំងណាស់ដែលផ្អែកការសន្និដ្ឋាននៃការស្រាវជ្រាវមួយទៅលើការសង្កេតមើលសើៗដូចបរិមាណចរាចរណ៍ជាដើមនោះ៕