ប្រធានាធិបតីរុស្សីលោក Vladimir Putin បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរុស្សីបានក្លាយជាប្រទេសទី១នៅក្នុងពិភពលោក ដែលអនុញ្ញាតជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ថ្មីមួយ ទោះបីមិនមានទិន្នន័យបញ្ជាក់ពីការអះអាងរបស់លោកដែលថា វ៉ាក់សាំងបង្ការនោះមានសុវត្ថិភាពពេលចាក់ទៅលើមនុស្សក្តី។
ប្រទេសរុស្សីមិនបានស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលបានឆ្លងកាត់ដល់ដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយ ក្នុងការសាកល្បងវ៉ាក់សាំងទៅលើមនុស្សនោះឡើយ ដែលជាទូទៅត្រូវមានការចូលរួមធ្វើតេស្តពីមនុស្សរាប់ពាន់នាក់ និងប្រើពេលរាប់ខែឯណោះ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ អ្នកវិទ្យាសាស្រ្តក្នុងប្រទេសរុស្ស៊ី និងក្រៅប្រទេស លើកជាសំណួរពីទង្វើរបស់រុស្សីក្នុងការចុះបញ្ជីឈ្មោះវ៉ាក់សាំងនេះ មុនពេលដែលខ្លួនមិនបានបញ្ចប់នូវជំហានសាកល្បងទីបីរបស់ខ្លួននោះ។
ប្រធានាធិបតី Putin បានប្រកាសពីការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃអង្គារ ដោយមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រដ្ឋផងដែរ។
លោក Putin បានលើកឡើងពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតឡើងដោយវិទ្យាស្ថាន Gamaleya ក្នុងទីក្រុងម៉ូស្គូថា លោកដឹងថា វ៉ាក់សាំងនោះមានប្រសិទ្ធភាព ហើយវាបង្កើតនូវប្រព័ន្ធការពាររឹងមាំមួយក្នុងរាងកាយមនុស្ស។ លោកបន្តថា វ៉ាក់សាំងនេះបានឆ្លងកាត់នូវដំណាក់កាលត្រួតពិនិត្យចាំបាច់នានា ដើម្បីធានានូវសុវត្ថិភាព។ លោកបន្ថែមថា កូនស្រីរបស់លោកបានទទួលការធ្វើតេស្តសាកល្បងលើវ៉ាក់សាំងនេះក្នុងដំណាក់កាលដំបូង។ លោកថាកូនស្រីរបស់លោក បានក្តៅខ្លួនបន្តិចបន្តួចក្នុងថ្ងៃទីមួយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងនោះ តែកម្តៅក្នុងខ្លួនកូនស្រីលោក បានធ្លាក់ចុះមកធម្មតាវិញ ក្នុងថ្ងៃបន្ទាប់។
វ៉ាក់សាំងថ្មីរបស់ប្រទេសរុស្សី ត្រូវបានគេឲ្យឈ្មោះថា Sputnik V ដើម្បីឧទ្ទិសជាកិត្តិយសដល់ផ្កាយរណបដំបូងគេបង្អស់របស់ពិភពលោក ដែលបានបាញ់បង្ហោះដោយអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៥៧។ វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នឹងត្រូវចាប់ផលិតនៅខែកញ្ញាខាងមុខនេះ ហើយការចាក់វ៉ាក់សាំងក្នុងចំនួនច្រើនដល់មនុស្សនឹងអាចធ្វើឡើងនៅខែតុលា។
វ៉ាក់សាំងថ្មីរបស់ប្រទេសរុស្សីនេះ ស្ថិតក្នុងចំណោមវ៉ាក់សាំងជាង១០០ ដែលកំពុងត្រូវគេបង្កើតក្នុងការប្រកួតប្រជែងគ្នាមួយដោយរដ្ឋាភិបាល និងក្រុមហ៊ុនវេជ្ជសាស្រ្តជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលឆ្លងដល់មនុស្សជាង២០លាននាក់ និងសម្លាប់ជីវិតមនុស្សអស់ប្រមាណជាង ៧សែន ៣ម៉ឺន ៦ពាន់នាក់នៅជុំវិញពិភពលោក នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក។
អ្នករិះគន់ថា ការប្រកួតប្រជែងដើម្បីបង្កើតវ៉ាក់សាំងឲ្យបានមុនគេនេះ អាចបង្កផលវិបាកដល់អ្នកជំងឺ និងអាចធ្វើឲ្យជឿជាក់ខុស ឬមិនមានទំនុកចិត្តទៅវិញចំពោះសុវត្ថិភាពនៃវ៉ាក់សាំងថ្មីៗ៕