អង្គការសុខភាពពិភពលោកបានរាយការណ៍ថា មានមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកដែលមានជំងឺផ្លូវចិត្ត បានទទួលការព្យាបាលតិចតួច ឬ មិនបានទទួលសោះ។ ផែនទីបង្ហាញទិន្នន័យផ្សេងដែលទាក់ទងនឹងអ្នកមានជំងឺផ្លូវចិត្ត Mental Health Atlas ២០១៤ របស់អង្គការសុខភាពពិភពលោកបានរកឃើញថា អ្នកដែលមានជំងឺផ្លូវចិត្តមានចំនួនស្មើនឹង១០ភាគរយនៃបញ្ហាសុខភាពដែលជាបន្ទុករបស់ពិភពលោក។ បើទោះជាយ៉ាងនេះក៏ដោយ មានអ្នកជំងឺចំនួនតែ១ភាគរយប៉ុណ្ណោះដែលទទួលបានជំនួយផ្នែកហិរញ្ញវត្ថុនិងធនធានមនុស្សដែលពួកគេត្រូវការ។
ផែនទីបង្ហាញទិន្នន័យ The Atlas គឺជាការពិនិត្យយ៉ាងដិតដល់ទៅលើស្ថានភាពជំងឺផ្លូវចិត្តនៅជុំវិញពិភពលោក។ ផែនទីបង្ហាញទិន្នន័យនេះធ្វើឡើងនៅក្នុងប្រទេសចំនួន១៧១ ដែលតំណាងឲ្យ៩៥ភាគរយនៃចំនួនប្រជាជននៅលើពិភពលោក។
របាយការណ៍រកឃើញថា នៅគ្រប់ប្រទេស គ្រប់តំបន់ ក្រុមវ័យ និងគ្រប់ស្រទាប់វណ្ណៈនៅក្នុងសង្គមរងទុក្ខយ៉ាងខ្លាំងដោយសារជំងឺផ្លូវចិត្ត។ ប៉ុន្ដែ របាយការណ៍នេះបានបង្ហាញថា ការចំណាយរបស់ពិភពលោកទៅលើបញ្ហាសុខភាពផ្លូវចិត្តមានកម្រិតទាបខ្លាំងណាស់ហើយបញ្ហានេះទាក់ទាញការចាប់អារម្មណ៍ពីគិលានុបដ្ឋាយិកានិងអ្នកជំនាញផ្នែកថែទាំសុខភាពផ្សេងទៀតចំនួនតិចតួចបំផុត។
របាយការណ៍បានបង្ហាញថា ការថែទាំសុខភាពផ្លូវចិត្តនៅទូទាំងពិភពលោករវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រមានគម្លាតខុសគ្នាយ៉ាងខ្លាំង។ របាយការណ៍នេះបានឱ្យដឹងទៀតថា សមាមាត្រនៃអ្នកដែលផ្តល់សេវាថែទាំសុខភាពផ្លូវចិត្តនៅក្នុងប្រទេលដែលមានចំណូលទាបនិងប្រទេសដែលមានចំណូលមធ្យមគឺមានតែម្នាក់បុណ្ណោះក្នុងចំណោមមនុស្ស១សែននាក់បើប្រៀបធៀបទៅនឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់គឺម្នាក់ក្នុងចំណោមមនុស្ស២.០០០នាក់។
ការចំណាយរបស់សកលលោកលើបញ្ហាសុខភាពផ្លូវចិត្តក៏មានកម្រិតទាបខ្លាំងណាស់ដែរ។ របាយការណ៍នេះបានកត់សម្គាល់ថា ប្រទេសក្រីក្រចំណាយប្រាក់តិចជាង 2 ដុល្លារទៅលើមនុស្សម្នាក់ជារៀងរាល់ឆ្នាំសម្រាប់សុខភាពផ្លូវចិត្ត បើប្រៀបធៀបទៅនឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលចំណាយជាង៥០ដុល្លារសម្រាប់មនុស្សម្នាក់។
លោក Shekhar Saxena នាយកផ្នែកសុខភាពផ្លូវចិត្តនិងការប្រើប្រាស់គ្រឿងញៀននៃអង្គការ WHO បានប្រាប់ VOA ថា មានសហគមន៍និងប្រទេសជាច្រើន មិនបានយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់ទៅលើបញ្ហាសុខភាពផ្លូវចិត្តពីព្រោះតែពួកគេមានការរើសអើង។ លោកបាននិយាយថា មនុស្សដែលនិយាយអំពីបញ្ហានេះមានចំនួនតិចដោយសារតែពួកគេភ័យខ្លាចពីការបាត់បង់ឋានៈនៅក្នុងសង្គម បាត់បង់ការងារនិងទំនាក់ទំនងរបស់ពួកគេ។
«មានការយល់ខុសថា នៅពេលដែលមនុស្សម្នាក់មានជំងឺផ្លូវចិត្ត បុគ្គលនោះនឹងនៅតែមានជំងឺផ្លូវចិត្តជារៀងរហូតហើយមិនមានអ្វីអាចជួយពួកគេបាននោះទេ ដែលការយល់ឃើញនេះខុសពីការពិត។ ឯកសាររបស់អង្គការ WHO បានគូសបញ្ជាក់យ៉ាងច្បាស់ពីការពិតដែលថា ភាគច្រើននៃជំងឺផ្លូវចិត្តអាចព្យាបាលបាន។ អ្នកជំងឺអាចជាសះស្បើយទាំងស្រុងរឺធូរស្រាលហើយអាចវិលត្រឡប់ទៅធ្វើការ អាចទទួលខុសត្រូវលើតួនាទីប្រចាំថ្ងៃនិងអាចដំណើរការបានជាទីគាប់ចិត្ត»។
តួលេខពីផែនទីទិន្នន័យ Atlas បានបង្ហាញថា មានមនុស្ស៩សែននាក់ ធ្វើអត្តឃាតជារៀងរាល់ឆ្នាំ។ របាយការណ៍បន្តថា ការធ្វើអត្តឃាតគឺជាមូលហេតុទូទៅបំផុតទីពីរនៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេង។ របាយការណ៍បានរកឃើញថា មនុស្សបីនាក់ក្នុងចំណោមមនុស្សបួននាក់ដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមិនបានទទួលការព្យាបាលទេ ហើយអ្នកដែលមានជំងឺផ្លូវចិត្តទទួលរងការរំលោភបំពានខាងផ្នែកសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
អង្គការ WHO បានបង្ហាញថា ការព្យាបាលអ្នកដែលមានជំងឺផ្លូវចិត្តនៅក្នុងសហគមន៍គឺប្រសើរជាងការព្យាបាលពួកគេនៅក្នុងមន្ទីរពេទ្យផ្លូវចិត្ត។ ជាអកុសល របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា ការចំណាយភាគច្រើនដែលមានចំនួនដល់ទៅ៨២ភាគរយ ត្រូវបានចំណាយទៅលើមន្ទីរពេទ្យផ្លូវចិត្តដែលព្យាបាលអ្នកជំងឺបានតែមួយភាគតូចប៉ុណ្ណោះក្នុងចំណោមអ្នកដែលត្រូវការការថែទាំ៕
ប្រែសម្រួលដោយ ផន បុប្ផា