រដ្ឋាភិបាលនិងអង្គការយូនីសេហ្វ (UNICEF) បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់កុមារ និងទារកឲ្យបានប្រសើរជាងមុន ដើម្បីកាត់បន្ថយអត្រាមរណភាពរបស់ទារក។ ទោះបីនៅប៉ុន្មានទសវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបានធ្វើឲ្យបញ្ហាសុខភាពរបស់ស្ត្រី និងកុមារមានភាពប្រសើរឡើងមួយកម្រិត ប៉ុន្តែអត្រាស្លាប់របស់កុមារមានកម្រិតខ្ពស់នៅតែជាក្តីបារម្ភដ៏ចម្បង។
អត្រាមរណភាពរបស់ទារកទើបនឹងកើតបានធ្លាក់ចុះពី២៧នាក់មកនៅត្រឹមតែ១៨នាក់នៃកំណើតរបស់ទារករស់ចំនួន១.០០០នាក់។
បើទោះជាអត្រានៃការស្លាប់របស់ទារកត្រូវបានកាត់បន្ថយច្រើននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប៉ុន្តែតួលេខស្លាប់១៨នាក់ក្នុងកំណើតរបស់ទារករស់ចំនួន១.០០០នាក់នោះ នៅតែជាតួលេខខ្ពស់ ហើយវានៅតែជាការព្រួយបារម្ភ។
Rana Flowers តំណាងអង្គការ Unicef ប្រចាំនៅក្នុងប្រទេសកម្ពុជា និយាយថា៖ «នៅតែមានកុមារជាច្រើន ដែលបានស្លាប់ក្មេងពេក ដែលមិនគួរសោះ»។
មន្ត្រីសុខាភិបាលជាង២០០នាក់បានចូលរួមជាមួយអង្គការ Unicef កាលពីខែមុន ដើម្បីចាប់ផ្តើមបង្ហាញគំនិតផ្តួចផ្តើមថ្មីមួយដែលធ្វើឲ្យអត្រានៃការស្លាប់របស់កុមារថយចុះ។ យុទ្ធនាការនេះនឹងផ្តោតទៅលើរាជធានី និងខេត្តមួយចំនួន ដែលមានអត្រានៃការស្លាប់របស់កុមារខ្ពស់បំផុត ដូចជានៅរាជធានីភ្នំពេញ នៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តព្រះវិហារជាដើម។
យុទ្ធនាការនេះនឹងរួមបញ្ចូលទាំងការចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុ ការប្រកាសសេវាសាធារណៈ និងការអប់រំ ដែលធ្វើដោយក្រុមអ្នកស្ម័គ្រចិត្តតាមភូមិឃុំជាដើម ជួយលើកកម្ពស់ការយល់ដឹងរបស់ឪពុកម្តាយ និងអ្នកមើលថែទាំក្មេង ឲ្យមានការយល់ដឹង និងស្គាល់រោគសញ្ញាជំងឺរលាកសួតនិង ជំងឺផ្សេងទៀត។
លោកមាស ប៊ុនលី មន្ត្រីទំនាក់ទំនងសម្រាប់អង្គការ Unicef ប្រចាំនៅកម្ពុជា បានឱ្យដឹងថា យុទ្ធនាការនេះមានគោលបំណងដើម្បីបង្កើនអត្រារស់រានមានជីវិតរបស់ទារក ដោយការលើកកម្ពស់ការថែទាំសុខភាពកុមារឲ្យបានសមរម្យ។
យុទ្ធនាការនេះផ្តោតទៅលើការជួយធ្វើឲ្យម្តាយ និងអ្នកថែទាំកុមារមានការយល់ដឹងអំពីជំងឺកុមារ ជួយឱ្យពួកគេការពារ ឬព្យាបាលកុមារ និងលើកទឹកចិត្តឱ្យពួកគេប្រើសេវាសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាពិសេស នៅពេលដែលពួកគេបានឃើញសញ្ញាផ្សេងៗនៃជំងឺរលាកសួត ដូចជាក្អក ពិបាកដកដង្ហើម និងដកដង្ហើមញាប់។
ជំងឺរលាកសួតគឺជាមូលហេតុចម្បងនៃការស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំ និងជាពិសេសសម្រាប់កុមារអាយុមួយខែ។
Rana Flowers បាននិយាយថា៖ «ជារៀងរាល់ថ្ងៃមានកុមារប្រមាណជា៣៥ នាក់ត្រូវបានគេធ្វើការព្យាករណ៍ថា បានស្លាប់មុនពេលមានអាយុប្រាំឆ្នាំដោយសារជំងឺដែលអាចបង្ការ និងអាចព្យាបាលបាន ដូចជាជំងឺរលាកសួតនិងរាគរូស»។
លោកមាស ប៊ុនលីបាននិយាយថា៖«ការស្ទង់មតិមួយរបស់អង្គការ Unicef កាលពីឆ្នាំមុនបានបង្ហាញថា ក្នុងចំណោមម្តាយ និងអ្នកថែទាំក្មេង គឺមានមិនដល់១៥ភាគរយទេ បានដឹងអំពីរោគសញ្ញាជំងឺរលាកសួត។
ក្នុងចំណោមម្តាយ និងអ្នកថែទាំក្មេងគឺមានតែប្រមាណ៣៤ភាគរយប៉ុណ្ណោះបានយកកុមារទៅកាន់មណ្ឌលសុខភាពសាធារណៈ នៅពេលកុមារមានរោគសញ្ញានៃជំងឺរលាកសួត។ ហើយមានតែ៣,៦ភាគរយប៉ុណ្ណោះនៃចំនួនម្តាយនិងអ្នកថែទាំក្មេងដែលបាននាំកុមារទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានឃើញ និងបានដឹងរោគសញ្ញានៃជំងឺនានា។ យុទ្ធនាការនេះមានគោលបំណងដើម្បីបង្កើនតួលេខនេះទៅដល់២៥ភាគរយនៅក្នុងឆ្នាំ២០១៦៕