ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​ផ្លូវ​ចិត្ត​កើត​មាន​ច្រើន​ក្នុង​ចំណោម​យុវជន យុវតី


ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បញ្ហា​សុខភាព​​ផ្លូវចិត្ត​​បង្ហាញ​​​​ថា​ជិត​ពាក់​កណ្តាល​នៃ​ជំងឺ​ដែល​ពួក​គេ​បាន​ចុះបញ្ជី​គឺ​ស្ថិត​​នៅ​​ក្នុង​ក្រុម​មនុស្ស​ពី​អាយុ​១០ឆ្នាំ​ទៅ​២៤ឆ្នាំ។
ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បញ្ហា​សុខភាព​​ផ្លូវចិត្ត​​បង្ហាញ​​​​ថា​ជិត​ពាក់​កណ្តាល​នៃ​ជំងឺ​ដែល​ពួក​គេ​បាន​ចុះបញ្ជី​គឺ​ស្ថិត​​នៅ​​ក្នុង​ក្រុម​មនុស្ស​ពី​អាយុ​១០ឆ្នាំ​ទៅ​២៤ឆ្នាំ។

ការ​សិក្សា​ថ្មីមួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា​ ជំងឺ​ដែល​ទាក់ទង​នឹង​សតិ​ ជា​មូលហេតុ​នាំ​មុខ​គេ​ដែល​នាំ​ឲ្យ​មាន​ភាព​ពិការ​នៅ​ក្នុង​ចំណោម​ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យ​ក្មេងៗ។​ ការ​សិក្សា​នេះ​ជា​ការ​សិក្សា​ដំបូងបង្អស់​ដែល​ផ្តល់រូបភាព​សាកល​មួយ​នៃ​សុខភាព​មនុស្ស​នៅ​ក្នុង​ក្រុម​អាយុ​នេះ។

មនុស្ស​វ័យ​ក្មេង​ពី​អាយុ​១០​ឆ្នាំ​ដល់​២៤ឆ្នាំ​ គួរ​តែ​នៅ​ក្នុង​ចំណោម​អ្នក​មាន​សុខភាព​ល្អ​បំផុត​ដោយ​សារ​តែ​មនុស្ស​ក្នុង​វ័យនេះ​អាច​គេច​ផុត​ពី​គ្រោះថ្នាក់​ជំងឺ​កុមារភាព​ ហើយ​មិន​ទាន់​ចាស់​ល្មម​នឹង​ទទួល​ការ​រាតត្បាត​ដោយ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​ និង​ពី​ស្ថានភាព​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​មនុស្ស​ចាស់។

ប៉ុន្តែ​ការសិក្សា​ថ្មីមួយ​បដិសេធ​ទស្សនៈ​នេះ ដោយ​ពិនិត្យ​មើល​អត្រា​ស្លាប់​កន្លង​មក​ដោយ​ប្រើ​វិធានការ​មួយ​មាន​ឈ្មោះថា​ Disability Adjusted Life Years ឬ​ហៅ​កាត់ថា​ DALY​ ដែល​គិត​បញ្ចូល​ទាំង​ការ​ស្លាប់ និង​ការ​មាន​ជំងឺ។

ដោយ​ប្រើ​ប្រព័ន្ធ​ទិន្នន័យ​មួយ​ដែល​មាន​ឈ្មោះ​ថា បន្ទុក​ជំងឺ​សាកល (Global Burden of Disease) ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បញ្ហា​សុខភាព​ផ្លូវចិត្ត​បាន​បង្ហាញ​ថា ជិត​ពាក់​កណ្តាល​នៃ​ជំងឺ​ដែល​ពួក​គេ​បាន​ចុះបញ្ជី​គឺ​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​ពី​អាយុ​១០ឆ្នាំ​ទៅ​២៤ឆ្នាំ។

«ទាក់​ទង​នឹង​មូលហេតុ​ចំបង​ចំនួន​១០​នៃ​ជំងឺ​របស់​ក្រុម​អាយុ​នេះ​ មូលហេតុ​ប្រាំ​ក្នុង​ចំណោម​មូលហេតុ​ទាំងនេះ​គឺ​បញ្ហា​ទាក់​ទង​នឹង​ផ្លូវ​ចិត្ត ដូចជា​ដំណើរ​ធ្លាក់​ទឹក​ចិត្ត​ វិកល​ចរិក​ ការ​ផឹក​ស្រា​ហួស​ប្រមាណ ការ​ធ្វើ​អត្តឃាត ការ​ធ្វើ​ទុក្ខ​ទោស​ខ្លួន​ និង​ភាព​ខូច​សណ្តាប់​ធ្នាប់​ផ្នែក​ស្មារតី»។

លោក​វេជ្ជបណ្ឌិត​ ចច ផាថិ្ថន (George Patton) នៃ​សាកល​វិទ្យាល័យ​មែលប៊ន​ (University of Melbourne) នៃ​ប្រទេស​អូស្ត្រាលី​ ជា​សហ​អ្នកនិពន្ធ​ជាន់​ខ្ពស់​ម្នាក់​នៃ​ការ​សិក្សា​ថ្មី​ ដែល​ការសិក្សា​នោះ​ត្រូវ​បាន​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក។ ដោយសារ​តែ​ការសិក្សា​ដំបូង​បង្អស់​ដូចនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ វា​ពិត​ជា​មិន​អាច​និយាយ​អំពី​និន្នាការ​ទេ​នៃ​ជំងឺ​ទេ​ ប៉ុន្តែ​លោក​ ផាថ្ថិន បាន​កត់​សម្គាល់​លំនាំ​នៃ​តំបន់​ខ្លះៗ។​ ជាឧទាហរណ៍​ នៅក្នុង​ទ្វីប​អាហ្វ្រិក​ ជំងឺឆ្លង​ជាច្រើន​នៅ​តែ​ជា​បញ្ហា​ដ៏​សំខាន់​មួយ។ លោក​ថ្លែង​ថា៖

«អញ្ចឹង​ ជំងឺអេដស៍​ របេង​ និង​គ្រុនចាញ់​ ជាមូលហេតុ​សំខាន់​ដែល​បង្ក​ឲ្យ​ស្លាប់និង​បង្ក​ឲ្យមាន​ជំងឺ​ ពោលគឺ​ជា​ភាពពិការ។​ សរុប​បញ្ហា​ទាំងអស់​ចូលគ្នា​ នាំ​ឲ្យ​ការស្លាប់​នៃ​ម្តាយ​និង​ផលវិបាក​នៃ​កំណើត​កុមារពិការ​មាន​កាន់តែ​ច្រើន​ឡើង​ជាង​ផ្នែក​ផ្សេងៗទៀត​នៃ​ពិភពលោក»។

ផ្ទុយ​ទៅវិញ​ នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​ ដែល​គ្រប​ដណ្តប់​ដោយ​ប្រទេស​ចិន​ រូបភាព​ស្រដៀង​គ្នា​ទៅ​នឹង​ក្រុម​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ ដែល​ពិការភាព​មាន​ច្រើន​ដោយសារ​ជំងឺផ្លូវចិត្ត​និង​ជាពិសេស​គឺ​គ្រោះថ្នាក់​ចរាចរ។

បន្ថែម​ពី​លើ​ជំងឺ និង​ស្ថានភាព​ដែល​បង្ក​ឲ្យមាន​សុខភាព​មិន​ល្អ​នៃ​ក្រុម​មនុស្ស​វ័យ​ក្មេង​នោះ​ លោក ចច ផាថិ្ថន មាន​ប្រសាសន៍ថា ទម្លាប់​អាក្រក់​នៅ​ក្នុង​យុវវ័យ​ ដូចជាការ​ជក់បារី ការ​សេព​សុរា ការធាត់​លើស​ទម្ងន់​ និង​ការ​សេពកាម​គ្មាន​សុវត្ថិភាព​ អាច​នាំ​ឲ្យ​មាន​ជំងឺ និង​ឲ្យ​ឆាប់​ស្លាប់​នៅ​ប៉ុន្មាន​ទសវត្សរ៍​ក្រោយ។ លោក​ថ្លែង​ថា៖

«ករណី​ទាំងអស់​នេះ​លេច​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ ហើយ​វា​ក្លាយ​ជា​បន្ទុក​ធំ​មួយ​នៃ​ការ​បង្ក​ជំងឺ​នៅ​ក្នុង​ជីវិត​នៅ​ពេល​ក្រោយ។​ អន្តរាគមន៍​ទាំង​ឡាយ​នឹង​មាន​ប្រសិទ្ធភាព​ខ្លាំង​ ប្រសិន​បើ​យើង​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេល»។

ការ​សិក្សា​អំពី​បន្ទុក​នៃ​ជំងឺ​នៅ​ក្នុង​ក្រុម​មនុស្ស​ពី​អាយុ​១០​ទៅ​២៤​ឆ្នាំ​ ដោយ​សហ​អ្នក​និពន្ធ ចច ផាថិ្ថន​ អ្នកនិពន្ធ​នាំមុខ​ ហ្វ៊ីអូណា ហ្គ័រ (Fiona Gore)​ និង​អ្នក​និពន្ធ​ផ្សេងៗ​ទៀត​មាន​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ិនធឺណេត​របស់​ទស្សនាវដ្តី​ “The Lancet”។

ប្រែសម្រួល​ ដោយ​ នុច សារីតា

XS
SM
MD
LG