អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ខ្លួនកំពុងសិក្សាពីប្រភេទជំងឺកូវីដ១៩ ដែលវិវត្តថ្មី ចំនួនពីរ ដែលត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេស និងប្រទេសអាហ្វ្រិកខាងត្បូង និងបានបន្ថែមថា គ្មានភស្តុតាងថាជំងឺកូវីដ១៩ ដែលបម្លែងថ្មីនេះមានគ្រោះថ្នាក់ជាង ឬធ្ងន់ធ្ងរជាងប្រភេទជំងឺកូវីដ១៩ធម្មតាទេ ហើយមធ្យោបាយល្អបំផុតដែលពលរដ្ឋអាចធ្វើបានគឺទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។
នៅក្នុងសន្និសីទព័ត៌មាននៅការិយាល័យកណ្ដាលរបស់អង្គការ WHOនៅក្នុងទីក្រុងហ្សឺណែវ មន្ត្រីអង្គការនេះបានឲ្យដឹងថា ពួកគេបន្តទទួលបានទិន្នន័យអំពីជំងឺកូវីដ១៩វិវត្តថ្មីនេះ ហើយមាន របាយការណ៍មកពីចក្រភពអង់គ្លេសថា ជំងឺកូវីដ១៩ បម្លែងថ្មីអាចងាយឆ្លងលឿនជាង។
ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មានថា អង្គការ WHO កំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ ដើម្បីយល់ដឹងពីរបៀបដែលការវិវត្តរបស់ហ្សែនប៉ះពាល់ដល់អាកប្បកិរិយារបស់វីរុស។ លោកសង្កត់ធ្ងន់ថា វាមិនមែនជារឿងថ្មីទេ ដោយបាននិយាយថា៖ «វីរុសតែងវិវត្តក្នុងរយៈពេលកាន់តែយូរ វាជាដំណើរធម្មជាតិ និងត្រូវបានរំពឹងទុក»។
លោក Tedros និយាយថា ការបង្ការការរាលដាលនៃជំងឺនេះឲ្យបានកាន់តែលឿន កាន់តែជួយបានច្រើន។ លោកថា៖ «បើយើងកាន់តែអនុញ្ញាតឲ្យវារាលដាល វាមានឱកាសវិវត្តកាន់តែច្រើន»។ លោកបន្ថែមថា បណ្ដារដ្ឋាភិបាល និងពលរដ្ឋទំាងអស់គួរតែចាត់វិធានការបាំបាច់ដើម្បីកាត់បន្ថយការឆ្លង។
អ្នកស្រី Maria Van Kerkhove នាយិកាផ្នែកបច្ចេកទេសនៃអង្គការ WHO បញ្ជាក់ថា មិនមានការទាក់ទងគ្នារវាងប្រភេទជំងឺកូវីដ១៩បម្លែងថ្មីដែលគេទើបបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងប្រភេទថ្មីនៅចក្រភពអង់គ្លេសទេ ហើយថា ប្រភេទទាំងពីរវាគឺខុសគ្នា និងគ្រាន់តែលេចចេញមកដំណាលគ្នា។
ស្របពេលគ្នានេះដែរ លោក Michael Ryan ប្រធានកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពនៃអង្គការ WHO បាននិយាយថា នៅក្នុងដំណាក់កាលនេះ គ្មានភស្តុតាងថា «វីរុសនឹងផ្លាស់ប្ដូរភាពធ្ងន់ធ្ងរ ការធ្វើរោគវិនិច្ឆ័យ និងសារៈសំខាន់នៃវ៉ាក់សំាងនៅពេលខាងមុខឡើយ»៕