អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា មន្ទីរពេទ្យ Shifa ក្នុងតំបន់ហ្កាហ្សា (Gaza) «លែងដំណើរការជាមន្ទីរពេទ្យទៀតហើយ» ហើយស្ថានការណ៍នៅឯមន្ទីរពេទ្យដ៏ធំជាងគេបង្អស់នៅក្នុងតំបន់ហ្កាហ្សានេះគឺ«ធ្ងន់ធ្ងរនិងប្រកបដោយគ្រោះថ្នាក់»។
លោក Ghebreyesus បានថ្លែងថា៖ «ការបាញ់និងការបាញ់ផ្លោងឥតឈប់ឈរ» នៅជុំវិញមន្ទីរពេទ្យនេះបាន «ធ្វើឱ្យស្ថានការណ៍ដែលយ៉ាប់យ៉ឺនស្រាប់កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា គ្មានមូលហេតុណាមួយដែលអ្នកជំងឺនៅមន្ទីរពេទ្យ Shifa ដែលហ៊ុមព័ទ្ធនេះមិនអាចត្រូវបានជម្លៀសចេញដោយសុវត្ថិភាពនោះទេ ប៉ុន្តែលោកបានអះអាងថាក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) «កំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យអ្នកជំងឺទាំងនោះស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់»។
មេដឹកនាំអ៊ីស្រាអែលរូបនេះបានបញ្ជាក់នៅក្នុងកម្មវិធី «State of the Union» របស់ទូរទស្សន៍ CNN ថា អ្នកជំងឺ ១០០ នាក់ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យនោះ និងថាជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ជុំវិញមន្ទីរពេទ្យនោះត្រូវបានជម្លៀសចេញដោយសុវត្ថិភាពពីតំបន់នោះតាមច្រករបៀងសុវត្ថិភាពនានាចេញពីទីក្រុងហ្កាហ្សាឆ្ពោះទៅទិសខាងត្បូង។
ប៉ុន្តែ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានបន្តនៅជិតមន្ទីរពេទ្យនោះ ហើយប្រធានមន្ទីរពេទ្យនោះលោក Mohammad Abu Salmiya បាននិយាយថាការប្រយុទ្ធគ្នាបានកើតឡើងនៅជុំវិញមន្ទីរពេទ្យនេះ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានបញ្ជាក់ក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS ថា សហរដ្ឋអាមេរិក «មិនចង់ឃើញការបាញ់ប្រហារទៅវិញទៅមកនៅក្នុងមន្ទីរពេទ្យដែលមនុស្សស្លូតត្រង់និងអ្នកជំងឺដែលទទួលការព្យាបាលជាប់គាំងនៅក្នុងជម្លោះនេះទេ ហើយសហរដ្ឋអាមេរិកបានប្រឹក្សាយ៉ាងសកម្មជាមួយនឹងកងកម្លាំងការពារជាតិអ៊ីស្រាអែលអំពីរឿងនេះ»។
ការព្យាបាលអ្នកជំងឺមួយចំនួននៅមន្ទីរពេទ្យ Shifa នេះត្រូវបានផ្អាកដោយសារតែកង្វះប្រេងឥន្ធនៈ ដោយធ្វើឱ្យទារកពីរនាក់បានស្លាប់និងអ្នកជំងឺរាប់សិបនាក់ទៀតប្រឈមនឹងហានិភ័យ។
ទន្ទឹមនឹងនេះដែរ លោក Sullivan បានបញ្ជាក់ក្នុងកម្មវិធីពិភាក្សាដំណឹងរបស់បណ្ដាញព័ត៌មាននានានៅក្នុងសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក «ទាក់ទងយ៉ាងសកម្ម» ជាមួយនឹងមន្ត្រីអ៊ីស្រាអែល កាតា និងអេហ្ស៊ីបដើម្បីធ្វើយ៉ាងណាឱ្យមានការដោះលែងចំណាប់ខ្មាំងជិត ២៤០ នាក់ដែលក្រុមហាម៉ាស់បានឃុំទុកនៅក្នុងតំបន់ហ្កាហ្សា ដែលក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិកាំង ៩ នាក់និងជនបរទេសម្នាក់ដែលមានសិទ្ធិធ្វើការនៅសហរដ្ឋអាមេរិកផងដែរ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AFP។