ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​អះអាងថា ប្រទេស​អាល់ហ្សេរីនិង​ប្រទេស​អាហ្សង់ទីន​គ្មាន​ជំងឺ​គ្រុន​ចាញ់​ទៀត​ទេ


រូបភាព​ឯកសារ៖ មនុស្ស​ម្នាក់​បាញ់​ថ្នាំ​មូស​នៅ​លើ​ជញ្ជាំង​ផ្ទះ​មួយ នៅ​ក្នុង​ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ មនុស្ស​ម្នាក់​បាញ់​ថ្នាំ​មូស​នៅ​លើ​ជញ្ជាំង​ផ្ទះ​មួយ នៅ​ក្នុង​ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨។

អង្គការ​សុខភាព​ពិភពលោក​ WHO​ បាន​បញ្ជាក់​ថា​ ប្រទេស​អាល់ហ្សេរី និង​អាហ្សង់ទីន​គឺជា​ប្រទេស​គ្មាន​ជំងឺ​គ្រុន​ចាញ់​ទៀត​នោះ​ទេ​ បន្ទាប់​ពី​គ្មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​គេ​រាយការណ៍​​រយៈពេល​៣ឆ្នាំ​ជាប់ៗ​គ្នា។

នេះ​ពិត​ជា​ដំណឹង​ល្អ​ដែល​ប្រទេសអាល់ហ្សេរី​ធ្លាប់​ជា​ប្រទេស​មាន​បរាសិត​ជំងឺ​គ្រុន​ចាញ់​កាល​ពី​ឆ្នាំ ១៨៨០​ ឥឡូវនេះ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​មាន​ជំងឺ​សម្លាប់​មនុស្ស​ជាង ៤សែននាក់​ជា​រៀងរាល់​ឆ្នាំ។ អ្នកជំងឺ​ភាគច្រើន​នៅទ្វីប​អាហ្វ្រិក​គឺ​ជា​កុមារ​អាយុ​ក្រោម៥ឆ្នាំ។

អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា​ ឥឡូវ​នេះ​ប្រទេស​អាល់ហ្សេរី​ក្លាយ​ជា​ប្រទេស​ទី២​ នៅ​ទ្វីប​អាហ្វ្រិក​ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ គ្មាន​ជំងឺ​គ្រុន​ចាញ់ បន្ទាប់​ពី​ប្រទេស​ម៉ូរីស (Mauritius) ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ឆ្នាំ ១៩៧៣។

រូបភាព​ឯកសារ៖ ក្មេង​ពីរ​នាក់​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​សម្រាក​នៅ​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុង​ភូមិ Walikale ប្រទេស​កុងហ្គោ។
រូបភាព​ឯកសារ៖ ក្មេង​ពីរ​នាក់​ដែល​មាន​ជំងឺ​គ្រុន​ចាញ់​សម្រាក​នៅ​មណ្ឌល​សុខភាព​មួយ​នៅ​ក្នុង​ភូមិ Walikale ប្រទេស​កុងហ្គោ។

​​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​គត់​សម្គាល់​ផងដែរ​ថា​ ប្រទេស​អាហ្សង់ទីន​គឺ​ជា​ប្រទេស​ទី​ពីរ​នៅ​អាមេរិក​ខាងត្បូង​បន្ទាប់​ពី​ប្រទេស​ប៉ារ៉ាហ្គាយ​ (Paraguay) ដែល​ត្រូវ​បាន​អះអាង​ថា​ជា​ប្រទេស​គ្មាន​ជំងឺ​គ្រុនចាញ់។

លោកស្រី Fadela Chaib អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់ VOA ថា​មាន​កត្តា​គួបផ្សំ​ជាច្រើន​បានចូលរួម​ជួយ​ដើម្បី​ទទួល​បាន​ជោគជ័យ​ដូច​នេះ។​

លោកស្រី​បាន​និយាយ​ថា «វា​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ប្រទេស​អាល់ហ្សេរី និង​អាហ្សង់ទីន​ ហើយ​វា​ក៏​ជា​ដំណឹង​ល្អ​សម្រាប់​ទ្វីប​ទាំង​២​នេះ​ និង​ពិភពលោក​ទាំង​មូល​ផង​ដែរ។ ការណ៍​នេះ​មាន​ន័យ​ថា​ យើង​អាច​យក​ឈ្នះ​ជំងឺ​គ្រុន​ចាញ់​បាន។ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​គួរ​តែ​ធ្វើ​បន្ត​ទៀត​ ដោយសារ​តែ​យើង​ចាំបាច់​ត្រូវ​បង្កើន​ការ​ឃ្លាំ​មើល​ដើម្បី​ឲ្យ​យើង​ដឹង​ ប្រសិន​បើ​មាន​ករណី​ឆ្លងជំងឺ​គ្រុន​ចាញ់​ថ្មី​កើត​ឡើង​នៅ​ក្នុង​ប្រទេស»។

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ថា​ ប្រទេស​ទាំង​២​បាន​លុបបំបាត់​ជំងឺ​គ្រុន​ចាញ់​តាមរយៈ​វិធីសាស្ត្រ​មូលដ្ឋាន​មួយ​ចំនួន​ ដូចជា​ការ​ប្រើ​មុង​ជ្រលក់​ថ្នាំ​ជាដើម។ អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា​ ប្រទេស​ទាំង​២​បាន​បង្កើន​ការ​តាមដាន​បាន​ល្អ​ជាង​មុន។ ការណ៍​នេះ​បាន​ជួយ​ពួកគេ​ឲ្យ​កំណត់​ពី​ស្ថានភាព​ជំងឺ​គ្រុនចាញ់​និង​ព្យាបាល​បាន​លឿន ។ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​បន្ថែម​ទៀតថា​ ប្រទេស​ទាំងពីរ​បាន​ផ្តល់​ការ​ពិនិត្យនិង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃនៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។ ​

សម្រាប់​ប្រទេស​អាហ្សង់ទីន អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ការ​សហការ​តាម​ព្រំដែន​ជាមួយ​នឹង​ប្រទេស​បូលីវី (Bolivia) មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ ប្រទេស​ទាំង​២​បាន​សហការ​គ្នា​ដើម្បី​បាញ់​ថ្នាំ​មូស​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២២.០០០ខ្នង នៅ​តាម​តំបន់​ព្រំដែន និង​បាន​ធ្វើ​តេស្ត​រក​ជំងឺ​គ្រុន​ចាញ់​នៅ​ទូទាំង​ប្រទេស។

អង្គការ​សុខភាព​ពិភពលោក​ថា ការ​តាំង​ចិត្ត​ដ៏​មុះមុត​ ការ​តស៊ូ និង​ជោគជ័យ​របស់​ប្រទេស​អាល់ហ្សេរី និង​អាហ្សង់ទីន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ គឺ​ជា​គំរូ​ដល់​ប្រទេស​ដទៃ​ទៀត​ ក្នុង​ការ​លុបបំបាត់​ជំងឺ​នេះ។

ទាំង​ប្រទេស​អាល់ហ្សេរី និង​ប្រទេស​អាហ្សង់ទីន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បរាសិត​ជំងឺគ្រុន​ចាញ់​ដ៏​ប្រល័យ​នេះ​ ដោយ​មិន​បានប្រើថ្នាំ​វ៉ាក់សាំង​ការពារ។ មន្ត្រី​សុខាភិបាលសង្ឃឹម​ថា ការងារ​លុបបំបាត់​ជំងឺនេះ​អាច​នឹង​មាន​ភាព​ធូរស្រាល​នៅ​ក្នុង​ពេល​អនាគត បន្ទាប់​ពី​ថ្នាំ​វ៉ាក់សាំង​បង្កា​ជំងឺគ្រុន​ចាញ់​ត្រូវ​បាន​ចែកចាយជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ហ្គាណា (Ghana) និង​ប្រទេស​ម៉ាឡាវី (Malawi)៕

XS
SM
MD
LG