អង្គការសុខភាពពិភពលោក (WHO) បានស្នើកាលពីថ្ងៃពុធឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ដល់កុមារនៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក (sub-Sahara Africa) និងនៅក្នុងតំបន់ផ្សេងទៀតនៅទ្វីបនេះ ដែលមានអត្រាឆ្លងជំងឺគ្រុនចាញ់ក្នុងកម្រិតមធ្យមទៅកម្រិតខ្ពស់។
វ៉ាក់សាំងគ្រុនចាញ់ដែលគេស្គាល់ថា Mosquirix បានបង្ហាញឲ្យឃើញថាមានប្រសិទ្ធភាពនៅក្នុងការបង្ការជំងឺគ្រុនចាញ់នៅក្នុងកម្មវិធីសាកល្បងវ៉ាក់សាំងនេះលើកុមារជាង ៨០០.០០០ នាក់នៅក្នុងប្រទេសហ្គាណា កេនយ៉ា និងម៉ាឡាវី តាំងពីឆ្នាំ ២០១៩ មក។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជំងឺគ្រុនចាញ់គឺជាឃាតករកំពូលសម្លាប់កុមារនៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក ដោយបានធ្វើឲ្យកុមារអាយុក្រោម៥ឆ្នាំជាង ២៦០.០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ។
វ៉ាក់សាំងគ្រុនចាញ់នេះតម្រូវឲ្យចាក់៤ដូសដើម្បីទប់ទល់នឹងមេរោគ P. falciparum «ដែលជាប្រភេទប៉ារ៉ាស៊ីតគ្រុនចាញ់ដ៏ប្រល័យបំផុតនៅលើពិភពលោក និងដ៏រាលដាលបំផុតនៅទ្វីបអាហ្វ្រិក»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោក។
អ្នកស្រីវេជ្ជបណ្ឌិត Matshidiso Moeti ប្រធានអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ជំងឺគ្រុនចាញ់បានតាមបន្លាចតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក ដោយបណ្ដាលឲ្យមនុស្សរងគ្រោះធ្ងន់ធ្ងរ»។
អ្នកស្រីបានបន្ថែមថា៖«យើងធ្លាប់បានប៉ងប្រាថ្នាចង់ឲ្យមានវ៉ាក់សាំងដ៏មានប្រសិទ្ធភាពមួយដើម្បីបង្ការជំងឺគ្រុនចាញ់ ហើយឥឡូវនេះជាលើកដំបូងបង្អស់ យើងមានវ៉ាក់សាំងដូចនេះដែលស្នើឲ្យប្រើប្រាស់ឲ្យបានទូលំទូលាយ។ ការស្នើឡើងនៅថ្ងៃនេះបានផ្ដល់នូវពន្លឺនៃក្ដីសង្ឃឹមសម្រាប់ទ្វីបអាហ្វ្រិក ដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារជំងឺគ្រុនចាញ់ ហើយយើងរំពឹងថា កុមារអាហ្វ្រិកជាច្រើនទៀតនឹងមានការការពារពីជំងឺគ្រុនចាញ់និងធំធាត់ឡើងជាមនុស្សពេញវ័យដែលមានសុខភាពល្អ»។
បើតាមអង្គការសុខភាពពិភពលោក ទិន្នន័យដែលបានមកពីកម្មវិធីសាកល្បងវ៉ាក់សាំងនេះបានបង្ហាញថា កុមារជាង ២ ភាគ ៣ ដែលមិនបានដេកក្នុងមុង ទទួលបានប្រយោជន៍ពីវ៉ាក់សាំងនេះ ហើយវ៉ាក់សាំងនេះជួយកាត់បន្ថយបាន ៣០% មិនឲ្យមានអាការៈ «ជំងឺគ្រុនចាញ់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់អាយុជីវិត»។
កាសែត The Wall Street Journal បានរាយការណ៍ថា វាអាចត្រូវការពេលរាប់ឆ្នាំទៀតទើបវ៉ាក់សាំងនោះមានគ្រប់គ្រាន់នៅគ្រប់ទីកន្លែង។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្រុមហ៊ុន GlaxoSmithKline អង្គការ PATH និងអង្គការស្រាវជ្រាវមួយចំនួនទៀតនៅទ្វីបអាហ្វ្រិក បានចំណាយពេល ៣០ ឆ្នាំ ដើម្បីបង្កើតវ៉ាក់សាំងនេះ៕