ដោយមានពាក់ម៉ាស់ និងស្រោមដៃដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា អ្នកស្រីវេជ្ជបណ្ឌិត Susan Buenaventura កំពុងទូទាត់ប្រាក់ទិញគ្រឿងលាបផ្ទះនៅហាង Village Hardware ក្នុងទីក្រុង Alexandria រដ្ឋ Virginia ក្បែររដ្ឋធានីវ៉ាស៊ីនតោន។
អ្នកស្រីគឺជាពេទ្យផ្នែកវះកាត់នៅមន្ទីរមួយកន្លែងក្បែរតំបន់នោះ។ ប៉ុន្តែដោយសារតែការងារផ្នែកវះកាត់របស់អ្នកស្រីត្រូវបានចាត់ទុកជាសេវាសុខាភិបាលមិនសូវចាំបាច់ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នេះ ធ្វើឲ្យអ្នកស្រី Buenaventura មានពេលទំនេរមួយចំនួន ដូច្នេះអ្នកស្រី និងស្វាមីយកពេលនេះមកលាបថ្នាំផ្ទះផ្នែកខាងក្នុង។
ដើម្បីជួយទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក អាជីវកម្មជាច្រើនត្រូវបានបិទ លើកលែងតែអាជីវកម្មណាដែលត្រូវបានចាត់ទុកជាអាជីវកម្មចាំបាច់ ដែលជាធម្មតាមានដូចជាហាងលក់គ្រឿងសម្ភារៈ ដែលពលរដ្ឋត្រូវការក្នុងករណីពួកគេត្រូវជួសជុលផ្ទះ ឬអគារបន្ទាន់។ ប៉ុន្តែអតិថិជនជាច្រើនទិញទំនិញមិនសូវចាំបាច់យកទៅកែលម្អគេហដ្ឋាន ដែលអាចធ្វើខ្លួនឯងបាន និងមិនសូវបន្ទាន់ខ្លាំង។
បទបញ្ជាស្នាក់នៅផ្ទះ តម្រូវឲ្យពលរដ្ឋស្នាក់នៅតែក្នុងផ្ទះ លើកលើងតែការចេញទៅទិញទំនិញចាំបាច់ដូចជាម្ហូបអាហារ និងថ្នាំសង្កូវជាដើម ត្រូវបានដាក់កំហិតដោយរដ្ឋ Virginia ក៏ដូចជារដ្ឋជាង ៤០ ផ្សេងទៀត រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
អ្នកស្រី Buenaventura ទទួលស្គាល់ថា ដើម្បីសុវត្ថិភាព «យើងគួរតែចេញក្រៅផ្ទះតិចដងបំផុត ហើយយើងចេញក្រៅផ្ទះតែពេលចាំបាច់»។ ប៉ុន្តែអ្នកស្រីបន្ថែមថា៖ «វាជាផ្នត់គំនិតខុសពីគេមួយ ខ្ញុំគិតថានៅពេលដែលយើងនៅផ្ទះ មានកិច្ចការផ្ទះមួយចំនួនដែលយើងចង់ធ្វើ»។
អ្នកស្រី Erin Westgate សាស្ត្រាចារ្យជំនួយផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យUniversity of Florida បានសិក្សាស្រាវជ្រាវអំពីភាពអផ្សុក។ អ្នកស្រីបាននិយាយថា សូម្បីតែនៅពេលដែលមនុស្សម្នាដឹងថា ពួកគេមិនគួរចេញទៅខាងក្រៅពីព្រោះតែរោគរាតត្បាត «បើសិនជាពួកគេគ្មានអ្វីធ្វើ ពួកគេនឹងស្វែងរកអ្វីផ្សេងធ្វើមិនខាន។ ខ្ញុំគិតថាអ្វីដែលកើតឡើងគឺថាអ្នកមានពេលទំនេរច្រើនហើយអ្នកបាត់បង់ទម្លាប់ប្រចាំថ្ងៃ និងគោលដៅ និងអ្វីដែលផ្ដល់គោលបំណងដល់អ្នករាល់ថ្ងៃ»។
លោក Tyler Gray អ្នកគ្រប់គ្រងហាង Village Hardware បានឲ្យដឹងថា នៅហាង Village Hardwareអាជីវកម្មបានកើនឡើងស្ទើតែទ្វេដង បើធៀបនឹងឆ្នាំមុន ដោយសារតែអតិថិជនមកទិញថ្នាំលាបផ្ទះ ឬជីដាក់សួនច្បារ នៅពេលដែលសីតុណ្ហភាពក្នុងរដូវផ្ការីកកើនឡើង។
លោកនិយាយថា៖ «យើងក៏លក់ដាច់ខ្លាំងផងដែរនូវម៉ាស៊ីនកាត់ស្មៅ និងចង្ក្រានអាំងសាច់ BBQ ពីព្រោះគ្មាននរណាម្នាក់អាចចូលបរិភោគអាហារនៅក្នុងភោជនីយដ្ឋានទេនៅពេលនេះ»។
លោក Gray បាននិយាយថា អតិថិជនជាច្រើនបានបញ្ជាទិញតាមទូរស័ព្ទ សម្រាប់ការដឹកជញ្ជូនដល់ផ្ទះ ឬមកយកទំនិញនៅតាមចញ្ចើមផ្លូវ ជាជាងការចូលក្នុងហាងតូច មានផ្លូវដើរចង្អៀត ដែលពិបាកអនុវត្តការរក្សាគម្លាតពីគ្នា។
លោក Anthony Calandra បានមកទិញរបស់របរមួយចំនួនដើម្បីជួសជុលកង់របស់ប្រពន្ធលោក។ លោកមិនបារម្ភពីការឆ្លងមេរោគទេ។
លោកនិយាយថា៖ « ខ្ញុំជឿជាក់ថា បើអ្នកណាឈឺ ពួកគេមិនចេញមកក្រៅទេ»។ ប៉ុន្តែលោកបានទទួលស្គាល់ថា យើងមិនអាចដឹងថានរណាម្នាក់ឈឺនោះទេ ព្រោះភាគច្រើននៃអ្នកជំងឺមិនបង្ហាញរោគសញ្ញានោះទេ។
នៅហាង Brown's Hardware ក្នុងទីក្រុង Falls Church រដ្ឋ Virginia លោក John Taylor ដែលជាម្ចាស់ហាងបាននិយាយថា អតិថិជនសួររកសម្ភារៈបោសសម្អាត ដែលពិបាកនឹងស្តុកទុកដោយសារអ្នកណាៗក៏ត្រូវការរបស់របរអស់ទាំងនេះដែរ។
លោកបន្ថែមថា៖ «ពួកគេក៏ទិញថ្មពិលអស់គ្មានសល់ដែរ»។
នៅក្នុងហាង Cherrydale Hardware ក្នុងទីក្រុង Arlington រដ្ឋ Virginia អ្នកគ្រប់គ្រងហាង លោក Jacob Proxima បាននិយាយថា ហាងរបស់លោកលក់ផ្កា និងគ្រាប់ពូជបន្លែអស់ហើយ ហើយលោកមិនអាចបញ្ជាទិញមកស្តុកបានទៀតទេក្នុងអំឡុងពេលរដូវដាំដុះនេះ។
លោក Taylor បាននិយាយថា ទោះបីជាមានការទិញសម្ភារៈមិនចាំបាច់ នៅហាងលក់សម្ភារៈ «ចាំបាច់» ក៏ដោយ ក៏ «យើងមិនអាចប្រាប់អតិថិជន ពីអ្វីដែលពួកគេអាច ឬមិនអាចទិញបានទេ» ជាពិសេសរបស់មួយចំនួនអាចត្រូវបានប្រើក្នុងហេតុការណ៍បន្ទាន់ ដូចជាយកទៅជួសជុលទុយោទឹក ឬតភ្លើងជាដើម។
នៅក្នុងអ៊ីម៉ែលផ្ញើមកកាន់ VOA ហាង Lowe'sដែលជាងហាងលក់រាយគ្រឿងសម្ភារៈធំបំផុតទី ២ នៅក្នុងសហរដ្ឋអាមេរិក និងជុំវិញពិភពលោក បានបញ្ជាក់ឲ្យដឹងថា មនុស្សមួយចំនួន «បានមករកយើងសម្រាប់ការជួសជុលផ្ទះបន្ទាន់នានា ជួសជុលទូទឹកកក និងទូបង្កកជាដើម ដើម្បីឲ្យពួកគេអាចរក្សាទុកអាហារ និងថ្នាំសង្កូវមិនឲ្យខូច»។
ទោះបីជាលោកEd Hartman ដែលជាអតិថិជនរបស់ហាង Village Hardware ពេញចិត្តចំពោះការណ៍ដែលហាងលក់សម្ភារៈនានានៅបើកទ្វារក៏ដោយ ក៏លោកបានរំឮកពលរដ្ឋឲ្យគិតពិចារណាឲ្យបានហ្មត់ចត់ មុននឹងចាកចេញពីផ្ទះមកខាងក្រៅ។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ខ្ញុំបានឆ្លងជំងឺកូវីដ១៩ មុនពេលមានការដាក់កំហិតឲ្យស្នាក់នៅក្នុងផ្ទះ។ កាលនោះខ្ញុំឈឺក្បាលខ្លាំង ក្អក និងមិនចង់ញ៉ាំអ្វីទាំងអស់។ ខ្ញុំមិនដឹងពីមូលហេតុដែលធ្វើឲ្យខ្ញុំឆ្លងជំងឺនេះឡើយ ហើយជំងឺនេះគឺសាហាវជាងជំងឺគ្រុនផ្ដាសាយធំ ហើយវាធ្វើឲ្យខ្ញុំដេកឈឺអស់ពេញមួយសប្ដាហ៍»៕