ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វ៉ាក់សាំង​សាកល្បង​សម្រាប់​ការពារ​ជំងឺ​កូវីដ១៩​ត្រៀម​ពិសោធន៍​លើ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ដបថ្នាំដែលត្រូវបានកំណត់ឈ្មោះហៅថា «វ៉ាក់សាំងកូវីដ១៩» កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ដបថ្នាំដែលត្រូវបានកំណត់ឈ្មោះហៅថា «វ៉ាក់សាំងកូវីដ១៩» កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ក្រុមហ៊ុន​ឱសថសាស្ត្រ​ពីរ​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា វ៉ាក់សាំង​សាកល្បង​សម្រាប់​ការពារ​ជំងឺ​កូវីដ១៩ កំពុង​ចែកចាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ពិសោធន៍​លើ​មនុស្ស​ជា​លើក​ដំបូង។

ក្រុមហ៊ុន​ផលិត​ឱសថ Pfizer របស់​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន BioNTech SE របស់​អាល្លឺម៉ង់ បាន​លើក​ឡើង​ថា ប្រសិនបើ​ការ​ពិសោធន៍​នេះ​បង្ហាញ​ថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព វ៉ាក់សាំង​នេះ​អាច​នឹង​ត្រូវ​ចែកចាញ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

វ៉ាក់សាំង​នេះ​អាច​ស្ថិត​ក្នុង​ចំណោម​វ៉ាក់សាំង​ដំបូងៗ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​ការពារ​ជំងឺ​កូវីដ១៩។ បើ​យោង​តាម​ស្ថិតិ​របស​សាកល​វិទ្យាល័យ Johns Hopkins ជំងឺ​នេះ​បាន​ចម្លង​ដល់​មនុស្ស​ជាង ១ លាន​នាក់ និង​បាន​សម្លាប់​មនុស្ស​ប្រហែល ៦ ម៉ឺន ៩ ពាន់​នាក់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​បញ្ជាក់​ថា វ៉ាក់សាំង​នេះ​ប្រើ​បច្ចេកវិទ្យា mRNA ដែល​អាច​អនុញ្ញាត​ឲ្យ​គេ​ផលិត​វា​បាន​លឿន​ខ្លាំង​ជាង​កិច្ច​ប្រឹងប្រែង​ជា​ទម្លាប់​កន្លង​មក​ដែល​ចំណាយ​ពេល​រាប់​ឆ្នាំ​នៅ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​មួយ។

ក្រុមហ៊ុន Moderna ដែល​ជា​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កំពុង​សហការ​គ្នា​លើ​ការ​បង្កើត​វ៉ាក់សាំង​មួយ ដែល​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​នេះ​ដែរ។ ដំណាក់កាល​ទី​មួយ​នៃ​ការ​ពិសោធន៍​នេះ​កំពុង​ធ្វើ​ឡើង ហើយ​ការ​ពិសោធន៍​ពាក់​កណ្ដាល​ផ្លូវ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ត្រីមាស​នេះ។

ក្រុមហ៊ុន Pfizer បាន​បង្ហាញ​សុទិដ្ឋិនិយម​កាល​ពី​សប្ដាហ៍​មុន​ថា ទីភ្នាក់ងារ​រដ្ឋបាល​ម្ហូប​អាហារ និង​ថ្នាំ​ពេទ្យ​របស់​សហរដ្ឋ​អាមេរិក​នឹង​អនុញ្ញាត​ជា​ផ្លូវការ​លើ​វ៉ាក់សាំង​នេះ​លឿន​បំផុត​នៅ​ខែ​តុលា​ខាង​មុខ​នេះ៕

XS
SM
MD
LG