ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានគឺលោក Larry Kudlow មានប្រសាសន៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអំពាវនាវឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុករបស់រដ្ឋាភិបាលចំនួន៥% ទៅលើ «គ្រប់មុខចំណាយទាំងអស់» នៅក្នុងឆ្នាំ២០២០ នៅពេលដែលលោកប្រធានាធិបតីដាក់សំណើថវិកាថ្មីរបស់លោកជូនសភានៅថ្ងៃចន្ទនេះ។
លោក Kudlow បានថ្លែងក្នុងកម្មវិធីព័ត៌មាន Fox News ថ្ងៃអាទិត្យថា៖ «ថវិកាឆ្នាំ២០២០ នឹងមានលក្ខណៈយ៉ាប់យ៉ឺន ដោយសារយើងនឹងដាក់កំហិតលើខ្លួនឯងនៅឆ្នាំនេះ ហើយខ្ញុំគិតថា យើងគូរតែបានធ្វើបែបនេះយូរណាស់មកហើយ»។
លោក Kudlow មានប្រសាសន៍ថា៖ «ការអនុម័តថវិកាថ្មីៗនេះខ្លះ មិនអំណោយផលល្អដល់ការចំណាយនោះទេ ដូច្នេះ ខ្ញុំគិតថា ការកាត់បន្ថយចំណាយនេះ គឺពិតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ»។
សំណើថវិកាលើកទី៣របស់លោកត្រាំ ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីនេះ ពោលគឺឆ្នាំថ្មីដែលចាប់ផ្ដើមនៅខែតុលា ត្រូវគេរំពឹងថា នឹងនាំឱ្យមានការប្រឆាំងពីអ្នកអនុម័តច្បាប់មកពីខាងគណបក្សប្រជាធិបតេយ្យនិងខាងគណបក្សសាធារណរដ្ឋខ្លះផងដែរ។
សំណើថវិកាថ្មីនេះ ដែលនឹងធ្វើឱ្យមានការជជែកសួរដេញដោលគ្នារាប់ខែ បានចាប់ផ្ដើមតែប៉ុន្មានអាទិត្យប៉ុណ្ណោះ បន្ទាប់ពីការបិទរដ្ឋាភិបាលអស់រយៈពេល៣៥ថ្ងៃដែលបានបំបែកឯតទគ្គកម្មពីមុន ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំបច្ចុប្បន្ននេះ បានបញ្ចប់ទៅ។
ជម្លោះថ្មីៗនេះ កើតឡើងដោយសារការទាមទាររបស់លោកត្រាំ ចង់បានថវិកាជាង៥ពាន់លានដុល្លារ យកទៅសង់ជញ្ជាំងនៅតាមព្រំដែនអាមេរិកជាប់ប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។
នៅពេលដែលសភា ច្រានចោលសំណើសុំថវិការបស់លោកត្រាំ នោះ លោកប្រធានាធិបតី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីរំលងការសុំការអនុញ្ញាតពីសភា ក្នុងការប្រើប្រាស់ថវិកាដែលត្រូវបានបែងចែកសម្រាប់គម្រោងផ្សេងៗទៀត យកទៅសង់ជញ្ជាំងតាមព្រំដែននោះ៕