ប្រធានរៀបចំថវិកាចាយវាយសហរដ្ឋអាមេរិក លោក Mick Mulvaney បានប៉ាន់ស្មានថាសំណើរៀបចំហែរក្បួនយោធារបស់លោកប្រធានាធិបតី Donald Trump អាចនឹងត្រូវចំណាយរហូតដល់៣០លានដុល្លារ។
លោកបានប្រាប់គណៈកម្មាធិការសភាទទួលបន្ទុកត្រួតពិនិត្យថវិកាចាយវាយ កាលពីថ្ងៃពុធថា «ខ្ញុំបានឃើញពីការប៉ាន់ស្មានការចំណាយផ្សេងៗគ្នាគឺចាប់ពី១០លានដុល្លាររហូតដល់៣០លានដុល្លារ អាស្រ័យទៅលើទំហំនៃពិធីហែរក្បួននេះ»។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថារដ្ឋបាលរបស់លោក Trump កំពុងពិចារណារៀបចំពិធីហែរក្បួននេះនៅចំថ្ងៃទិវាអតីតយុទ្ធជន។
លោក Mulvaney បានប្រាប់សមាជិកសភាថាថវិកាសម្រាប់រៀបចំពិធីនេះ មិនបានបញ្ជូលនៅក្នុងសំណើថវិកាចំណាយសម្រាប់ឆ្នាំ២០១៩របស់លោក Trump ទេ ដោយសារតែការពិភាក្សាអំពីពិធីនេះទើបតែធ្វើឡើងនាពេលថ្មីៗនេះ។
លោក Mulvaney បានថ្លែងបន្តថា រដ្ឋបាលរបស់លោក Trump គួរតែសហការជាមួយសភា «ប្រសិនបើសម្រេចថាចង់បន្តដំណើរការរៀបចំពិធីហែរក្បួននេះ» កាលពីសប្តាហ៍មុនលោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បាន ប្រាប់អ្នកសារពត៌មានថាក្រសួងកំពុងរៀបចំផែនការនិងកំពុងពិចារណាពីជម្រើសផ្សេងៗនៃការហែរក្បួននេះ។ លោក Trump បានស្នើឲ្យរៀបចំពិធីហែរក្បួនយោធានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីលោកបានឃើញការហែរក្បួនយោធាក្នុងទិវាបុណ្យឯករាជ្យបារាំងនៅក្នុងទីក្រុងប៉ារីសកាលពីខែកក្កដាកន្លងទៅ៕