សេតវិមានបានស្វាគមន៍ជំនួបសម្ងាត់រវាងគីម ជុងអ៊ុនមេ ដឹកនាំប្រទេសកូរ៉េខាងជើងនិងលោក ស៊ី ជីនពីងប្រធានាធិបតីនៃប្រទេសចិនថាជាសញ្ញាវិជ្ជមានមួយ នៅមុនការចរចាដ៏ធំមួយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ទោះជាយ៉ាងនោះក៏ដោយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងរក្សាការបន្តយុទ្ធនាការការដាក់សម្ពាធជាអតិបរមាប្រឆាំងនឹងកូរ៉េខាងជើង។
និយាយជាមួយ VOA ផ្សាយជាភាសាកូរ៉េ អ្នកជំនាញខាងតំបន់អាស៊ីខាងកើតម្នាក់និយាយថា ដំណើរទស្សនកិច្ចនេះក៏ជាការខំប្រឹងប្រែងរបស់គីម ជុងអ៊ុនដើម្បីពង្រឹងតួនាទីរបស់ខ្លួនមុនពេលការចរចាអន្តរកូរ៉េដែលបានគ្រោងធ្វើឡើងនៅខែមេសាខាងមុខនេះ។
ជំនួបដ៏ភ្ញាក់ផ្អើលមួយរវាងគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើងនិងលោកស៊ី ជីនពីងប្រធានាធិបតីនៃប្រទេសចិនត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបាននិយាយនៅក្នុងសារតាមប្រព័ន្ធ Twitter ថា «ឥឡូវនេះ មានឱកាសល្អថា គីម ជុងអ៊ុននឹងធ្វើអ្វីដែលត្រូវសម្រាប់ប្រជាពលរដ្ឋរបស់លោកនិងសម្រាប់មនុស្សជាតិ»។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយ ថា ភស្តុតាងច្រើនទៀតបញ្ជាក់ថា ការដាក់គំនាបរបស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើងកំពុងមានដំណើរការ។ លោកស្រី Sanders បានថ្លែងថា៖ «យើងនឹងមាន សុទិដ្ឋិនិយមប្រកបដោយការប្រុងប្រយ័ត្ន ក៏ប៉ុន្តែ យើងមានអារម្មណ៍ថា បញ្ហានេះកំពុងធ្វើចលនាក្នុងទិសដៅត្រូវ»។
សហរដ្ឋអាមេរិកបានបង្កើនដាក់ការគាបសង្កត់លើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្ម ថែមទាំងដេញតាមក្រុមហ៊ុននានានៅទូទាំងសាកលលោកដែលធ្វើពាណិជ្ជកម្មខុសច្បាប់ជាមួយកូរ៉េខាងជើង។
សេតវិមានកំពុងចាប់ផ្តើមយុទ្ធសាស្រ្តរង់ចាំមើលមុនពេលខ្លួនតាំងចិត្តធ្វើការចរចាជាផ្លូវការរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ក៏ប៉ុន្តែ និយាយថា ការចាប់ផ្តើមខាងការទូតរបស់គីម ជុងអ៊ុននៅក្នុងប្រទេសចិនបង្ហាញថា កូរ៉េខាងជើងប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីចរចា។
លោកស្រី Sarah Huckabee Sanders បានថ្លែងទៀតថា៖ «លោក អ្នក បានឃើញគីម ជុងអ៊ុនចាកចេញពីប្រទេសជាលើកដំបូង ចាប់តាំងពីក្លាយជាមេដឹកនាំរបស់កូរ៉េខាងជើង។ ចំពោះជំនួបនេះ យើងចាត់ទុកជាសញ្ញាវិជ្ជមានមួយដែលយុទ្ធនាការដាក់ការគាបសង្កត់អតិបរមាកំពុងបន្តធ្វើឡើងនោះមានដំណើរការល្អ ហើយយើងនឹងបន្តជំរុញឲ្យដំណើរការឆ្ពោះទៅមុខហើយសង្ឃឹមថា ជំនួបនោះចាប់ផ្តើមចេញដំណើរ»។
ដំណើរទៅកាន់បរទេសលើកដំបូងរបស់គីមជុងអ៊ុន ចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ២០១១បានកើតមានឡើងបន្ទាប់ពីមានការតានតឹងកើនឡើងជាមួយប្រ ទេសចិនអំពីមហិច្ឆតាអាវុធនុយក្លែអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងទើបតែប៉ុន្មានសប្តាហ៍មុនពេលជំនួបគ្រោងទុកមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។
លោក Douglas Paal នៃអង្គការ Carnegie Endowment for Peace បានថ្លែងថា៖ «វាជាការធម្មតាដែលនៅពេលណាអស់លោក អ្នកមានជំនួបធំៗកើតមានឡើង អស់លោក អ្នកចង់បង្ហាញថា អស់លោក អ្នក មានកលល្បិចខាងការទូតនិងការគាំទ្រដើម្បីបង្ហាញកូរ៉េខាងត្បូង។ ចិនជាសម្ព័ន្ធមិត្តមួយជាមួយកូរ៉េខាងជើង ហើយទោះបី សម្ព័ន្ធភាពនោះមានការតានតឹងក៏ដោយនៅពេលឥឡូវនេះ វាក៏ជាវិធីមួយបង្ហាញថា គីម ជុងអ៊ុនមិនមែនឯការទេនៅពេលទៅចូលរួមជំនួបនោះ»។
បណ្តាញព័ត៌មានចិនរាយការណ៍ថា គីម ជុងអ៊ុនបើកចំហរសម្រាប់ការចរចាលុបចោលអាវុធនុយក្លែអ៊ែរ ក៏ប៉ុន្តែក្នុងករណីដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកឆ្លើយតបទៅនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងព្យូងយ៉ាងដោយសុឆន្ទៈ។
លោក Richard Bush ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ស្តីពីកិច្ចការតំបន់អាស៊ីខាងកើតនៅឯវិទ្យាស្ថាន Brookings Institution។
លោក Richard Bush បានថ្លែងថា៖ «ដោយផ្អែកលើថាតើកូរ៉េខាងជើងបានដាក់លក្ខខណ្ឌយ៉ាងដូចម្តេចកាលពីអតីតកាលនោះ ការណ៍នេះប្រហែលមានន័យថា ការបញ្ចប់សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ការដកកងទ័ពអាមេ រិកចេញពីឧបទ្វីបកូរ៉េ ការបញ្ចប់ការរៀបចំអាវុធនុយក្លែអ៊ែ ចំណុចទាំងអស់នេះមិនមែនជាអ្វីដែលរដ្ឋាភិបាលអាមេរិកឬរដ្ឋាភិបាលកូរ៉េខាងត្បូងសម្លឹងឃើញបញ្ហាទាំងអស់នេះទេ»។
ការចរចាអន្តរកូរ៉េដែលបានគ្រោងធ្វើឡើងនៅចុងខែមេសា អាចកើតមានឡើងបន្ទាប់ទៀតគឺជំនួបទល់មុខគ្នារវាងគីម ជុងអ៊ុននិងប្រធានាធិបតីដូណាល់ ត្រាំ។រហូតមកទល់ពេលនេះ ប្រធានាធិបតីត្រាំបានបញ្ជូនសារតាមប្រព័ន្ធ Twitter ថា «យុទ្ធនាការនៃការដាក់គំនាបជាអតិបរមារបស់លោក»នឹងបន្ត៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន