ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាននិងក្រសួងការពារជាតិពិនិត្យមើលនីតិវិធីឡើងវិញក្រោយពីរដ្ឋមន្ត្រីការពារជាតិចូលសម្រាកពេទ្យ


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​​ Lloyd Austin ក្នុងអំឡុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​​ Lloyd Austin ក្នុងអំឡុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

សេតវិមាន​និង​ក្រសួងការពារ​ជាតិ​សហរដ្ឋ​អាមេរិកបាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ គេ​កំពុង​ពិនិត្យ​មើល​ពី​ស្ថានភាព​ចូល​សម្រាក​ព្យាបាលក្នុង​មន្ទីរ​ពេទ្យ​កាល​ពី​សប្តាហ៍មុន​ របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin និង​ការ​ខកខាន​ក្នុងការ​ជូន​ដំណឹងដល់​មន្ត្រី​សេតវិមាន​ អំពី​ការ​ផ្ទេរ​ភារកិច្ចរបស់លោក​Austin​ ​ទៅ​ឱ្យ​អនុ​រដ្ឋមន្ត្រី​របស់​លោក។​

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ លោក John Kirby បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ការ​ពិនិត្យ​មើល​នោះ​គឺសំដៅ​ទៅ​លើ​ថា​ តើ​មាន​គោលការណ៍ឬ​ដំណើរការ​ណា​មួយដែល​មិន​ត្រូវ​បាន​អនុវត្ត​ ​ដូច្នេះ​គេ​អាច​រៀនសូត្រ​អ្វី​បាន​ពី​បទពិសោធន៍​នោះ​។

ក្នុង​លិខិត​ផ្ទៃក្នុង​មួយ​ច្បាប់​ ដែលក្រសួង​ការពារជាតិ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​និយាយថា ក្រសួង​ការពារជាតិ​នឹងធ្វើ​ការ​ត្រួតពិនិត្យដែល​មាន​រយៈពេល​ ៣០ ​ថ្ងៃ ដែល​រួម​ទាំងពេលវេលា​និង​ការ​ជូន​ដំណឹង​ចាប់តាំង​ពី​ការ​ចូល​សម្រាកក្នុង​មន្ទីរពេទ្យ​របស់​លោក Austin ដែល​ជា​ដំណើរ​ការ​មួយដើម្បី​កំណត់​ថា​ តើ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិករូប​នេះ មិន​អាច​បំពេញ​ការងាររបស់​លោក​បាន​ចាប់​ពី​ពេល​ណា​មក​ និងផ្តល់​អនុសាសន៍​មួយ​ចំនួន​ដើម្បី​កែ​លម្អ​ដំណើរ​ការស្តី​ពី​ការ​ជូន​ដំណឹង​ដល់​មេដឹកនាំ​ថ្នាក់លើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ពេល​ខាង​មុខ​ផងដែរ។

លោក​ Austin​ ដែល​មាន​ឋានានុក្រមទី ​២ បន្ទាប់​ពីលោក​ Biden​ ក្នុងការ​បញ្ជាកងទ័ព​អាមេរិកនោះ​ ​មាន​បញ្ហា​សុខភាព​ឡើងវិញ បន្ទាប់​ពី​អ្វី​ដែល​ត្រូវ​បាន​ពណ៌នា​ថា​ជា​ ជា​ដំណើរ​ការ​ព្យាបាល​មួយ​ ដែល​លោក​បានទទួល​កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ធ្នូ​ ឆ្នាំ ២០២៣​កន្លង​ទៅ​ ហើយ​លោក​ត្រូវ​ចូល​ទៅសម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ទី​ ១ ​ខែ​មករា ឆ្នាំ​ ២០២៤។​

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ លោក​ឧត្តមសេនីយ៍​ទោ​ Patrick Ryder និយាយ​ថា​ មិន​មាន​ពេល​ណា​មួយ​ ដែលបញ្ហា​សន្តិសុខ​ជាតិ​ស្ថិត​ក្នុង​ហានិភ័យ​ដោយ​សារ​តែការចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់​លោក​ Austin នោះ​ឡើយ ​ហើយការងារ​របស់​លោកត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គឺ​អ្នក​ស្រី​ Kathleen Hicks ក្នុង​អំឡុង​ពេលខ្លះ​នៃ​ការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់​លោក។​ ​

អស់​ពេល​ជា​ច្រើន​ថ្ងៃ​ ដែលរដ្ឋមន្ត្រីការពារ​ជាតិ​វ័យ​ ៧០ ​ឆ្នាំ​រូបនេះ​ មិនបានបា្រប់​ដល់​លោក​ប្រធានាធិបតី ​Joe​ Biden នោះឡើយ​ ហើយ​ក្រសួង​ការពារជាតិ​អាមេរិក ក៏​មិន​ដែល​ប្រកាស​ពី​ការ​ចូលព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់លោក​ផង​ដែរ​ ដែល​ធ្វើ​មិន​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​បំផុតរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

លោក Austin និយាយ​កាលពី​ថ្ងៃ​សៅរ៍កន្លង​ទៅ​នេះ​ថា​ ​លោក​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ ចំពោះ​ភាព​សម្ងាត់​ជុំវិញ​ការ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​របស់​លោក​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG