អ្នកជំនាញកំពូលខាងផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បានច្រានចោលការអះអាងជាថ្មីរបស់លោកប្រធានាធិបតី Donald Trump ដែលថា ថ្នាំ hydroxychloroquine មានប្រសិទ្ធភាពនៅក្នុងការព្យាបាលជំងឺកូវីដ១៩។
លោក Trump បានការពារការអះអាងរបស់លោកអំពីការប្រើថ្នាំ hydroxychloroquine នេះនៅក្នុងសារជាង ១០ លើ Twitter កាលពីល្ងាចថ្ងៃច័ន្ទ បន្ទាប់ពីបានហាក់ដូចជាលើកឡើងយ៉ាងម៉ឺងម៉ាត់ជាសាធារណៈអំពីជំងឺកូវីដ១៩ នេះ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះមក។
លោក Trump បានចាប់ផ្ដើមអះអាងគាំទ្រជាថ្មីចំពោះថ្នាំ hydroxychloroquine ដែលជាថ្នាំព្យាបាលជំងឺគ្រុនចាញ់នេះ ទោះបីជាមានការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំនេះមិនមានប្រសិទ្ធភាពសម្រាប់ការព្យាបាលជំងឺកូវីដ១៩ និងទោះបីជារដ្ឋបាលម្ហូបអាហារ និងឱសថរបស់សហរដ្ឋអាមេរិកបានលុបចោលកាលពីពេលថ្មីៗនេះនូវការណែនាំរបស់ខ្លួនឲ្យប្រើថ្នាំនេះសម្រាប់ការព្យាបាលជំងឺកូវីដ១៩ ក្នុងករណីបន្ទាន់ក៏ដោយ។
លោក Fauci បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអង្គារម្សិលមិញក្នុងកម្មវិធី «Goold Morning America» របស់ទូរទស្សន៍ ABC ថា៖ «ខ្ញុំគាំទ្រចំណាត់ការរបស់រដ្ឋបាលម្ហូបអាហារ និងឱសថ។ ការពិសោធន៍ជាច្រើនទូទៅលើប្រសិទ្ធភាពនៃថ្នាំ hydroxychloroquine បានបង្ហាញថា ថ្នាំនេះមិនមានប្រសិទ្ធភាពសម្រាប់ការព្យាបាលជំងឺកូវីដ១៩ ទេ»៕