លោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Don McGahn មេធាវីប្រចាំសេតវិមានដែលត្រៀមនឹងចាកចេញពីតំណែងគឺជា «បុរសដ៏អស្ចារ្យ» ម្នាក់ ដែលលោកមាន «ទំនាក់ទំនងជិតស្និទ្ធជាមួយយ៉ាងច្រើន»។ លោក Trump រំពឹងថា លោក Don McGahn «ប្រហែលជានឹងត្រឡប់ទៅធ្វើការផ្នែកឯកជនវិញ»។
លោកមេធាវីប្រចាំសេតវិមានរូបនេះត្រូវបានមន្ត្រីជំនិតនានារបស់លោក Trump រិះគន់ថាមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងមេធាវីពិសេសលោក Robert Mueller ដែលកំពុងស៊ើបអង្កេតអំពីទំនាក់ទំនងរវាងយុទ្ធនាការបោះឆ្នោតរបស់លោក Trump ជាមួយនិងរដ្ឋាភិបាលរុស្ស៊ី។
លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធម្សិលមិញថា៖ «លោក Don McGhan ដែលជាមេធាវីប្រឆាំងសេតវិមាននឹងចាកចេញពីតំណែងរបស់លោកនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ខ្ញុំបានធ្វើការជាមួយនឹងលោក McGhan អស់រយៈពេលជាយូរមកហើយ ហើយខ្ញុំពិតជាថ្លែងអំណរគុណណាស់ចំពោះកិច្ចការរបស់លោក»។
លោក Trump បាននិយាយថា លោក McGhan នឹងចាកចេញពីតំណែងរបស់លោកបន្ទាប់ពីបានមើលការខុសត្រូវលើយុទ្ធនាការផ្ទៃក្នុងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីធ្វើយ៉ាងណាឲ្យព្រឹទ្ធសភាឯកភាពចំពោះការតែងតាំងចៅក្រមសាលាឧទ្ធរណ៍សហព័ន្ធលោក Brett Kavanaugh ឲ្យធ្វើជាចៅក្រមតុលាការកំពូល។
ការប្រកាសនៅថ្ងៃពុធនេះអំពីការចាកចេញរបស់លោក McGhan ពីតំណែងជាមេធាវីប្រចាំសេតវិមាននេះ បានកើតឡើងចំពេញដែលមានការរាយការណ៍ថា លោក Trump និងលោក McGhan មានភាពតានតឹងជាមួយគ្នា។ លោក McGhan ត្រូវបានគេបញ្ជាក់ថា ត្រូវបានសម្ភាសន៍ជាច្រើនលើកច្រើនសារដោយក្រុមអ្នកស៊ើបអង្កេតដែលធ្វើការឲ្យលោកមេធាវី Robert Mueller៕