នៅក្នុងស.រ.អា.មានការនិយាយជាញឹកញយថាគ្មាននរណាម្នាក់ឋិតនៅលើច្បាប់ទេ ទោះជាប្រធានាធិបតីក៏ដោយ។ ក៏ប៉ុន្តែនឹងមានអ្វីកើតឡើងនៅពេលប្រធានាធិបតីមានទាក់ទិននឹងការធ្វើខុសបែបឧក្រិដ្ឋ?
សំណួរនេះមានភាពទាក់ទងថ្មីក្នុងសប្តាហ៍នេះបន្ទាប់ពីលោក Michael Cohen អតីតមេធាវីរបស់លោកប្រធានាធិបតី Donald Trump បានសារភាពថាលោកមានទោសពៃរ៍ដោយសារបានរំលោភលើច្បាប់ហិរញ្ញវត្ថុដែលលោកបាននិយាយថាលោកធ្វើតាមបញ្ជារបស់លោក Trump ដែលកាលពេលនោះលោកជាបេក្ខជនប្រធានាធិបតីស.រ.អា.។
នៅក្នុងការប្រជុំមួយបែបធ្វើការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ West Virginia កាលពីថ្ងៃពុធ លោក Trump មិនបានអើពើដល់ការពិបាកខាងផ្លូវច្បាប់របស់លោកទេហើយលោកបានប្រមូលផ្តុំការគាំទ្រនៅក្នុងមូលដ្ឋានរបស់លោក។
លោក Trump បាននិយាយទៅកាន់ក្រុមមនុស្សដែលអបអរសាទរទទួលលោកថា «នៅក្រោមរដ្ឋបាលយើង ប្រទេសអាមេរិក ឈ្នះទៀត ហើយគេបានគោរពប្រទេសអាមេរិកទៀតនៅទូទាំងពិភពលោក។ នេះជាការទុកប្រទេសអាមេរិកថាសំខាន់ជាងគេ។»
ក៏ប៉ុន្តែការសារភាពថាមានទោសពៃរ៍ដោយលោក Cohen រួមជាមួយការកាត់ទោសលោក Paul Manafort អតីតអ្នកចាត់ចែងការឃោសនាបោះឆ្នោតរបស់លោក Trumpពីបទគៃបន្លំប្រាក់កាសបានផ្តល់ឱ្យក្រុមប្រជាធិបតេយ្យនូវអាវុធនយោបាយថ្មីមួយនៅពេលឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាស.រ.អា.នៅពាក់កណ្តាលអាណត្តិ៕