ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់​កាំភ្លើង​ស្បែក​ស​ដែល​បាញ់​សម្លាប់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ៣នាក់ នៅ​រដ្ឋ Florida បាន​ទិញ​កាំភ្លើង​ដោយ​ស្រប​ច្បាប់


មន្ត្រីអនុវត្តច្បាប់ស៊ើបអង្កេតកន្លែងកើតហេតុនៃការបាញ់ប្រហារដ៏ធំមួយនៅហាង Dollar General នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ នៅ Jacksonville រដ្ឋ Florida ។
មន្ត្រីអនុវត្តច្បាប់ស៊ើបអង្កេតកន្លែងកើតហេតុនៃការបាញ់ប្រហារដ៏ធំមួយនៅហាង Dollar General នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ នៅ Jacksonville រដ្ឋ Florida ។

បុរស​ខ្មាន់​កាំភ្លើង​ស្បែក​ស​ដែល​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ស្បែក​ខ្មៅ ៣ នាក់​នៅ​ហាង Dollar General ក្នុង​ទីក្រុង Jacksonville រដ្ឋ Florida កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ គឺ​មាន​អាយុ ២១ ឆ្នាំ​ដែល​បាន​ទិញ​កាំភ្លើង​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់​និង​មិន​មាន​ប្រវត្តិ​ឧក្រិដ្ឋ​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​អនុវត្ត​ច្បាប់​កាលពី​ថ្ងៃ​អាទិត្យ។

ខ្មាន់​កាំភ្លើង​ដែល​មាន​ឈ្មោះ​ថា Ryan Christopher Palmeter នេះ​បាន​រស់នៅ​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​ខ្លួន​នៅ​ជាយ​ក្រុង Jacksonville។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​លោក T.K. Waters នៅ​ក្នុង​សន្និសីទ​កាសែត​មួយ។ ខ្មាន់​កាំភ្លើង​រូប​នោះ​បាន​ស្លាប់​ដោយសារ​បាញ់​ខ្លួន​ឯង។

លោក Waters បាន​និយាយ​ថា ការ​បាញ់​ប្រហារ​នេះ​កើតឡើង​ដោយសារ​ការ​រើសអើង​ជាតិ​សាសន៍។ អាជ្ញាធរ​បាន​បញ្ជាក់​ថា ខ្មាន់​កាំភ្លើង​បាន​បន្សល់​ទុក​នូវ​ការ​បញ្ជាក់​ជា​ច្រើន​អំពី​គោលបំណង​របស់​ខ្លួន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ឪពុក​ម្ដាយ​របស់​ខ្មាន់​កាំភ្លើង​និង​មន្ត្រី​អនុវត្ត​ច្បាប់​បាន​រៀបរាប់​លម្អិត​អំពី​ការ​ស្អប់​គុំកួន​របស់​ខ្មាន់​កាំភ្លើង​ចំពោះ​ពលរដ្ឋ​ស្បែក​ខ្មៅ។

ខ្មាន់​កាំភ្លើង​ក៏​បាន​បន្សល់​ទុក​នូវ​មតកសាសន៍​និង​លិខិត​អំពី​ការ​ធ្វើ​អត្តឃាត​មួយ​ច្បាប់​ផង​ដែរ​ដែល​ឪពុក​របស់​ខ្មាន់​កាំភ្លើង​រូប​នោះ​បាន​រក​ឃើញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការ​ប៉ូលិស​ទីក្រុង Jacksonville។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​បាញ់​ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំ​ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​ទី ៦០ ឆ្នាំ​នៃ​ការ​ដើរ​ក្បួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ជា​ព្រឹត្តិការណ៍​ដែល​លោក Martin Luther King Jr. បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្បីល្បាញ​ដែល​មាន​ចំណង​ជើង​ថា «ខ្ញុំ​មាន​ក្ដី​សុបិន​មួយ» ឬ I Have a Dream។

ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ឯ​ពិធី​ដុត​ទៀន​បួងសួង​និង​នៅ​ព្រះវិហារ​គ្រិស្ដសាសនា​ដោយ​ក្ដី​មួហ្មង​និង​ហត់នឿយ​ដើម្បី​កាន់ទុក្ខ​ដល់​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​រើសអើង​ជាតិ​សាសន៍​លើក​នេះ ដែល​ជា​ការ​វាយ​ប្រហារ​បែប​នេះ​មួយ​ទៀត​ដែល​បាន​កើតឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ក្រោយ​ពិធី​បុណ្យ​សព​នៅ​ថ្ងៃ​អាទិត្យ មនុស្ស​ប្រហែល ២០០ នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ឯ​ពិធី​ដុត​ទៀន​បួងសួង​នៅ​យប់ថ្ងៃ​អាទិត្យ​នៅ​កន្លែង​ដែល​ស្ថិត​នៅ​មួយ​ប្លុក​ពី​ហាង Dollar General នៅ​ក្នុង​ទីក្រុង Jacksonville ដែល​នៅ​ហាង​នោះ​មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា​ខ្មាន់​កាំភ្លើង​ឈ្មោះ Ryan Palmeter នេះ​បាន​បើក​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ប្រើ​កាំភ្លើង​ដែល​ទិញ​ដោយ​ស្រប​ច្បាប់ បើ​ទោះបីជា​ខ្មាន់​កាំភ្លើង​រូប​នោះ​ធ្លាប់​ធ្វើ​តេស្ត​សុខភាព​ផ្លូវចិត្ត​ដោយ​មិន​ស្ម័គ្រចិត្តក៏ដោយ៕

XS
SM
MD
LG