ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​ប៉ូលិស​​ស្រុក​​​ស្បែក​ស​ម្នាក់​​នៅ​អាមេរិក​ត្រូវ​បណ្តេញ​​ពី​ការងារ​ក្រោយ​បាន​វាយ​បុរស​ស្បែក​ខ្មៅ


រូបតំណាង៖ ប៉ូលិស​ក្រុង​ញូវយ៉ក​ត្រួតពិនិត្យ​រថយន្ត​ដែល​បើ​ក​កាត់​ផ្លូវ​លេខ ៥៩ និង​រុក្ខវិថី Park Avenue នៅ​ក្រុង​ញូវយ៉ក ថ្ងៃ​ទី ៩ ខែកញ្ញា ឆ្នាំ​២០១១។
រូបតំណាង៖ ប៉ូលិស​ក្រុង​ញូវយ៉ក​ត្រួតពិនិត្យ​រថយន្ត​ដែល​បើ​ក​កាត់​ផ្លូវ​លេខ ៥៩ និង​រុក្ខវិថី Park Avenue នៅ​ក្រុង​ញូវយ៉ក ថ្ងៃ​ទី ៩ ខែកញ្ញា ឆ្នាំ​២០១១។

អនុប្រធាន​ប៉ូលិសស្រុក​ម្នាក់​ក្នុង​រដ្ឋ​ ​Georgia ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ បន្ទាប់ពីមាន​វីដេអូ​ឃ្លីប ដែល​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ជា​ច្រើន។​

ប្រធាន​ប៉ូលិស​ស្រុក​ Clayton​ លោកVictor Hill បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍នៅ​ថ្ងៃ​ចន្ទ​ថា អនុប្រធាន​ប៉ូលិសម្នាក់​ ដែល​បាន​ដាល់ផ្ទួនៗ​ទៅ​លើលោក Roderick Walker ដែលជា​បុរស​ស្បែក​ខ្មៅ​ ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ ដោយ​សារលោក​បាន​ប្រើ​កម្លាំង​ហួស​ហេតុ​ទៅ​លើ​លោក Walker។​

ឈ្មោះ​របស់មន្ត្រី​ប៉ូលិស​នោះ​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​នោះ​ទេ។​

រូបភាព​វីដេអូ​ដែល​ត្រូវ​បានថត​ដោយ​អ្នក​ឃើញ​ហេតុ​ការ​នោះ​កាល​ពី​ថ្ងៃសុក្រ​ ជិត​ទីក្រុង Atlanta បាន​បង្ហាញ​ថា​ មន្រ្តី​ប៉ូលិស​ស្បែក​ស​២រូបបាន​សង្កត់​ទៅ​លើ​បុរស​ស្បែក​ខ្មៅ​លោក Walker ហើយ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​សង្កត់​នៅ​ពី​លើ​គេ​ ជា​អ្នក​បាន​ដាល់​ផ្ទួនៗទៅ​លើបុរស​ស្បែក​ខ្មៅ​រូប​នោះ។

លោក Shean Williamsមេធាវី​របស់​បុរស​ស្បែក​ខ្មៅ​លោក Walker​ លើក​ឡើង​ក្នុង​សន្និសីទ​ការ​សែត​ថា​ កូនក្តី​របស់​លោក​ ជា​អ្នក​ជិះ​ពី​ក្រោយ​ក្នុង​រថយន្ត​មួយ​ នៅ​ពេល​ដែល​រថ​យន្ត​នោះ​ត្រូវ​បាន​ប៉ូលិស​ហៅ​ឈប់​ ដោយ​សារ​ពុំ​មាន​ភ្លើង​បំភ្លឺ​ខាង​ក្រោយ។​ បុរស​ស្បែក​ខ្មៅលោក Walker ត្រូវ​បាន​ចាប់​ខ្លួន​ ហើយកំពុង​ស្ថិត​ក្នុងការ​ឃុំ​ខ្លួន ​ដែល​នៅ​ទី​នោះ​លោក​ក៏ទទួល​ការ​ព្យាបាល​របួស​ផង​ដែរ។​

បាតុកម្មជា​ច្រើនដែល​បន្តកើត​មាន​នៅ​សហរដ្ឋ​និង​ជុំវិញ​ពិភពលោក​បាន​ផ្ទុះ​ឡើង​ដំបូង​ក្រោយ​ពី​មាន​ការ​ស្លាប់​របស់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​លោក George Floyd ក្រោម​សមត្ថកិច្ច​ប៉ូលិស នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ​នេះ​នៅ​ពេល​ប៉ូលិស​ស្បែក​ស​ម្នាក់​បាន​យក​ជង្គង់​សង្កត់​លើ​ក​លោក Floyd អស់​ជិត​៩​នាទី៕

XS
SM
MD
LG