ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ថ្ងៃ​ទី ១០០ នៃ​ការ​តវ៉ា ប៉ូលិស​ក្រុង Portland ប្រកាស​ថា​ការ​តវ៉ា​នេះ​គឺ​ជា​កុបកម្ម


ប៉ូលិស​ប្រើប្រាស់​ឧបករណ៍​បំបែក​ហ្វូង​បាតុករ ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​ក្នុង​ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ២០២០។
ប៉ូលិស​ប្រើប្រាស់​ឧបករណ៍​បំបែក​ហ្វូង​បាតុករ ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​មួយ​ក្នុង​ក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ២០២០។

ប៉ូលិស​ក្នុង​ក្រុង Portland រដ្ឋ Oregon ដែល​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​សហរដ្ឋអាមេរិក បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា ការ​តវ៉ា​នៅ​ក្នុង​ក្រុង​នេះ​គឺ​ជា​កុបកម្ម។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បាតុករ​មួយ​ចំនួន​គប់​ដប​ភ្លើង​នៅ​តាម​ដង​ផ្លូវ។

ប៉ូលិស​បាន​ប្រាប់​ដល់​ហ្វូង​បាតុករ​ដែល​មាន​គ្នា​រាប់​រយ​នាក់​ថា ការ​តវ៉ា​របស់​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កុបកម្ម និង​បាន​បញ្ជា​ឲ្យ​ពួកគេ​បំបែក​ហ្វូង​ជា​បន្ទាន់។

នៅ​ក្នុង​រដ្ឋ Oregon កុបកម្ម​ត្រូវ​បាន​គេ​ផ្ដល់​និយមន័យ​ថា​ជា​សកម្មភាព​របស់​មនុស្ស​ចាប់ពី ៦ នាក់​ឡើង​ទៅ ដែល​បង្ក «ភាព​ចលាចល និង​អំពើ​ហិង្សា» ដែល​ធ្វើ​ឲ្យ​មាន «ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​បង្ក​ឲ្យ​មាន​ភាព​អាសន្ន​សាធារណៈ»។ វា​គឺ​ជា​សកម្មភាព​ខុសច្បាប់​សម្រាប់​ប៉ូលិស​ក្នុង​រដ្ឋ Oregon ក្នុង​ការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក លើកលែង​តែ​ក្នុង​ករណី​ដែល​ពួកគេ​ប្រើ​ឧស្ម័ន​នេះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​ធ្វើ​កុបកម្ម​តែ​ប៉ុណ្ណោះ។

ប៉ូលិស​និយាយ​ថា បាតុករ​បាន​គប់ «ដុំភ្លើង» មួយ​ចំនួន ហើយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​រងរបួស។ វីដេអូ​ពី​បណ្ដាញ​សង្គម Twitter របស់​ក្រុម​បាតុករ និង​សមាជិក​បណ្ដាញ​ផ្សព្វផ្សាយ បាន​បង្ហាញ​នូវ​បុរស​ម្នាក់​ដែល​ទំនង​ជា​បាតុករ ឆេះ​ជើង​មួយ​កំណាត់​ក្រោម។

វីដេអូ​ផ្សេង​ទៀត​បង្ហាញ​នូវ​ផ្សែង ដែល​អ្នក​ឃ្លាំមើល​បាន​និយាយ​ថា គឺ​ជា​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ហើរ​តាម​តំបន់​ប្រជាជន​រស់នៅ។

សកម្មជន​ក្នុង​ក្រុង Portland បាន​នាំ​គ្នា​តវ៉ា​នៅ​តាម​ដង​ផ្លូវ​អស់​ចំនួន ១០០ ​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចលនា «ជីវិត​ពលរដ្ឋ​ស្បែកខ្មៅ​មាន​តម្លៃ» និង​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​ភាព​អយុត្តិធម៌​សង្គម ដែល​បាន​ចាក់ស្រេះ​នៅ​ក្នុង​សហរដ្ឋអាមេរិក​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ។ ការ​តវ៉ា​មួយ​ចំនួន​កន្លង​មក មាន​មនុស្ស​រាប់​ពាន់​នាក់​ចូលរួម។

សហរដ្ឋអាមេរិក​មាន​ការ​តវ៉ា​ជាច្រើន ចាប់​តាំង​ពី​ការ​ស្លាប់​របស់​លោក George Floyd កាលពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ​មក។ លោក Floyd គឺ​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដែល​បាន​ស្លាប់​ក្រោម​សមត្ថកិច្ច​ប៉ូលិស​នៅ​ក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota៕

XS
SM
MD
LG