នៅម៉ោង៩ល្ងាចនេះនៅសហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង៩ព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទី២ ទៅកាន់រដ្ឋសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
មុនសុន្ទរកថារបស់លោក មានការសន្និដ្ឋានពីប្រធានបទ និងបញ្ហាចម្រូងចម្រាសមួយចំនួន ដែលគេរំពឹងថា លោក ត្រាំ នឹងលើកឡើង ក្នុងនោះរួមមាន បញ្ហាអន្តោប្រវេសន៍និងសន្តិសុខព្រំដែន បញ្ហាដកកម្លាំងទ័ពអាមេរិកនៅប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន និងបញ្ហាសុខភាពជាដើម។
ជាទូទៅ នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធ ប្រធានាធិបតីភាគច្រើនត្រូវបានរំពឹងថា នឹងលើកឡើងពីសមិទ្ធផលដែលសម្រេចបានដោយរដ្ឋបាលរបស់ខ្លួន ដូច្នេះក៏មានការរំពឹងថា លោក ត្រាំ អាចនឹងលើកឡើងពីសមិទ្ធផលនៃគោលនយោបាយរបស់រដ្ឋបាលលោកក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ។
ការថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធរបស់លោកប្រធានាធិបតី ត្រាំ ឆ្នាំនេះ មានលក្ខណៈខុសពីឆ្នាំមុន ដោយសារតែសមាសភាពរបស់រដ្ឋសភាអាមេរិកថ្មី ដែលមានលោកស្រី Nancy Pelosi ជាប្រធានរដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យ និងសមាជិករដ្ឋសភាជាស្ត្រីកាន់តែច្រើនឡើង។
បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ ថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធជាលើកទី២របស់លោក លោកស្រី Stacey Abrams អតីតបេក្ខជនអភិបាលរដ្ឋ Georgia ខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានជ្រើសតាំងឲ្យឡើងថ្លែងឆ្លើយតបនឹងការថ្លែងសុន្ទរកថារបស់លោក ត្រាំ។ នេះគឺជាប្រពៃណីមួយ ដែលត្រូវបានអនុវត្តនៅក្នុងការថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធដោយប្រធានាធិបតីអាមេរិក។
សុន្ទរកថានេះ នឹងត្រូវថ្លែងមួយសប្តាហ៍យូរជាងការកំណត់ទុកពីមុននៅថ្ងៃទី២៩ខែមករា នៅក្រោយលោកស្រី Pelosi បានរារាំងលោក ត្រាំ មិនឱ្យថ្លែងសុន្ទរកថាលោករហូតដល់ពេលណាដែលរដ្ឋាភិបាលបើកជាថ្មីវិញ៕