នៅទូទាំងសហរដ្ឋអាមេរិក អ្នកគាំទ្រលោក Donald Trump បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ មានមូលហេតុតិចតួចប៉ុណ្ណោះក្នុងការពន្យល់ថាហេតុអ្វីបានជាពួកគេជ្រើសរើសលោក Trump ធ្វើជាប្រធានាធិបតី។
អ្នកខ្លះថា លោក Trump និយាយត្រង់ៗ។ អ្នកខ្លះទៀតថា លោក Trump ដឹងពីរបៀបធ្វើជំនួញ។ ហើយមនុស្សមួយចំនួនទៀតលើកឡើងថា លោក Trump ចង់ធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត។
នៅក្នុងការបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក ចំណុចដែលបានលើកឡើងដោយអ្នកគាំទ្រលោក Trump មួយចំនួននេះ អាចគ្រាន់តែជាពាក្យស្លោកតែប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រលោក Trump មិនបាននិយាយអំពីថាតើលោក Trump នឹងធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀតតាមរបៀបណានោះទេ ឬក៏ថាតើបទពិសោធន៍របស់លោកក្នុងការគ្រប់គ្រងអាជីវកម្មអចលនទ្រព្យអាចមានប្រយោជន៍អ្វីខ្លះដល់លោកក្នុងការយកមកប្រើប្រាស់ពេលលោកធ្វើជាប្រធានាធិបតីនោះ។
លោក Edward Mermelstein មេធាវីផ្នែកអចលនទ្រព្យមកពីទីក្រុង New York ដែលធ្លាប់ធ្វើជំនួញជាមួយលោក Trump នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គិតថា លោក Trump ដឹងពីវិធីដឹកនាំប្រទេស។ មេធាវីរូបនេះបានទទួលស្គាល់ថា លោក Trump ថាជាមនុស្ស «ឆេវឆាវ»។ ក្នុងពេលធ្វើបទសម្ភាសន៍ជាមួយ VOA មេធាវីរូបនេះ បានហៅលោក Trump ដែលជាជម្រើសប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ថាជាមនុស្សឆេវឆាវរហូតទៅដល់ ៦ លើក។
លោកនិយាយយ៉ាងដូច្នេះថា៖ «លោក Trump ចូលចិត្តធ្វើការនៅក្នុងបរិយាកាសតឹងតែង។ លោកមានវិធីសាស្ត្រថ្មីដែលមិនចាស់គំរិលក្នុងធ្វើការនៅក្នុងវិស័យនយោបាយ។ ហេតុដូច្នេះហើយ បានជាមាននូវប្រតិកម្មយ៉ាងខ្លាំងចំពោះអ្វីដែលលោកបាននិយាយ និងចំពោះអ្វីដែលលោកបានធ្វើនៅក្នុងផ្នែកនយោបាយនេះ»៕