ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​វិភាគ​ផ្តល់​ពិន្ទុ​ទៅ​​លោក​ស្រី​ Clinton ​ក្នុង​ការ​សួរ​ដេញ​ដោល​ទល់​មុខ​គ្នា​ដំបូងជាមួយ​លោក​ Trump


បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​​ថ្លែង​នៅក្នុង​ការ​ពិភាក្សា​សួរ​ដេញ​ដោល​ដំបូង​នៅ​សាកលវិទ្យាល័យ​ Hofstra កាល​ពី​យប់​ថ្ងៃ​ចន្ទ។
បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​​ថ្លែង​នៅក្នុង​ការ​ពិភាក្សា​សួរ​ដេញ​ដោល​ដំបូង​នៅ​សាកលវិទ្យាល័យ​ Hofstra កាល​ពី​យប់​ថ្ងៃ​ចន្ទ។

កាល​ពី​ថ្ងៃ​អង្គារ​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ទាំង​ពីរ​នាក់​គឺ​លោក​ស្រី​ Hillary Clinton ​និង​លោក​ Donald Trump ​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​វិញ មួយ​ថ្ងៃ​ក្រោយ​ការ​ជជែក​ដេញ​ដោល​គ្នា​ដែល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ច្រើន។

ក្រុម​អ្នក​វិភាគ​ឯករាជ្យ​ភាគ​ច្រើន​យល់​ស្រប​គ្នា​ថា​ លោកស្រី​ Clinton មាន​ជ័យ​ជម្នះ​ហើយ​អាច​ឱ្យ​លោក​ស្រី​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន​នៅ​ក្នុងការ​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស​ជាតិ​ក្នុង​ពេល​៦សប្តាហ៍​មុន​ការ​បោះឆ្នោតនៅថ្ងៃ​ទី​៨ខែវិច្ឆិកា​ខាង​មុខ​នេះ។

ការ​ស្ទង់​មតិ​នយោបាយ​នៅ​មុន​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​បាន​បង្ហាញ​ថា​បេក្ខជន​ទាំង​ពីរ​នាក់​នេះ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ប្រកៀក​ប្រកិត​គ្នា​ដោយ​លោក​ស្រី​ Clinton ​បេក្ខជន​ខាងគណបក្ស​ប្រជាធិបតេយ្យ​មាន​ការ​គាំទ្រ​២​ភាគ​រយ​លើស​លោក​ Trump។

ក៏​ប៉ន្តែ​ លោក ​Alan Abramowitz ​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​ Emory ​ក្នុង​ក្រុង ​Atlanta​ រដ្ឋ​ Georgia និង​លោក​ Nate Silver ​ដែល​ជា​អ្នក​ធ្វើ​ការ​ស្ទង់មតិ​ ទាំង​ពីរ​នាក់​បាន​និយាយ​ថា​ លោក​ស្រី​ Clinton ​អាច​មាន​កំណើន​ការ​គាំទ្រ​២ភាគ​រយ​ថែម​ទៀត​នៅ​ក្រោយ​លោក​ស្រី​បាន​ធ្វើ​ឱ្យ​លោក ​Trump ​ឋិត​នៅ​ក្នុង​ភាព​ការពារ​ខ្លួនក្នុង​រយៈ​ពេល​ភាគ​ច្រើន​នៃ​ការ​ជជែក​ដេញ​ដោលគ្នា​នេះ ​ដោយ​លោក​ស្រី​បាន​វាយ​ប្រហារ​លោក ​Trump ថា​ប្រកែក​មិន​ព្រម​ផ្សព្វផ្សាយ​ឱ្យ​គេ​ដឹង​អំពី​ឯកសារ​ពន្ធដារ​របស់​លោក ថា​លោក​មិន​បាន​បង់​ប្រាក់​ឱ្យ​អ្នក​ធ្វើការ​ជាប់​កុងត្រា​ខ្លះ​ដែល​លោក​បាន​ជួល​ឱ្យ​ស្ថាបនា​កន្លែង​លេង​ហ្គោលហ៍​ និង​កន្លែង​លេង​ល្បែង​ស៊ីសង​របស់​លោក​និង​ប្រវត្តិ​ដ៏វែង​អន្លាយ​របស់​លោក​ក្នុងការ​និយាយ​បង្កាច់​ពួក​ស្ត្រី។​

លោក ​Abramowitz ​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ប្រសិន​បើ​តួលេខ​គាំទ្រ​លោក​ស្រី​នៅ​ក្នុង​ការ​ស្ទង់​មតិ​កើន​ឡើង​បន្តិច។ ខ្ញុំ​គិត​ថា​ការ​គាំទ្រ​នេះ​ប្រហែល​កើន​ឡើង​ពីរ​ភាគរយ។​ ខ្ញុំ​យល់​ថា​កើន​ឡើងនេះ​អាច​ឱ្យ​លោក Trump​ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​មាន​ការ​ពិបាក​ជាង​មុន​ក្នុង​ការ​ទទួល​ការ​គាំទ្រ​ភាគ​ច្រើន​ក្នុង​ចំណោម​ក្រុម​ប្រតិភូ​អ្នក​បោះឆ្នោត​ពី​ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​ត្រូវ​សម្រេច​ដោយ​ផ្អែក​លើ​លទ្ធផល​តាម​រដ្ឋនីមួយៗ​ជា​ជាង​តាម​សន្លឹក​ឆ្នោត​ដែល​ប្រជារាស្ត្រ​បោះ​នៅ​ទូទាំង​ប្រទេស»។

លោក ​Abramowitz​ បាន​ហៅ​ការ​ថ្លែង​របស់​លោក​ស្រី​ Clinton ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ​ថា​ «មាន​ភាព​ស្ងប់​ស្ងៀម​ មិន​ឆេវឆាវ​និង​ប្រកប​ដោយ​ការ​មូល​អារម្មណ៍» ហើយ​លោក​បាន​ថ្លែង​ថា​លោក​ស្រី​«អាច​មាន​ប្រសាសន៍​អំពី​បញ្ហា​នានា​បាន»។ លោក​បានពណ៌នា​លោក​ Trump​ ថា​បាន​«បំភ្លៃ​វោហារ​និង​មាន​គំនិត​សើៗ។​ខ្ញុំ​យល់​ថា​លោក​មាន​ការ​ពិបាក​អំពី​បញ្ហា​ពូជសាសន៍​និង​បញ្ហា​យិនឌ័រ»៕

XS
SM
MD
LG