ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាកបាទ​ក្រហម​អន្តរជាតិ៖ ទិន្នផល​ដំណាំ​ទាប​នៅ​កូរ៉េខាងជើង​បង្កើន​ភាព​អត់ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង​ជំងឺឆ្លង​


រូបឯកសារ៖ កសិករកូរ៉េខាងជើងដាំស្រូវនៅកសិដ្ឋានមួយនៅខេត្ត South Pyongan។
រូបឯកសារ៖ កសិករកូរ៉េខាងជើងដាំស្រូវនៅកសិដ្ឋានមួយនៅខេត្ត South Pyongan។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់ ក្រុម​គ្រួសារ​ដែល​មាន​កូនក្មេង ម្ដាយ​បំបៅ​ដោះ​កូន អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ជនពិការ កំពុង​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង។

អង្គការ​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​កំពុង​តែ​ព្រមាន​អំពី​ការ​កើនឡើង​ភាព​អត់ឃ្លាន កង្វះ​អាហារូបត្ថម្ភ និង​ជំងឺ​ឆ្លង​តាម​ទឹក នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង ដោយសារ​តែ​ទិន្នផល​ដំណាំ​ទាប។

ទិន្នផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​ពី​ខែ​មិថុនា​ដល់​ខែ​កញ្ញា នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​បាន​ធ្លាក់​ចុះ​ពាក់កណ្ដាល​ដោយសារ​តែ​គ្រោះ​រាំងស្ងួត​កើតឡើង​នៅ​មុន​រដូវ​ផ្ការីក។ អង្គការ​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​បាន​រាយការណ៍​ថា ការ​ថយ​ចុះ​ទិន្នផល​ដំណាំ​កំពុង​តែ​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ទៅ​លើ​ប្រជាជន​រាប់ពាន់​នាក់ ដែល​ភាគច្រើន​ជា​ជន​ងាយ​រងគ្រោះ។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចាស់ ក្រុម​គ្រួសារ​ដែល​មាន​កូនក្មេង ម្ដាយ​បំបៅ​ដោះ​កូន អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ជនពិការ កំពុង​ត្រូវ​ការ​ជំនួយ​យ៉ាង​ខ្លាំង។

អ្នក​នាំពាក្យ​កាកបាទ​ក្រហម លោក Matthew Cochrane បាន​ថ្លែង​ប្រាប់ VOA ​ថា ស្ថានភាព​ត្រូវការ​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងជើង​កំពុង​តែ​តឹងតែង​យ៉ាង​ខ្លាំង។ លោក​បាន​ថ្លែង​ថា អង្គការ​សហប្រជាជាតិ​ប៉ាន់ស្មាន​ថា ប្រជាជន​ប្រមាណ​១១​លាន​នាក់​ ដែល​ស្មើ​នឹង​៤០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ស្បៀង​អាហារ។

លោក Cochrane បាន​ថ្លែង​ថា៖

«កូរ៉េខាងជើង​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​នេះ ដែល​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ដោយ​ស្ងៀមស្ងាត់។​ ការងារ​ដែល​ពួកយើង​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ​គឺ​ព្យាយាម​ជួយ​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ​ ឲ្យ​មាន​លទ្ធភាព​រស់រាន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​និង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ ប៉ុន្ដែ​វា​ប្រៀប​ដូចជា​ទឹក​មួយ​តំណក់​នៅ​ក្នុង​មហាសមុទ្រ​អញ្ចឹង។ ខ្ញុំ​គិត​ថា យើង​ត្រូវ​មាន​ការ​គាំទ្រ​ជាច្រើន​សន្ធឹកសន្ធាប់​បន្ថែម​ទៀត‍»។

លោក Cochrane បាន​មាន​ប្រសាសន៍​ថា កុមារ​ចំនួន​២០​ភាគរយ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​កំពុង​តែ​ខ្វះ​អាហារូបត្ថម្ភ។ លោក​បាន​ព្រមាន​ថា វិបត្តិ​ខ្វះ​ស្បៀង​អាហារ​សព្វថ្ងៃ​នេះ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​កើនឡើង​អត្រា​ខ្វះ​អាហារូបត្ថម្ភ​និង​ជំងឺ​ឆ្លង​ពី​ទឹក ដូចជា​ជំងឺ​រាគរូស​និង​ជំងឺ​រលាក​ពោះវៀនធំ​ជាដើម។

លោក Cochrane បាន​និយាយ​ថា៖

«ជា​រឿយៗ នៅ​ក្នុង​ស្ថានភាព​ដែល​មាន​គ្រោះ​រាំង​ស្ងួត យើង​ឃើញ​មាន​ការ​ខ្វះខាត​ទឹក ហើយ​កន្លែង​ដែលមាន​ទឹក​ក្លាយ​ជា​ទឹកកខ្វក់ ដែក​មិន​អាចយក​មក​ប្រើប្រាស់​បាន។ ប៉ុន្តែ​ប្រជាជន​គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះ​ទេ មាន​តែ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​មិន​ស្អាត​នោះ។ ដូច្នេះ​តាម​រយៈ​ការ​ផ្ដល់​នូវ​ទឹក​ស្អាត សម្រាប់​ដាំ​ដំណាំ​និង​សម្រាប់​ប្រជាជន​ប្រើប្រាស់ យើង​សង្ឃឹម​ថា ទិន្នផល​ដំណាំ​កើនឡើង ដែល​នាំ​ឲ្យ​សន្ដិសុខ​ស្បៀង​កាន់​តែ​ប្រសើរឡើង។ យើង​ក៏​សង្ឃឹម​ថា វា​ជួយ​ការពារ​ប្រជាជន​មិនឲ្យ​ឆ្លង​ជំងឺ​ពី​ទឹក​មិន​ស្អាត​ផង​ដែរ។‍»

អង្គការ​កាកបាទក្រហម​កំពុង​តែ​អំពាវនាវ​រក​ប្រាក់​ជិត​៥សែន​ដុល្លារ​ដើម្បី​ផ្ដល់​ជំនួយ​សង្គ្រោះជីវិត​ប្រជាជន​រាប់​ពាន់​នាក់​ដែល​រស់​នៅ​ក្នុង​សហគមន៍​ដែល​ងាយរងគ្រោះ​បំផុត​នៅ​ក្នុង​ខេត្ត North Phyongan។

អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ គេ​ត្រូវ​ចាត់​វិធានការ​ចាំបាច់​នានា​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​អ្វី​ដែល​អាច​សង្គ្រោះ​បាន​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​ដំណាំ និង​ដើម្បី​ធានា​ថា ប្រជាជន​ដែល​ជិត​អស់​ស្បៀងអាហារ​ស្ដុកទុក​នឹង​មិន​ត្រូវ​អត់ឃ្លាន៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG