នៅក្នុងខែមីនាកាលពីប្រាំឆ្នាំមុន ប្រទេសជប៉ុនបានរងការរង្គោះរង្គើដោយគ្រោះរញ្ជួយដីយ៉ាងធំបំផុតដែលមិនធ្លាប់កើតមានមកលើប្រទេសដីកោះមួយនេះ។ គ្រោះរញ្ជួយដីនោះ ដែលបង្កឲ្យកើតមានរលកយក្សស៊ូណាមិ បានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ១៥.០០០នាក់ ហើយធ្វើឲ្យប៉ះពាល់ដល់រេអាក់ទ័រនុយក្លេអ៊ែរមួយចំនួនទៀត។ នៅស្របពេលដែលទឹកបានហូរត្រឡប់ទៅសមុទ្រវិញ វាក៏បានបោកបក់នាំយកកម្ទេចកម្ទីរាប់សិបលានតោនមកទើរលើច្រាំងរបស់ស.រ.អាផងដែរ ចាប់តាំងពីពេលនោះមក។ នៅពេលដែលក្រុមអ្នកវិទ្យាសាស្រ្តចាប់ផ្តើមធ្វើការពិនិត្យទៅលើកម្ទេចកម្ទីទាំងនោះ ពួកគេបានរកឃើញសត្វត្រីក៏ដូចជាពូជសត្វសមុទ្រដទៃទៀត ដែលមានលក្ខណៈមិនធម្មតា និងអាចមានគ្រោះថ្នាក់ទៀតផង។
កម្ទេចកម្ទីសល់ពីរលកយក្សស៊ូណាមិពីប្រទេសជប៉ុនបានចាប់ផ្តើមបោកបក់មកលើតំបន់ឆ្នេរភាគខាងលិចរបស់ ស.រ.អា នៅក្នុងឆ្នាំ ២០១២ ហើយកម្ទេចកម្ទីទាំងនោះនៅតែបន្តបោកបក់មកជាបន្តបន្ទាប់។ ប៉ុន្តែពពួកសត្វមានជីវិតមួយចំនួនក៏បានបោកបក់ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកមកជាមួយដែរ។ សត្វត្រី និងពូជសត្វសមុទ្រដទៃទៀតពីដែនទឹកប្រទេសជប៉ុន បានរសាត់មកជាមួយកម្ទេចកម្ទីធំៗមួយចំនួនដែលអណ្តែតលើទឹក។ សត្វសមុទ្រទាំងនោះមួយចំនួនត្រូវបានដាក់តាំងបង្ហាញជាសាធារណៈ នៅឯសួនត្រី Oregon Coast Aquarium ទីដែលនាង Evonne Mochon Collura ធ្វើជាជំនួយការនៃអ្នកគ្រប់គ្រងសួនត្រីមួយនេះ។
នាង Mochon Collura បាននិយាយថា៖ «ពួកត្រីទាំងនេះកំពុងតែហែលយ៉ាងព្រងើយនៅក្នុងគុម្ពសារ៉ាយសមុទ្រនាពេលនេះ»។
លោក Tom Banse និយាយថា៖ «ពួកវាមើលទៅដូចមានអារម្មណ៍កំពុងនៅក្នុងកន្លែងដែលពួកគេធ្លាប់រស់នៅអញ្ចឹង។ ចូរមើលទៅពួកវាចុះ ពួកវាមើលទៅរាងចម្លែកបន្តិច។ មើលទៅមិនដូចត្រីនៅតំបន់ត្រូពិចប៉ុន្មានទេ ប៉ុន្តែមើលទៅគួរឲ្យទាក់ទាញ ហើយមើលទៅមានសុខភាពល្អទៀត»។
នាង Mochon Collura បានបន្តថា៖ «ពួកវាមានបណ្តុំខ្សែឆ្នូតដ៏ស្អាតលើដងខ្លួនរបស់វា គឺបណ្តុំខ្សែឆ្នូតវែងបញ្ឈរត្រង់ ដែលប្តូរពីពណ៌ទឹកប្រាក់ ទៅពណ៌ខ្មៅ»។
តាមលក្ខណៈសណ្ឋានរបស់ពួកវា ត្រីសមុទ្រទាំងនោះត្រូវបានហៅថា ប្រភេទត្រី Beakfish ដែលមានបណ្តុំខ្សែឆ្នូត។
នៅក្នុងអាងទឹក «Open Sea» ដែលមានទំហំធំជាង មានសត្វសមុទ្រមួយចំនួនដែលទើបតែមកដល់ថ្មី។ ពួកវាជាប្រភេទត្រីរាងមូលវែង មានទំហំធំ ខ្លួនពណ៌ទឹកប្រាក់ និងមានកន្ទុយញែកចេញពីគ្នាពណ៌លឿង។
នាង Mochon Collura បាននិយាយថា «...អ្នកនឹងឃើញហ្វូងត្រីមានចំនួនតិចជាងនេះ តែពួកវាមានទំហំធំជាង ដែលពួកគេកំពុងតែស្ថិតនៅកៀកជិតគ្នា។ ត្រីទាំងនោះជាប្រភេទត្រីធូណាពណ៌លឿង»។
បុគ្គលិកសួនត្រីបានជួយសង្រ្គោះសត្វត្រីប្រភេទ Jacks ជាងដប់ក្បាល និងត្រីប្រភេទ Beakfish មួយក្បាលចេញពី ទូកដ៏រិចរិលមួយកាលពីខែមេសាឆ្នាំមុន។ បំណែកទូកមានកញ្ចក់ការពារដែលបានលិចពាក់កណ្តាល និងគ្រប់ដណ្តប់ដោយសារ៉ាយសមុទ្រ គឺជាផ្នែកខាងមុខនៃទូកនេសាទដែលមានប្រវែងប្រហែល១៥ ម៉ែត្រ។ បំណែកនេះហាក់ដូចជាបានអណ្តែតឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីមានគ្រោះរញ្ជួយ និងរលកយក្សស៊ូណាមិនៅក្នុងឆ្នាំ២០១១ ហើយបាននាំមកជាមួយនូវត្រីមានជីវិតនៅក្នុងនោះ។
«យើងមិនដឹងថា ពួកត្រីទាំងនោះមានអាយុប៉ុន្មានទេ។ យើងក៏មិនដឹងថា ពួកវាស្ថិតនៅក្នុងតួទូកនោះយូរប៉ុណ្ណាដែរ។ ពួកវាប្រហែលជាបានជាប់នៅក្នុងតួទូកនោះ នៅពេលដែលពួកវានៅតូចនៅឡើយ»។
នាង Mochon Collura និយាយថា តាមការធ្វើតេស្តឌីអ៊ិនអេ (DNA) ទៅលើពួកត្រីដែលកំពុងលូតលាស់ពេញរូបរាង គេបានរកឃើញកំណត់វិជ្ជមានថា ពួកត្រីទាំងនោះមានប្រភពដើមពីតំបន់ដែនសមុទ្រអាស៊ីនៅភាគខាងកើត។ ត្រីទាំងនោះប្រហែលជាអាចរស់រានមានជីវិតបានដោយការចឹកស៊ីរុក្ខជាតិសមុទ្រដែលដុះនៅក្នុងទូកឬស៊ីអ្វីៗដែលត្រូវបានបោកបក់ចូលក្នុងទូកនោះ។
ពួកត្រីដែលបានធ្វើដំណើរយ៉ាងឆ្ងាយមកទីនេះត្រូវបានទុកដោយឡែកអស់រយៈពេលប្រាំមួយខែ មុនពេលត្រូវបានវិនិច្ឆ័យថា ពួកវាជាត្រីមានសុវត្ថិភាព និងសមស្របសម្រាប់ការដាក់បង្ហាញនេះ។ អ្នកទៅទស្សនាសួនត្រីនេះ គឺលោក Nicole Chason មកពីក្រុង Portland រដ្ឋ Oregon មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងពីរឿងរ៉ាវរបស់ពពួកត្រីទាំងនេះ។
«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលដឹងថាត្រីទាំងនេះអាចធ្វើដំណើរមកដល់ទីនេះបាន។ ខ្ញុំសង្ឃឹមថា ពួកគេនឹងសប្បាយរីករាយនៅទីនេះ ហើយពួកវាទទួលការយកចិត្តទុកដាក់ដូចភ្ញៀវមកទស្សនាសួនត្រីនេះដែរ»។
ទីភ្នាក់ងាររដ្ឋាភិបាល និងជីវវិទូផ្នែកភាវៈក្រោមទឹកនៅតំបន់ឆ្នេរភាគខាងលិច បន្តឃ្លាំមើលកម្ទេចកម្ទីពីរលកយក្សស៊ូណាមិ និងពពួកសត្វដែលរសាត់អណ្តែតមកជាមួយ។
លោក John Chapman គឺជាអ្នកជំនាញផ្នែកភាវៈក្រោមទឹកនៅឯមហាវិទ្យាល័យរដ្ឋ Oregon។ លោកនិយាយថា ដែនទឹកនៅតំបន់ឆ្នេរភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិកប្រហែលមានសភាពត្រជាក់ខ្លាំងសម្រាប់សត្វត្រីទាំងនោះបង្កាត់ពូជ។ ប៉ុន្តែ លោកបាននិយាយតាមបណ្តាញទំនាក់ទំនង Skype ថា មានប្រភេទសត្វដែលមានលទ្ធភាពលុកលុយជាច្រើនទៀតដែលធ្វើឲ្យលោកព្រួយបារម្ភ។
«បាទ! មានពពួកភាវៈដែលមានសណ្ឋានមិនល្អនៅក្នុងកម្ទេចកម្ទីទាំងនោះ»។
នៅក្នុងកម្ទេចកម្ទីទាំងនោះរួមមានទាំង ផ្កាយសមុទ្រ សារ៉ាយសមុទ្រ និងបរាសិត ដែលអាចវាទីយកកន្លែងរបស់ពពួកភាវៈដែលមានតាំងពីដើមមក។
សំណាងល្អ ទំហំនៃកម្ទេចកម្ទីដែលគេសង្ស័យថាមកពីរលកយក្សស៊ូណាមិ ដែលបោកមកទើរលើតំបន់ឆ្នេរភាគពាយព្យមហាសមុទ្រប៉ាស៊ីហ្វិក បានថមថយកាលពីឆ្នាំមុន។ អ្វីដែលនៅសេសសល់នៅទីនោះកំពុងតែធ្វើឲ្យមានការលំបាកនៅក្នុងការញែកឲ្យដាច់ពីសំណល់ដទៃទៀតនៅក្នុងមហាសមុទ្រ។ លោក Chapman និយាយថា តំបន់នេះហាក់ដូចជាមានសំណាងខ្លាំងណាស់។
«យើងមិនមានចម្លើយចុងក្រោយ ដែលថាយើងបានគេចផុតពីគ្រោះអាក្រក់មួយនៅឡើយទេ។ យើងមិនទាន់ដឹងច្បាស់នៅឡើយទេនៅពេលនេះ។ ប៉ុន្តែ ខ្ញុំគិតថា តាមការប៉ាន់ស្មានត្រួសៗយើងប្រហែលជាបានគេចផុតហើយ»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ពេលខ្លះពពួកសត្វដែលវាយលុកលើភាវៈដទៃត្រូវការពេលវេលាយូរដើម្បីបង្កលក្ខណៈសម្បត្តិរបស់ពួកវាឲ្យបានគ្រប់គ្រាន់។ ដូច្នេះ អ្នកវិទ្យាសាស្រ្តផ្នែកភាវៈក្រោមទឹកនឹងមានការតាមដានយ៉ាងប្រុងប្រយ័ត្ន។ មធ្យោបាយចម្បងមួយនៃការតាមដាននោះគឺ ការដាក់លោហៈធាតុ ឬបន្ទះផ្លាស្ទិចនៅក្នុងទឹកដើម្បីឲ្យឃើញថា តើមានអ្វីខ្លះលូតលាស់នៅលើលោហៈ ឬបន្ទះផ្លាស្ទិចទាំងនោះ។ បន្ថែមពីលើនេះទៀត អ្នកសង្កេតការណ៍ដែលបានទទួលការហ្វឹកហ្វឺនកំពុងធ្វើការត្រួតពិនិត្យយ៉ាងទៀតទាត់ទៅលើភាវៈរស់ក្នុងសមុទ្រ ដែលស្ថិតនៅខុសទីតាំងនៅតាមបណ្តោយឆ្នេរ ឬគំនរផ្សេងៗ។ រដ្ឋាភិបាលជប៉ុនបានឧបត្ថម្ភប្រាក់បីលានដុល្លារដើម្បីផ្គត់ផ្គង់ទៅលើការធ្វើគំរូម៉ូដែលលើការសាយភាយកម្ទេចកម្ទីលើផ្ទៃសមុទ្រ និងការត្រួតពិនិត្យតាមបណ្តោយឆ្នេរនៅជុំវិញជាយតំបន់សមុទ្រប៉ាស៊ីហ្វិក៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា